ការ​ស្ទង់មតិ​បង្ហាញ​ថា​ជនជាតិ​អាហ្រ្វិក​ចាត់​ទុក​ប្រទេស​ចិន​ជា​ឥទ្ធិពល​វិជ្ជមាន

រូបឯកសារ៖ ប្រធានាធិបតី​ចិន​លោក Xi Jinping (ស្ដាំ) និង​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង​លោក Cyril Ramaphosa ​​​និយាយ​គ្នា​នៅ​មុន​​​ជំនួប​របស់​ពួកគេ​ទាំង​ពីរ​ នៅ​ក្នុង​ទីក្រុង​ Pretoria ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៨។

ការ​ស្ទង់មតិ​សាធារណៈ​សកល​ថ្មី​មួយ​លើ​ប្រជាជន​ក្នុង​ ២៥ ​ប្រទេស​ បាន​បង្ហាញ​ពី​ការគាំទ្រ​ធ្លាក់​ចុះ​ខ្លាំង​សម្រាប់​ប្រទេស​ចិន​ ទោះ​បី​ជា​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​នៅតែ​មាន​ប្រជាប្រិយភាព​ក្នុង​ប្រទេស​ជាច្រើន​នៅ​ទិ្វបអាហ្រ្វិក​ ដែលនៅ​ទីនោះ​ ​ខ្លួន​កំពុង​ប្រជែង​យក​ឥទ្ធិពល​ជាមួយ​នឹង​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ក្តី។

ការ​ស្ទង់​មតិ​ដោយ​គម្រោង​សកលនិយម​ YouGov-Cambridge ដែល​មាន​ទីតាំង​នៅ​ប្រទេស​អង់គ្លេស​ ត្រូវបាន​ធ្វើឡើងពី​ចន្លោះ​ខែ​សីហា​ដល់​ខែកញ្ញា​ ឆ្នាំ ២០២២ ហើយ​បាន​ស្ទង់​មតិ​ប្រជាជន​ប្រមាណ​ ១.០០០ ​នាក់​ ក្នុង​ប្រទេស​នីមួយៗ​នៅ​ជំុវិញ​ពិភពលោក ក្នុង​នោះ​រួមមាន​ប្រទេស​អាហ្រ្វិក​ធំៗ​បី​ដូចជា ប្រទេស​នីហ្សេរីយ៉ា ប្រទេស​កេនយ៉ា និង​អាហ្រ្វិក​ខាងត្បូង​ផងដែរ។ ការ​ស្ទង់មតិ​នោះ​បាន​សួរ​មតិ​ប្រជាជន​អំពី​ប្រទេស​ចិន​ សហរដ្ឋ​អាមេរិក ​និង​កោះ​តៃវ៉ាន់។

ទិន្នន័យ​បាន​បង្ហាញ​ថា​ នៅភាគ​ខាង​លិច ការ​គាំទ្រ​សម្រាប់​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ​ខ្លាំង​ក្នុង​រយៈពេល​បួន​ឆ្នាំ​ចុងក្រោយ។ មូលហេតុ​មួយ​អាច​បណ្តាល​មក​ពី​ជំងឺ​រាតត្បាត​កូវីដ១៩។

នៅពេលត្រូវ​បាន​សួរ​ថាតើ​ជំងឺ​កូវីដ១៩ ផ្ទុះ​ចេញ​ពី​ប្រភព​ណា ពួកគេ​ជាច្រើន​នាក់​បាន​បន្ទោស​ប្រទេស​ចិន។

មនុស្ស​កាន់​តែ​ច្រើន​នៅ​ក្នុងទ្វីប​អាហ្វ្រិក​ជឿ​ថា ប្រទេស​ចិន​គឺ​ជា​ឥទ្ធិពល​វិជ្ជមាន​ទៅ​លើ​ពិភពលោក នេះ​បើ​ធៀប​ជាមួយ​នឹង​ប្រជាជន​នៅ​ប្រទេសលោក​ខាង​លិច​។ នេះ​បើយោង​តាម​ការ​ស្ទង់មតិ​មួយ​របស់​វិទ្យាស្ថាន YouGov-Cambridge Globalism Project ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស។

ដោយ​ឡែក​នៅ​ទ្វីប​អឺរ៉ុប​វិញ នៅពេល​ត្រូវ​បាន​សួរ​ថា​តើ​ប្រទេស​ចិន «មាន​ឥទ្ធិពល​វិជ្ជមាន ​ឬ​អវិជ្ជមាន​ជា​ទូទៅ​លើ​កិច្ចការ​ពិភពលោក» មាន​តែ​ ១៧% ​នៃ​អ្នក​ស្ទង់​មតិ​នៅ​ប្រទេស​បារាំង​ប៉ុណ្ណោះ​ ឆ្លើយ​ថា ​វិជ្ជមាន។ នេះ​ជា​ការធ្លាក់ចុះ​ពី​ ៣៦%​ ក្នុង​ការ​ស្ទង់មតិ​លើក​ទី ១ កាលពី​ឆ្នាំ​ ២០១៩។ តួលេខ​នេះ​កាន់តែ​ទាប​នៅ​ប្រទេស​អាល្លឺម៉ង់ គឺ​ត្រឹម​តែ​១៣% ដែល​ធ្លាក់ចុះ​ពី​ ៣០%​ កាល​ពី​បួន​ឆ្នាំ​មុន។

បណ្តា​ប្រទេសលោក​ខាង​លិច​ភាគច្រើនមាន​ការ​ឆ្លើយ​តប​ដូច​នឹង​និន្នាការ​នេះ​ ក៏​ប៉ុន្តែ​វា​មាន​ភាព​ខុសគ្នា​បន្តិច​នៅ​អាហ្រ្វិក ទី​ដែល​ប្រទេស​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ទ្វីប​នេះ។

ទោះ​បី​ជា​ចំណាត់​ថ្នាក់​ទូទៅ​របស់​ចិន​ធ្លាក់ចុះ​បន្តិច​ក្នុង​រយៈពេល​បួន​ឆ្នាំ​នៅ​ប្រទេស​នីហ្សេរីយ៉ា​និង​អាហ្រ្វិកខាងត្បូង​ក្តី​ ក៏​ទូទាំង​ទ្វីបនេះ​គេ​នៅតែយល់​ថា​ប្រទេស​ចិន​ជា​កម្លាំង​វិជ្ជមាន​មួយ។ ការ​ឆ្លើយ​តប​ប្រមាណ​ ៦១% នៅ​អាហ្វ្រិក​ខាងត្បូង​ចាត់​ទុក​ឥទ្ធិពល​របស់​ប្រទេស​ចិន​ក្នុង​ពិភពលោក​ជា​ភាព​វិជ្ជមាន។ ការ​គាំទ្រ​ប្រទេស​ចិន​នៅ​កេនយ៉ាន​គឺ​ខ្ពស់​ជាង​នេះ​ប្រមាណ​ ៨២% ហើយ​នៅ​ប្រទេស​នីហ្សេរីយ៉ា ប្រមាណ​ ៨៣% ដែល​ជា​តួលេខ​ខ្ពស់​បំផុត​ក្នុង​ចំណោម​ប្រទេស​ទាំង​បី។

ទោះ​បីជា​ទីក្រុង​ប៉េកាំង​បាន​ផ្តល់​កម្ចី​ឥតសំណង​និង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំ​ ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​ (BRI) ការ​គាំទ្រ​របស់​ជនជាតិ​អាហ្រ្វិក​ដល់​សហរដ្ឋអាមេរិក​នៅតែ​ខ្ពស់​ជាង​ចិន​បន្តិច។ នៅ​អាហ្រ្វិក​ខាងត្បូង ប្រជាជន​ចំនួន​ ៦៩%​ ដែល​ត្រូវបាន​សម្ភាស​ យល់​ឃើញ​ថា​ សហរដ្ឋ​អាមេរិក​ជា​កងកម្លាំង​វិជ្ជមាន​ជា​ទូទៅ ហើយ​ប្រមាណ ៨៨% នៅ​ប្រទេស​កេនយ៉ា​និង​នីហ្សេរីយ៉ា យល់​ឃើញ​ដូច្នេះ។​

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden (ស្ដាំ) និង​ប្រធានាធិបតី​ចិន​លោក Xi Jinping ចាប់​ដៃ​គ្នា ខណៈ​ដែល​ពួកគេ​ទាំង​ពីរ​នាក់​ជួប​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​បន្ទាប់បន្សំ​ពី​កិច្ចប្រជុំ​កំពូល​ G-20 នៅ​ឯ​រមណីយដ្ឋាន Nusa Dua នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រទេស​មហាអំណាច​ដែល​គេ​ពេញចិត្ត

នៅក្នុង​សំណួរ​ដាច់​ដោយឡែក​មួយ​ថា​ តើ​ប្រទេស​មួយណា ចិន​ឬ​សហរដ្ឋអាមេរិក ដែល​ពួកគេ​ពេញ​ចិត្ត​ឲ្យ​ក្លាយជា​មហាអំណាច​សកល​លោក ប្រទេស​ចំនួន​ ២០ ​ក្នុង​ចំណោម ​២៥ ​ប្រទេស ជ្រើសរើស​សហរដ្ឋ​អាមេរិក រួមមាន​ប្រទេស​អាហ្រ្វិក​បួន​ក្នុង​អត្រា​ខ្ពស់។ ៧៧%​ នៃ​ប្រជាជន​នីហ្សេរីយ៉ា​ ៨០% នៃ​ជនជាតិកេនយ៉ា ៥៩%នៃ​ជនជាតិ​អាហ្រ្វិកខាងត្បូង បាន​ជ្រើសរើស​សហរដ្ឋ​អាមេរិក ជា​ប្រទេស​មហា​អំណាច​ដែល​ខ្លួន​ពេញចិត្ត។

លោក Joel Rogers de Waal នាយក​កម្មវិធី​សិក្សា​នៃក្រុមហ៊ុន​ YouGov បាន​ប្រាប់​វីអូអេ​ថា៖ «លទ្ធផល​ពី​ប្រទេស​អាហ្រ្វិក​ក្នុង​ការ​ស្ទង់មតិ​នេះ​លេចធ្លោ​ ដោយសារ​វា​បាន​ឆ្លុះ​បញ្ចាំង​ពី​ទស្សន​វិជ្ជមាន​ចំពោះ​ទាំង​អាមេរិក​និង​ចិន ក្នុង​នាម​ជា​ប្រទេស​មាន​តួនាទី​សំខាន់​លើ​ឆាក​អន្តរជាតិ»។

លោក​ថ្លែង​បន្ថែម​ថា៖ «ទោះ​យ៉ាង​ណា ជាមួយ​គ្នា​នេះ​ដែរ វា​បង្ហាញ​ពី​ការ​ពេញចិត្ត​ជាក់ច្បាស់​លើ​អាមេរិក​ ជា​ជាង​ប្រទេស​ចិន​ ក្នុងការ​គ្រប់គ្រង​តំណែង​ជា​មហា​អំណាច ដែល​ទំនង​ចោទ​សួរ​ជា​សំណួរ​គួរឲ្យ​ចាប់អារម្មណ៍​មួយ​ចំនួន​លើ​វឌ្ឍនភាព​នៃ​អំណាចទន់​របស់​ចិន​ក្នុង​តំបន់​អាហ្រ្វិក។

មួយ​វិញ​ទៀត សម្រាប់​សំណួរ​ជាក់លាក់​ជាង​នេះ​ សហរដ្ឋ​អាមេរិក​មិនសូវ​ទទួល​បាន​ការ​ពេញចិត្ត​ច្រើន​ឡើយ។ ឧទាហរណ៍ នៅពេលសួរ​ថា​តើ​ប្រទេស​មួយ​ណា​មាន​អាកប្បកិរិយា​« គំរាមកំហែង​» ក្នុង​សកលលោក អ្នក​ស្ទង់​មតិ​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ទាំង​បី​ យល់​ថា អាមេរិក​មាន​ចរិក​គំរាម​កំហែង​ជាង​ចិន។

លទ្ធផល​ក៏​មាន​ភាព​ស្រដៀង​គ្នា សម្រាប់សំណួរ​ថា​តើ​ប្រទេស​ណា «បាន​ផ្តល់​ការ​គាំទ្រ​យោធា​ទៅ​កាន់​ភាគី​មួយ ហើយ​មិន​ផ្តល់​ឲ្យ​ផ្សេងទៀត ក្នុង​សង្រ្គាម​ស៊ីវិល​បរទេស​ ដែល​បណ្តាល​ឲ្យ​មាន​ការ​ខូចខាតច្រើន ជា​ជាង​ផ្តល់​ប្រយោជន៍​ដល់​ប្រជាជន​ក្នុង​ប្រទេសនោះ»។

ជនជាតិ​អាហ្រ្វិក​បាន​បន្ទោស​សហរដ្ឋ​អាមេរិក ជា​ជាង​ប្រទេស​ចិន។ ហើយ​បើ​និយាយ​ពី​ការ​សង្ស័យ​លើ​ការជ្រៀតជ្រែក​ក្នុង​ដំណើរការ​បោះឆ្នោត​ជាតិ​នៅ​តាម​បណ្តា​ប្រទេស​ផ្សេងៗវិញ​ លទ្ធផល​នៃ​ការ​ស្ទង់​មតិ​កាន់តែ​អាក្រក់​សម្រាប់​សហរដ្ឋ​អាមេរិក​ ជាជាង​ចិន។

ទោះ​បីជា​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​បាន​ព្រមាន​អាហ្វ្រិកនិ​ង​ពិភពលោក​ខ្លាំង​ឡើងៗ​អំពី​ការ​គំរាម​កំហែង​នៃ​ការតាមដាន​និង​ចារកម្មរបស់ជ​នជាតិ​ចិន​ អ្នក​ស្ទង់​មិត​ពី​ប្រទេស​អាហ្រ្វិក​ខាងត្បូង​និង​ប្រទេស​នីហ្សេរីយ៉ា បាន​បន្ទោស​សហរដ្ឋ​អាមេរិក​ច្រើន​សម្រាប់​ការ​វាយ​ប្រហារ​តាម​អ៊ិនធឺណិត។

រូបឯកសារ៖ ប្រធាន​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក​អ្នកស្រី Nancy Pelosi ជួប​ជាមួយ​នឹង​ប្រធានាធិបតី​កោះ​តៃវ៉ាន់​អ្នកស្រី Tsai Ing-wen នៅ​ឯ​ខុទ្ធកាល័យ​ប្រធានាធិបតី​ក្នុង​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ ថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២២។

សំណួរ​អំពី​តៃវ៉ាន់

ខណៈ​ប្រទេស​ចិន​មាន​ប្រជាប្រិយភាព​ជាង​ក្នុង​ចំណោម​ប្រទេស​នៅ​ទ្វីប​អាហ្រ្វិក​និង​បណ្តា​ប្រទេស​នៅ​ភាគ​ខាងត្បូង​សកល​លោក​ ដែល​ត្រូវបាន​ស្ទង់មតិ​ជាង​បណ្តា​ប្រទេស​លោក​ខាងលិច​ក្តី ក៏​ការ​គាំទ្រ​នេះ​មិន​មែន​គ្មាន​លក្ខខណ្ឌ​នោះ​ទេ។​ ការ​ស្ទង់មតិ​ត្រូវបាន​ធ្វើ​អំឡុង​ពេល​ដែល​អ្នកស្រី Nancy Pelosi ប្រធាន​រដ្ឋសភា​អាមេរិក បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ដ៏​ចម្រូង​ចម្រាស​ទៅកាន់​កោះ​តែវ៉ាន់។ តាំងពី​ពេល​នោះ​មក រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​បាន​ព្រមាន​ថា​ ប្រទេស​ចិន​អាច​នឹង​កាន់កាប់​តៃវ៉ាន់​ឆាប់​ជាង​ការរំពឹង​ទុក។

នៅ​ទីក្រុង​ប៉េកាំង អំឡុង​សមាជ​បក្សកុម្មុយនីស្តចិន ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​និយាយ​ថា​ លោក​បាន​ត្រៀម​ជម្រើស​ដែល​នឹង​ចាត់ «វិធានការ​ចាំបាច់​ទាំង​អស់» លើ​បញ្ហា​នៅ​កោះតៃវ៉ាន់។

សមាជ​បក្ស​កុម្មុយនីស្ត​ចិន​នោះ​ត្រូវបាន​ធ្វើ​ឡើង​ប្រាំ​ឆ្នាំ​ម្តង។ ស្រប​ពេល​ដែល​រដ្ឋាភិបាល​អាហ្រ្វិក​មួយ​ចំនួន​ធំ​គ្មាន​ទំនាក់​ទំនង​ការទូត​ជាមួយ​នឹង​រដ្ឋាភិបាល​កោះតៃប៉ិ​ ហើយគាំទ្រ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ដែល​ចាត់ទុក​កោះ​តៃវ៉ាន់ជាផ្នែក​មួយ​នៃ​ប្រទេស​ចិន ការ​ស្ទង់មតិ​បង្ហាញ​ថា​ ជនជាតិ​អាហ្រ្វិក​សាមញ្ញ​មាន​មតិ​ខុសពី​មេដឹកនាំ​នយោបាយ​ក្នុង​ប្រទេស​របស់​ពួកគេ​លើ​បញ្ហានេះ។ ការស្ទង់​មតិ​បាន​សួរ​ថា «បើសិន​ជា​ប្រទេស​ចិន​ប្រើ​កម្លាំង​ប្រឆាំង​នឹង​តៃវ៉ាន់ តើ​អ្នកគិត​ថា​ប្រទេស​ផ្សេងទៀត​គួរ​តែ​ផ្តល់​ជំនួយ​ឬទេ?»។

ជនជាតិ​នីហ្សេរីយ៉ា​ប្រមាណ ​៦០%​ យល់​ថា​ ជំនួយ​គួរ​តែ​ផ្តល់​ឲ្យ​តៃវ៉ាន់ ខណៈ​ជនជាតិ​កេនយ៉ា​ ៦៣% និង​ជនជាតិ​អាហ្រ្វិកខាងត្បូង ៤៧% យល់ស្រប​ដូចគ្នា។​ តួលេខ​នេះ​ខ្ពស់​ជាង​តួលេខ​នៅ​តាម​បណ្តា​ប្រទេស​លោកខាងលិច​មួយ​ចំនួន។​ ជាក់ស្តែង ជនជាតិ​បារាំង​ត្រឹម​តែ​ ៣៨%​ ដែល​ត្រូវបាន​ស្ទង់មតិ​ និយាយ​ថា​ ជំនួយ​គួរ​តែ​ផ្តល់​ឲ្យ​កោះ​តៃវ៉ាន់ ហើយ​ត្រឹម​តែ​ ៥២% ​នៃ​អ្នក​ឆ្លើយ​តប​នៅ​សហរដ្ឋអាមេរិក​យល់ស្រប​ដូចនេះ។

ទិន្នន័យ​បង្ហាញ​ថា​ នយោបាល​សកល​មិន​មែន​ទ្វេភាគ​ ដូច​មនុស្ស​មួយ​ចំនួន​ជឿ​នោះ​ទេ។ ដូចដែល​ការ​ស្ទង់​មតិ​នេះ​បង្ហាញ​ច្បាស់ ពលរដ្ឋ​សាមញ្ញ​ក្នុង​ទ្វីបអាហ្រ្វិក​អាច​មើល​ឃើញ​ថា ​ប្រទេស​ចិន​ជា​កម្លាំង​វិជ្ជមាន​ទូទៅ​ក្នុង​ពិភពលោក ខណៈពួកគេ​ក៏​បារម្ភ​អំពី​គោល​នយោបាយ​របស់​ចិន​មួយ​ចំនួន ហើយ​បង្ហាញ​ជំហរ​គាំទ្រ​ដល់​ការ​ការពារ​កោះតៃវ៉ាន់​ផងដែរ៕

ប្រែសម្រួល​ដោយកញ្ញា ទុំ ម្លិះ