ការ​ដោះលែង​ឲ្យរួច​ខ្លួន​​ក្នុងសំណុំ​រឿង​សិទ្ធិមនុស្ស​ដ៏សំខាន់​នៅ​តួកគី​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល

អ្នកស្រី Mucella Yapici ដែលជាជនជាប់ចោទម្នាក់ត្រូវបានដោះលែង ធ្វើការអបអរសាទរនៅតុលាការ នៅក្រុង Silivri ប្រទេសតួកគី កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។

តុលាការ​ក្នុង​ទីក្រុង​អ៊ីស្តាន់ប៊ូល​បាន​ដោះ​លែង​មហាសេដ្ឋី​ អូស្មាន់ កាវ៉ាឡា ​ដែល​ជាប់ ចោទ​បទ​ប៉ះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​។ ការ​កាត់ទោស​បាន​បញ្ចប់​ទៅ​ដោយ​មានការចាប់​អារម្មណ៍​ពី​អន្តរជាតិ​ដែល​ថា​ នេះ​ជា​តេស្ត​នៃ​សិទ្ធិសេរីភាព​ពលរដ្ឋ​ក្នុង​ប្រទេស តួកគី។

លោកកាវ៉ាឡា ​និង​ជនជាប់​ចោទ​៨នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ដោះលែង​ឲ្យរួច​ខ្លួន​ពីបទ ចោទ​ទាំង​អស់​ដែរ​ដោយសារ​គ្មាន​ភស្តុតាង​គ្រប់​គ្រាន់។ ​បន្ទប់​តុលាការ​តូច​ចង្អៀត​ត្រូវ គេ​ទះដៃ​ ហ៊ោ​កញ្ច្រៀវ​នៅពេល​ដែល​សាលក្រមបាន​ប្រកាស​ឡើង។

តុលាការ​បាន​ដោះលែង​មនុស្ស​ ៩នាក់​មែន​ តែ​សំណុំ​រឿង​មនុស្ស​៧នាក់​ផ្សេង​ទៀត ដែល​ចាក​ចេញ​ពី​ប្រទេស​ហើយ​ត្រូវ​បាន​កាត់ទោស​កំបាំង​មុខ​នោះនឹងនៅ​បន្ត​កាត់ទោស​នៅ​ពេល​ក្រោយ​ តែ​ដីកា​ប្រកាស​ស្វែង​រក​ចាប់​ខ្លួន​ពួកគេ​ត្រូវបាន​គេ​លើក​រួចហើយ។ ​លោក អូស្មាន់ កាវ៉ាឡា​ ត្រូវបាន​គេ​ចោទ​ប្រកាន់​កាលពី​ឆ្នាំ​២០១៣ ​ថា​បាន គាំទ្រ​និង​រៀបចំ​បាតុកម្ម​ទូទាំង​ប្រទេស​ប្រឆាំង​នឹង​លោក​នាយក​រដ្ឋមន្ត្រី ​Recep Tayyip Erdogan ​ដែល​ពេលនេះ​លោក​គឺជា​ប្រធានាធិបតី។ ​

លោក ​ខែន អាតាល័យ​ ជាជនជាប់​ចោទ​ម្នាក់​បាន​និយាយ​នៅ​ខាង​ក្រៅគុក​ Istanbul Silivri ​ដែល​គេឃុំ​លោក​ថា​យើង​មាន​ការ​ភ្ញាក់​ផ្អើល។​ យើង​សង្ឃឹម​ថា​រឿងរ៉ាវ​នឹង​ផ្លាស់ប្តូរ​ល្អ​ប្រសើរ​ក្នុង​ប្រទេស​យើង ហើយ​ជា​ការពិតនោះ​គឺ​ដោយ​សារការ​តស៊ូ​របស់​យើង។ ​នេះជា​ការ​ពោល​ទៅ​កាន់ ក្រុម​អ្នក​គាំទ្រ​ដែល​ទះដៃ​អប​អរ​សារទរ​លោក៕