ចៅក្រមតុលាការកំពូល នៅថ្ងៃព្រហស្បតិ៍ បានសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ ដោយតម្រូវឱ្យលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បង់សងសំណងសរុបជាង១លានដុល្លារអាមេរិកទៅគណបក្សកាន់អំណាច និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
នេះជាសំណុំរឿង«បរិយាកេរ្តិ៍ជាសាធារណៈ»ពាក់ព័ន្ធនឹងការរិះគន់របស់លោក សុន ឆ័យ លើភាពមិនប្រក្រតីនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំមុន។
នៅក្នុងសវនាការនៅថ្ងៃព្រហស្បតិ៍នេះ លោក ជីវ កេង អនុប្រធានតុលាការកំពូល និងជាប្រធានចៅក្រមជំនុំជម្រះ បានប្រកាសថា តុលាការបដិសេធបណ្តឹងសារទុក្ខរបស់មេធាវី ជូង ជូងី ដែលការពារក្តីឱ្យលោក សុន ឆ័យ និងបានតម្តល់សាលដីការបស់សាលាឧទ្ធរណ៍លើសំណុំរឿង«បរិហារកេរ្តិ៍ជាសាធារណៈ» ចាត់ទុកជាបានការដដែល។
ក្រោយពីការប្រកាសសាលាដីកាលោក ជូង ជូងី ប្រាប់អ្នកសារព័ត៌មានយ៉ាងខ្លីថា៖ «តុលាការកំពូលសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ដដែល»។
ចំណែកនៅក្នុងបន្ទប់សវនាការមានវត្តមានមេធាវី ជូង ជូងី ការពារក្តីឱ្យលោក សុន ឆ័យ មេធាវី គី តិច ការពារក្តីឱ្យគណបក្សប្រជាជនកម្ពុជា និងមេធាវីការពារឱ្យគណៈកម្មការជាតិរៀបចំការបោះឆ្នោត ប៉ុន្តែមិនឃើញមានវត្តមានលោក សុន ឆ័យ ទេ។
បើតាមសាលដីការបស់សាលាឧទ្ធរណ៍ កាលពីខែធ្នូ ឆ្នាំ២០២២ តុលាការបានសម្រេចពិន័យ លោក សុន ឆ័យ ចំនួន១០លានរៀលបង់ចូលរដ្ឋ និងសងជំងឺចិត្តទៅគណបក្សប្រជាជនកម្ពុជាចំនួន ៤ពាន់លានរៀល ឬប្រហាក់ប្រហែល១លានដុល្លារអាមេរិក និងសម្រេចពិន័យ ១០លានរៀលចូលថវិកាជាតិផ្សេងទៀតទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
គួរបញ្ជាក់ថា កាលពីពេលកន្លងទៅ សាលាដំបូងរាជធានីភ្នំពេញក៏បានចេញដីកាមួយបង្គាប់ឱ្យរឹបអូសទ្រព្យសម្បតិ្តជាអចលនវត្ថុពីរកន្លែងរបស់ លោក សុន ឆ័យ ទុកជាបណ្តោះអាសន្ន។ ការសម្រេចនេះធ្វើឡើងទៅតាមសំណើរបស់មេធាវីគណបក្សប្រជាជនកម្ពុជា ក្រោមហេតុផលថា លោក សុន ឆ័យ មានចិត្តរឹងទទឹង មិនគោរពទៅតាមច្បាប់ និងគ្មានឆន្ទៈនៅក្នុងការបង់សងជំងឺចិត្តទៅតាមអ្វីដែលតុលាការបានសម្រេច។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពី លោក សុន ឆ័យ បាននៅឡើយទេ។
ប៉ុន្តែលោក សុន ឆ័យ ធ្លាប់ប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីលោកចេញពីតុលាការកំពូល កាលពីសប្តាហ៍មុនថា ទាក់ទងនឹងការរឹបអូសអចលវត្ថុរបស់លោក និងការបង្គាប់ឱ្យបង់សំណងទៅឱ្យគណបក្សប្រជាជនកម្ពុជា និងស្ថាប័នរៀបចំការបោះឆ្នោតនោះ គឺលោកនឹងទុកឱ្យមេធាវីចាត់ចែងការងារនេះ។ លោកបន្ថែមថា លោកធ្វើការបម្រើប្រទេសជាតិ មិនមែនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ។
មេធាវីការពារក្តីឱ្យ លោក សុន ឆ័យ គឺ លោក ជូង ជូងី សុំមិនធ្វើការអត្ថាធិប្បាយអ្វីបន្ថែម ពេលវីអូអេទាក់ទងទៅ។
ចំណែកលោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចាត់ទុកថា ការសម្រេចរបស់តុលាការកំពូលគឺយុត្តិធម៌សម្រាប់ស្ថាប័នរៀបចំការបោះឆ្នោត ដែលបង្ហាញថា គណៈកម្មការជាតិរៀបចំការបោះឆ្នោត ពិតជាមិនបានលួចបន្លំសន្លឹកឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នោះទេ។
លោកប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា៖ «ការសម្រេចរបស់តុលាការកំពូល គឺជាការសម្រេចមួយដែលផ្តល់យុត្តិធម៌ឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាស្ថាប័នចាត់ចែង គ្រប់គ្រងការបោះឆ្នោត ដូចមានចែងក្នុងមាត្រា១៥០ថ្មីពីរនៃរដ្ឋធម្មនុញ្ញ»។
គួរបញ្ជាក់ថា លោក សុន ឆ័យ ត្រូវបានអយ្យការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ ដែលចែងថា ការបរិហាកេរ្តិ៍ជាសាធារណៈត្រូវពិន័យជាប្រាក់ពី១០ម៉ឺនរៀលទៅ១០លានរៀល ដោយមិនគិតពីសំណងជំងឺចិត្តដែលដើមចោទទាមទារ។ ការចោទប្រកាន់នេះពាក់ព័ន្ធនឹងការថ្លែងរបស់លោក ដោយមានប្រើពាក្យពេចន៍មួយចំនួន ដូចជាថា«លទ្ធផលនេះមិនឆ្លុះបញ្ចាំងអំពីឆន្ទៈប្រជាពលរដ្ឋ។ វាមានការបំភ័យ វាមានការទិញ វាមានការលួចបាននៅសល់ប៉ុណ្ណឹង»។
លោក សុន ឆ័យ តែងតែបញ្ជាក់ថា លោកមិនចង់ឱ្យមានការធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត ទើបធ្វើការតស៊ូមតិនយោបាយបែបនេះ ដើម្បីធ្វើឱ្យប្រព័ន្ធបោះឆ្នោតនៅកម្ពុជា មានភាពល្អប្រសើរ៕
តុលាការកំពូលតម្កល់សេចក្តីសម្រេចសាលាឧទ្ធរណ៍លើលោក សុន ឆ័យ ក្នុងសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈ
ភ្នំពេញ —