«ខ្ញុំទ្រាំ៦-៧ខែ ដើម្បីថាប្ដីរបស់ខ្ញុំលែងថ្ងៃនេះ មកដល់ថ្ងៃនេះអត់ដោះលែងទេ គ្រួសារខ្ញុំទាំងអស់គ្នាធ្លាក់ក្រលំបាក ហូបបាយក៏មិនចង់បានផង ខ្ចីបុលគេគ្រប់កន្លែង។ សម្លាប់ខ្ញុំទាំងអស់គ្នា ចាក់សាំងដុតគ្រួសារខ្ញុំទាំង៥គ្រួសារហ្នឹងតែម្ដងទៅ»។
នេះជាសំឡេងស្រែកទ្រហោយំរបស់ក្រុមគ្រួសារមន្ត្រីការពារសិទ្ធិមនុស្សអាដហុក និងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទាំង៥រូប បន្ទាប់ពីតុលាការកំពូលបានច្រានចោលបណ្ដឹងសុំនៅក្រៅឃុំរបស់ពួកគេ និងសម្រេចឲ្យសាលាដំបូងរាជធានីបន្តការឃុំខ្លួនដើម្បីស៊ើបសួរ។
ទាំងក្រុមគ្រួសារ មន្ត្រីការពារសិទ្ធិមនុស្ស និងមេធាវី សុទ្ធតែលើកឡើងថា ការសម្រេចនេះមានភាពអយុត្តិធម៌ និងមានលក្ខណៈនយោបាយ។
មន្ត្រីសមាគមអាដហុកបួនរូបរួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងលោកស្រី លឹម មុនី ចំណែក លោក នី ចរិយា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួនអស់រយៈពេលជិត៨ខែមកហើយ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយកោះហៅពួកគេទៅសាកសួរពាក់ព័ន្ធនឹងបទសូកប៉ាន់សាក្សី ក្នុងសំណុំរឿងអាស្រូវស្នេហារបស់លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ជាមួយនារីកាត់សក់វ័យក្មេងម្នាក់កាលពីចុងខែមេសា។
ក្នុងពេលប្រកាសសាលដីកានៅតុលាការកំពូល នាព្រឹកថ្ងៃពុធ ទី៣០ ខែវិច្ឆិកា នេះ ក៏មានការចូលរួមឃ្លាំមើលពីមន្រ្តីស្ថានទូត មន្ត្រីអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិមួយចំនួនផងដែរ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោកស្រី គិម សត្ថាវី បានប្រកាសតម្កល់សាលដីកាសាលាឧទ្ធរណ៍ដែលសម្រេចបន្តឃុំខ្លួនមន្ត្រីអាដហុក និងមន្ត្រី គ.ជ.ប ទាំង៥រូប ទុកជាបានការ ដោយបញ្ជាក់មូលហេតុថា ការលើកឡើងរបស់សាលាដំបូងរាជធានី និងសាលាឧទ្ធរណ៍ដែលថាការដោះលែងឲ្យអ្នកទាំង៥នៅក្រៅឃុំនឹងធ្វើឲ្យមានអសន្តិសុខក្នុងសង្គមជាការត្រឹមត្រូវ និងដើម្បីកុំឲ្យមានការត្រូវរ៉ូវគ្នារវាងជនជាប់ចោទ និងអ្នកសមគំនិត។
ក្នុងសវនាការនៅតុលាការកំពូលលើបណ្ដឹងសុំនៅក្រៅឃុំរបស់មន្ត្រីទាំង៥រូប កាលពីថ្ងៃ២៤ ខែវិច្ឆិកា នេះ អ្នកទាំង៥ បានលើកឡើងពីមូលហេតុនៃការសុំនៅក្រៅឃុំថាពួកគេកំពុងមានជំងឺ និងត្រូវមើលថែគ្រួសារ ព្រមទាំងបានអះអាងថា ពួកគេនឹងគោរពតាមការកោះហៅរបស់តុលាការដើម្បីសួរនាំ ដាក់ប្រាក់ និងលិខិតឆ្លងដែនតម្កល់ ដើម្បីធានាថាពួកគេនឹងមិនអាចចាកចេញពីប្រទេសកម្ពុជាជាដើម។
ក្រោយការប្រកាសសាលដីកា ក្រុមគ្រួសាររបស់មន្ត្រីទាំង៥រូបបានស្រែកទ្រហោយំ ស្របពេលដែលមន្ត្រីអាដហុក៤រូបស្រែកថា តុលាការសម្រេចសាលដីកាដោយភាពអយុត្តិធម៌ជាប្រព័ន្ធ។
លោក ណៃ វ៉ង់ ដា មន្ត្រីការពារសិទ្ធិមនុស្សសមាគមអាដហុក ដែលកំពុងរងការចោទប្រកាន់ និងឃុំខ្លួន ប្រាប់អ្នកសារព័ត៌មានថា តុលាការចោទប្រកាន់ និងឃុំខ្លួនពួកលោកដើម្បីធ្វើជាចំណាប់ខ្មាំងនយោបាយ ដូច្នេះលោកគ្មានសង្ឃឹមថាតុលាការអាចផ្ដល់យុត្តិធម៌ដល់ពួកលោកបាននោះទេ។
«រឿងធំបំផុតគឺនៅលើនាយករដ្ឋមន្ត្រីទេ លែង ឬក៏មិនលែងនោះ តុលាការគ្មានសិទ្ធិអំណាចអីក្នុងការលែង ឬក៏មិនលែងដែរ ព្រោះគាត់ក៏នៅក្រោមអំណាចរបស់អំណាចក្រសួងយុត្តិធម៌ដែរ ហើយក្រសួងយុត្តិធម៌ក៏ស្ថិតក្រោមអំណាចរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីដែរ ហើយទីស្ដីការគណៈរដ្ឋមន្ត្រីក៏ស្ថិតនៅក្រោមអំណាចលោកនាយករដ្ឋមន្ត្រីដែរ។ ដូច្នេះយើងមិនបាច់ឆ្ងល់ទេ គ្មានតុលាការឯករាជ្យទេនៅស្រុកខ្មែរ គ្មានតុលាការដែលធ្វើការប្រសិទ្ធភាពយុត្តិធម៌ដល់ប្រជាពលរដ្ឋទូទៅទេ។ នៅក្នុងពន្ធនាគារយើងបានព័ត៌មានថាអ្នកជាប់ទោសភាគច្រើនណាស់គឺជាអ្នកល្អបរិសុទ្ធត្រូវបានគេកាត់ក្ដីទាំងអយុត្តិធម៌ ហើយដាក់ក្នុងពន្ធនាគារ»។
អ្នកស្រី យ៉ែម ចន្ថា ភរិយារបស់លោក នី ចរិយា ដែលកំពុងចិញ្ចឹមកូនបីនាក់ដោយប្រាក់ខែស្វាមីជាអគ្គលេខាធិការរង គ.ជ.ប លើកឡើងថា កូនៗរបស់អ្នកស្រីនឹងត្រូវឈប់រៀន ហើយស្ថានភាពគ្រួសារ នឹងត្រូវធ្លាក់ដុនដាប ប្រសិនបើស្វាមីអ្នកស្រីត្រូវបានតុលាការកាត់ទោស។
អ្នកស្រីបន្ថែមថា អ្នកស្រីលែងមានជំនឿលើស្ថាប័នតុលាការ ថានឹងអាចផ្ដល់យុត្តិធម៌ដល់ស្វាមីរបស់អ្នកស្រីទៀតហើយ។
«បងគិតតែពីអុជធូបបន់រហូតហើយឥលូវហ្នឹង មុនមកក៏បងបន់ ម្សិលមិញក៏បងទៅព្រះអង្គដងកើ បងមិនដឹងធ្វើម៉េចទេ បងមិនដឹងនិយាយជាមួយមនុស្សយ៉ាងម៉េចទេរាល់ថ្ងៃនេះ បងមានតែអុជធូបបន់ បងដូចអស់ជំនឿ មិនដឹងស្ថាប័នអី មកដល់កំពូលហ្នឹងហើយក៏មិនដឹង អត់បានយុត្តិធម៌ទៀត មិនដឹងឲ្យទៅដល់ណាទៀត»។
លោក សំ សុគង់ មេធាវីការពារក្ដីឲ្យអគ្គលេខាធិការរង គ.ជ.ប ប្រាប់អ្នកសារព័ត៌មានថា សំអាងហេតុរបស់តុលាការទាំងជាន់ខ្ពស់ និងជាន់ទាបសុទ្ធតែជាសំអាងហេតុដែលមិនសមហេតុផល និងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងសេរីភាពរបស់កូនក្តីលោក រួមនិងមន្ត្រីសិទ្ធិមនុស្សទាំង៤រូប។
«នៅក្នុងកតិកាសញ្ញាស្ដីពីសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយហ្នឹងក៏មានចែងដែរថា ការឃុំខ្លួនមនុស្សមិនមែនដើម្បីទុកសម្រាប់តែយកមកសវនាការទេ គឺយើងត្រូវគិតអំពីសិទ្ធិរបស់គាត់ គិតអំពីសេរីភាពជាចម្បងដែលតុលាការត្រូវតែពិចារណា។ ប៉ុន្តែក្នុងសវនាការ ក្រុមមេធាវីទាំងអស់បានព្យាយាមលើកពន្យល់តាំងពីច្បាប់ជាតិ ទាំងអន្តរជាតិ ក៏ដូចជាភស្តុតាងផ្សេងៗនេះ តុលាការកំពូលហាក់ដូចជាមិនបានយកចិត្តទុកដាក់ពិនិត្យអំពីអ្វីដែលក្រុមមេធាវីលើកឡើង ហើយតម្កល់នូវសាលដីការបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ទុកជាបានការដដែល»។
លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការលីកាដូ លើកឡើងថា មន្ត្រីទាំង៥នាក់តែងតែជួយ និងជំរុញឲ្យមានការការពារសិទ្ធិមនុស្ស និងការអនុវត្តច្បាប់ ដូច្នេះ ពួកគេ មិនអាចបង្កឲ្យមានអសន្តិសុខណាមួយដូចការលើកឡើងរបស់តុលាការនោះទេ។
លោកបន្ថែមថា ការបន្តឃុំខ្លួនមន្ត្រីទាំង៥រូបគឺជារឿងនយោបាយ ដែលលោកយល់ថាគ្មានផលចំណេញអ្វីទាំងអស់សម្រាប់រដ្ឋាភិបាល។
«កន្លងមកយើងឃើញថាសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក និងបណ្ដាប្រទេសមួយចំនួនគេធ្វើការរិះគន់ ហើយគេទាមទារឲ្យមានការដោះលែងពួកគាត់ទាំងអស់ហ្នឹង ហើយរហូតទៅដល់ឈានទៅដល់ការបង្កកជំនួយដើម្បីធ្វើការអភិវឌ្ឍប្រទេសកម្ពុជាយើង។ អានេះវាប៉ះពាល់ច្រើន ដោយសារការចាប់និងការឃុំខ្លួនរបស់ពួកគាត់ហ្នឹង»។
កាលពីសប្ដាហ៍មុន បណ្ដុំអង្គការមិនមែនរដ្ឋាភិបាលជាង១០ បានហៅការបន្តឃុំខ្លួនបណ្ដោះអាសន្នលើអ្នកការពារសិទ្ធិមនុស្ស៤នាក់ និងអគ្គលេខាធិការរងម្នាក់នៃគ.ជ.ប ថា មិនស្របច្បាប់ជាតិ និងជាការអនុវត្តខុសពីបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ៕