តុលាការ​នឹង​ប្រកាសសាលដីកា​ចុង​ក្រោយ​​ដល់​លោក​​វ៉ែន វ៉ន​​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​ក្រោយ

សកម្មជនតំបន់អារ៉ែង​លោកវ៉ែន វ៉ន (ហ៊ុល រស្មី/VOA)

កាលពី​ខែ​កញ្ញា​ ​ឆ្នាំ​២០១៦​ សាលា​ឧទ្ធរណ៍​ក៏​បាន​សម្រេច​តម្កល់​ការ​កាត់​សេចក្តី​របស់​តុលាការ​ខេត្ត​កោះកុង​ ដោយ​ឱ្យ​លោក​វ៉ែន វ៉ន​ជាប់​ទោស​ពី​បទ​ «ប្រមូល​ផល​ ​អនុផល​ព្រៃ​ឈើ​ ​ដោយ​គ្មាន​លិខិត​អនុញ្ញាត»។

នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ​តុលាការ​កំពូលបាន​សម្រេច​ប្រកាស​សាលក្រម​ចុង​ក្រោយនឹង​បិទ​ផ្លូវ​តវ៉ា​ដល់​សកម្មជន​ការពារ​តំបន់​អារ៉ែង​គឺលោក​វ៉ែន វ៉ន​ ​នៅ​សប្តាហ៍​ក្រោយ​ ​បន្ទាប់​ពី​សវនាការ​ដែល​បាន​ធ្វើ​ឡើង​មិន​ដល់​មួយ​ម៉ោង​ផង​ ​ដើម្បីកាត់​សេចក្តី​អ្នក​ការពារ​បរិស្ថាន​រូប​នេះ។

លោក​វ៉ែន វ៉ន​ ដែល​ជា​តំណាង​ជនជាតិ​ដើម​ភាគ​តិច​ជង​ ​ត្រូវ​បាន​តុលាការ​ខត្ត​កោះកុង​ កាល​ពី​ខែ​មិនា​ ឆ្នាំ​២០១៦​ កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​មួយ​ឆ្នាំ ក្រោម​បទ​ចោទ​ «ប្រមូល​ផល​ អនុផល​ព្រៃ​ឈើ​ ​ដោយ​គ្មាន​លិខិត​អនុញ្ញាត»​ ប្រព្រឹត្ត​នៅ​ច្រក​ឫស្សី​ ឃុំ​ជំនាប់​ ស្រុក​ថ្មបាំង​ ខេត្ត​កោះកុង​ ដែល​បាន​ប្រព្រឹត្ត​កាល​ពីថ្ងៃ​ទី​៩​ ខែ​មករា​ ឆ្នាំ​២០១៥។​ តែ​ទោស​នោះ​ត្រូវ​ព្យួរ​គឺ​មិន​អនុវត្ត​ ​ដោយ​លោក​បាន​ជាប់​ពន្ធនាគារ​ជិត​ពាក់​កណ្ដាល​នៃ​ទោស​នេះ​រួច​ទៅ​ហើយ។​

កាលពី​ខែ​កញ្ញា​ ​ឆ្នាំ​២០១៦​ សាលា​ឧទ្ធរណ៍​ក៏​បាន​សម្រេច​តម្កល់​ការ​កាត់​សេចក្តី​របស់​តុលាការ​ខេត្ត​កោះកុង​ ដោយ​ឱ្យ​លោក​វ៉ែន វ៉ន​ជាប់​ទោស​ពី​បទ​ «ប្រមូល​ផល​ ​អនុផល​ព្រៃ​ឈើ​ ​ដោយ​គ្មាន​លិខិត​អនុញ្ញាត»នេះ។

ឈរ​នៅ​ចំពីមុខ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ អង្គ​សវនាកា​តុលាការ​កំពូល​នាព្រឹក​ថ្ងៃ​ពុធ​នេះ​ ​លោកវ៉ែន វ៉ន​បាន​ប្រាប់ អ្នកស្រី​គឹម សត្ថាវី ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ថា​ លោក​មិន​បានប្រព្រឹត្ត​ល្មើស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។​ ​លោក​ថា​ ឈើ​ដែល​លោក​ទិញ​បាន​មក​ពី​ឈ្មួញ​គឺ​ត្រូវ​យក​ទៅ​ប្រើប្រាស់​ដើម្បី​ប្រយោជន៍​សហគមន៍។​

ក្នុង​សវនាការ​ ដែល​ធ្វើឡើង​នៅ​តុលាការ​កំពូល​ដែល​មិន​អនុញ្ញាត​មិនឱ្យ​អ្នក​សារ​ព័ត៌មាន​ថត​សំឡេង​ ឬ​ថត​រូបភាព​ ​លោក​ទិត្យ ថេរ៉ូ​ ​មេធាវី​ការពារ​ក្តីលោក​វ៉ែន វ៉នបាន​ព្យាយាម​រៀបរាប់​ពី​ដំណើរ​រឿង​ ដែល​នាំ​ដល់​ការ​កាត់​ទោស​លោក​វ៉ែន វ៉ន​ នៅ​តុលាការ​ខេត្តកោះ​កុង ​តែ​ត្រូវ​អ្នកស្រីចៅក្រម​គឹម សត្ថាវី​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ បង្អាក់​ការ​ពន្យល់​របស់​លោក​ ហើយ​បាន​តម្រូវ​ឲ្យ​លោក​ផ្តល់​ការ​បក​ស្រាយ​ចំៗ​ដើម្បី​ផ្តល់​ការគាំទ្រ​ដល់​ការ​ទម្លាក់​បទ​ចោទ​ប្រកាន់​ប្រឆាំង​លោក​វ៉ែន វ៉ន។​

ទោះ​ជាយ៉ាង​នេះ​ក៏​ដោយ​ ​លោក​មេធាវី ទិត្យ ថេរ៉ូ​ បាន​ពន្យល់​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ថា សកម្ម​ភាព​ទិញ​ដូរ​ឈើ​របស់​លោក​វ៉ែន វ៉ន​មិន​មែន​ជា​បទល្មើស​ព្រហ្មទណ្ឌ​ទេ។​ ​លោក​ថា​ លោក​វ៉ែន​ វ៉ន​បាន​ប្រើ​ថវិកា​របស់​សហគមន៍របស់​លោក​ដើម្បី​ទិញ​ឈើ​មក​បម្រើ​ប្រយោជន៍​សាធារណៈ។​ លោក​ទិត្យ ថេរ៉ូ​ក៏​បាន​ស្នើឲ្យ​តុលាការ​បដិសេធ​សាលដីកា​តុលាការ​ខេត្ត​កោះកុង​ ហើយ​បង្វែរ​រឿង​ក្តី​ទៅ​កាត់​ម្តង​ទៀត​ នៅ​តុលាការ​ខេត្ត​កោះកុង។​

បន្ទាប់​ពីការ​ថ្លែង​របស់​លោក​មេធាវី​ទិត្យ​ ថេរ៉ូ​ ​អ្នកស្រីចៅក្រមគឹម សត្ថាវី​បាន​អនុញ្ញត​ឲ្យ​តំណាង​មហាអយ្យ​ការផ្តល់​ការ​យល់​ឃើញ​ចំពោះ​រឿង​ក្តីរបស់​លោក​វ៉ែន វ៉ន។​ ​តំណាង​មហា​អយ្យការ​បាន​ថ្លែង​ការពារ​សាលដីការ​របស់​សាលា​ឧទ្ធរណ៍។​ ​ក្រោយ​ស្តាប់​ការ​ថ្លែង​របស់​តំណាង​មហា​អយ្យការ​ អ្នកស្រី​ចៅក្រម​គឹម សត្ថាវី​បាន​ប្រកាស​លើក​ពេល​ចេញ​សាលដីការ​ទៅ​ថ្ងៃ​ទី​២៨​ ខែ​មិថុនា។​

យ៉ាង​ណា​ក៏​ដោយ​ ​ក្រោយ​ពី​សវនាការ​ ​លោក​វ៉ែន វ៉ន​បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​នៅ​ក្រៅ​តុលាការ​កំពូល​យ៉ាង​ដូច្នេះ​ថា៖​

«ចំពោះ​ខ្ញុំ​គឺ​ខ្ញុំ​អត់​មាន​ទោស​ទេ​ ពីព្រោះ​ខ្ញុំ​ទិញ​ឈើ​នេះ​ ជា​លក្ខណៈ​សហគមន៍។​ ខ្ញុំ​ទិញ​នេះ​ ​មិន​មែន​ដើម្បី​បម្រើ​ផល​ប្រយោជន៍បុគ្គល​ខ្ញុំ​ម្នាក់​ឯង​ទេ​គឺ​បម្រើ​ផល​ប្រយោជន៍​របស់​ប្រជាជន​ជា​សាធារណៈ។​ ហើយ​ចំពោះ​ថវិកា​ក៏ដោយ​ ក៏​មិន​មែន​ជា​ថវិកា​របស់​ខ្ញុំ​ ​មិនមែន​ជា​ថវិកា​របស់​ខ្ញុំ​ទេ គឺ​ថវិកា​របស់​សហគមន៍ បាន​ន័យ​ថា​ គឺ​ជា​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ដែល​គាត់​ចង់​បាន​អីចឹង»។​

លោក​ថ្លែង​បន្ថែម​ថា៖​

«យើង​យក​ថវិកា​ហ្នឹង​ដើម្បី​យក​ទៅ​សម្រេច​គោល​ដៅ​មួយ។​ ក្នុង​នាម​យើង​ជា​តំណាង ​គឺ​យើង​ក្នុង​នាម​តួនាទី​មួយ​គឺ​សម្រេច​គោល​ដៅ​របស់​ប្រជា​ពលរដ្ឋ​ ដែល​គាត់​តម្រូវការ​ មិន​អីចឹង?»​

លោក​អ៊ិន គង់ជិត ​មន្រ្តី​សម្រប​សម្រួល​សិទ្ធិ​មនុស្ស​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ​ប្រចាំ​ខេត្ត​កោះកុង​ ថ្លែង​ប្រាប់​ VOA​ នៅថ្ងៃ​ពុធ​នេះ​ថា​ សវនាការ​ដែល​មាន​រយៈ​ពេល​ខ្លីនេះ​ បាន​ធ្វើ​ឲ្យ​លោក​វ៉ែន វ៉ន ​និង​មេធាវីរបស់​លោក​បាត់​ឱកាស​ក្នុង​ការ​ពន្យល់​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ អំពី​អង្គហេតុ​ ដែល​នាំ​ទៅរក​ការ​វិនិច្ឆ័យ​សេចក្តី​ត្រឹមត្រូវ។ ​ក៏ប៉ុន្តែ​លោក​នៅតែ​យល់​ថា​ លោក​វ៉ែន វ៉នជា​ជន​ស្លូតត្រង់​ និង​មិន​បាន​ធ្វើកំហុស​ក្នុង​កិច្ច​អភវិឌ្ឍន៍​សហគមន៍​ជនជាតិ​ដើមភាគតិច​របស់​លោក​នោះ​ទេ។​

«គាត់​នៅ​តែ​ជា​មនុស្ស​ស្លូតត្រង់​ មនុស្ស​ល្អ​ មនុស្ស​អត់​មាន​កំហុស​ ដោយសារ​សកម្មភាព​ដែល​គាត់​បាន​ធ្វើ​កន្លង​មក​នេះ​ គាត់ទីមួយ​ គាត់​គ្មាន​គំនិត​ទុច្ច​រឹត​ ទីពីរ​គឺ​គាត់​ធ្វើ​ដោយ​ភាព​ស្មោះ​ត្រង់​នឹង​សហគមន៍​របស់​គាត់​ ដើម្បី​ឲ្យ​សហគមន៍​របស់​គាត់​មាន​ការ​អភិវឌ្ឍ​ មាន​ការ​រួម​ចំណែក​នៅ​ក្នុង​ការ​អភិវឌ្ឍ​សហគមន៍​របស់​គាត់​ ដែល​ជា​ជន​ជាតិ​ដើម​ភាគតិច​នៅ​ក្នុង​អា​រ៉ែង​ហ្នឹង»។​

បន្ថែម​លើ​ការ​កាត់​ទោស​ទាក់​ទិន​ការ​ប្រមូល​ផល អនុផល​ព្រៃ​ឈើ​ខុស​ច្បាប់​ក្នុង​ឆ្នាំ​២០១៥​ លោក​វ៉ែន វ៉ន​ក៏​រង​ការ​ប្ដឹង​ផ្ដល់​តាម​ផ្លូវ​ច្បាប់​ពី​អាជ្ញាធរ​ស្រុក​ថ្ម​បាំង​ និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​មួយ​ចំនួន​ ​ក្នុង​ខេត្ត​កោះកុង​ផង​ដែរ​ ក្រោយ​ពី​លោក​មាន​ភាព​សកម្ម​ក្នុង​ការ​ការពារ​ផល​ប្រយោជន៍​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ជង​ ​និង​បាន​ចូលរួម​ជា​មួយ​ស្ថាបនិក​ និង​ជា​នាយក​អង្គការ​«មាតា​ធម្មជាតិ»​ ​លោក​ ​Alejandro Gonzalez-Davidson ក្នុង​ការ​ការពារ​បរិស្ថាន​តំបន់​អារ៉ែង។​

លោក ​Alejandro Gonzalez-Davidson ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៥​ ​ក្រោម​ហេតុផល​ថា​ ​លោក​ស្នាក់​នៅ​ក្នុង​ប្រទេស​ហួស​ទិដ្ឋាការ​កំណត់៕