សកម្មជនការពារបរិស្ថានក្នុងតំបន់អារ៉ែង លោក វ៉ែន វ៉ន ថ្លែងនាពេលថ្មីៗនេះថា លោកនឹងចូលខ្លួនទៅតុលាការកំពូល តាមការកោះហៅរបស់តុលាការ ដើម្បីទទួលការកាត់សេចក្តី ក្នុងសំណុំប្រមូលផលអនុផលព្រៃឈើខុសច្បាប់។
តាមដីកាកោះ របស់អគ្គព្រះរាជអាជ្ញារង លោក ឈួន ចាន់ថា ចុះថ្ងៃទី ២៤ ខែ ឧសភា បានសរសេរថា លោក វ៉ែន វ៉ន ជាប់ចោទពីបទ ប្រមូលផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ប្រព្រឹត្តនៅច្រកឬស្សី ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ ២០១៥។
អគ្គព្រះរាជអាជ្ញារង លោក ឈួន ចាន់ថា បង្គាប់ឲ្យលោក វ៉ែន វ៉ន ចូលខ្លួនទៅតុលាការកំពូលនៅថ្ងៃទី ២១ ខែមិថុនា ខាងមុខ នៅវេលាម៉ោង ៨ព្រឹក ដើម្បីចូលរួមសវនាការ។
លោក វ៉ែន វ៉ន បានប្រាប់ VOA កាលពីថ្ងៃពុធថា លោកកំពុងស្វែងរកមេធាវី ដើម្បីការពារក្តី និងជួយឲ្យលោករួចផុតពីពិរុទ្ធភាព ដើម្បីអនុញ្ញាតឲ្យលោក អាចបានឈរឈ្មោះជា បេក្ខជនក្រុមប្រឹក្សា ឃុំ-សង្កាត់ឲ្យគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកថ្មបាំង។
លោកនិយាយថា លោកបានធ្វើជាសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់មួយអាណត្តិមកហើយ គឺពីឆ្នាំ ២០១២ មកដល់ឆ្នាំ ២០១៧នេះ តែអាណត្តិនេះលោកមិនអាចឈរឈ្មោះបានទេ ដោយសារលោកនៅមានទោស។
«អាណត្តិខ្ញុំអាចបានឈរជាបេក្ខជន ឈរឈ្មោះឲ្យប្រជាពលរដ្ឋបោះឆ្នោតនោះទេ ដោយសារខ្ញុំមានឈ្មោះ ជាពិរុទ្ធ ដែលកំពុងតែមានការប្តឹងផ្តល់អញ្ចឹង មិនដឹងថា លទ្ធផលថ្ងៃខាងមុខ មិនដឹងថាតុលាការអាចនឹងកាត់ ឲ្យខ្ញុំយ៉ាងម៉េច ប្រសិនបើក្នុងករណីណាមួយ ដែលតុលាការកាត់ឲ្យខ្ញុំនៅទទួលទោសហ្នឹង អញ្ចឹងវាធ្វើឲ្យអសកម្មការងារ និងការអភិវឌ្ឍភូមិឃុំ»។
យ៉ាងណាក៏ដោយ អ្នកការពារបរិស្ថានរូបនេះ រំពឹងជាមុនថា តុលាការកំពូល នឹងផ្តល់យុត្តិធម៌ជូនរូបលោក ព្រោះលោកមិនបានប្រព្រឹត្តល្មើសក្នុងការប្រមូលផលអនុផលព្រៃឈើ ដើម្បីបម្រើប្រយោជន៍សហគមន៍លោកនោះទេ។
«យើងប្រមូលផល និងអនុផលព្រៃឈើ មួយចំនួនយើងយកមក មិនមែនផលប្រយោជន៍បុគ្គលរបស់ខ្ញុំ ខ្ញុំមកធ្វើដើម្បីជាប្រយោជន៍របស់ប្រជាពលរដ្ឋបាទ»។
លោកបានបញ្ជាក់ទៀតថា ទោះជាលោកមិនបានរួចពីពិរុទ្ធភាព ក៏លោកនឹងនៅតែប្រឹងប្រែងជួយប្រជាពលរដ្ឋក្នុងសហគមន៍ ទាក់ទិនកិច្ចការពារបរិស្ថាន និងវប្បធម៌។
កាលពីខែកញ្ញា ឆ្នាំ ២០១៦ សាលាឧទ្ធរណ៍បានសម្រេចតម្កល់ការកាត់សេចក្តីរបស់តុលាការខេត្តកោះកុង ដោយឱ្យ លោក វ៉ែន វ៉ន ជាប់ទោសពីបទ «ប្រមូលផល អនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត» ដែលបានធ្វើឡើងដោយតុលាការខេត្តកោះកុង កាលពីខែមិនា ឆ្នាំ ២០១៦។
លោក អ៊ិន គង់ជិត មន្រ្តីសម្របសម្រួលសិទ្ធិមនុស្សរបស់អង្គការការពារសិទ្ធិលីកាដូ ប្រចាំខេត្តកោះ កុង បានប្រាប់ VOA កាលពីពេលកន្លងមកថា លោកកំពុងខិតខំរកមេធាវីជួយការពារក្តីលោក វ៉ែន វ៉ន ដើម្បីស្នើឲ្យតុលាការកំពូលទម្លាក់បទចោទប្រកាន់ ដែលនាំដល់ការកាត់ទោសរូបលោកវ៉ែន វ៉ន ទាំងអយុត្តិធម៌។ លោកថា លោក វ៉ែន វ៉ន ត្រូវតែរួចពីទោស ទើបលោកអាចបន្តឈរឈ្មោះជាបេក្ខជនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់បាន។
«ដោយសារគាត់ មានគេហៅថាមាន ពិរុទ្ធភាព អញ្ចឹងធ្វើឲ្យខាងគណបក្សរបស់គាត់ គណបក្សប្រជា ជនពិចារណាមិនឲ្យគាត់ឈរឈ្មោះ មិនឲ្យគាត់ឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាឃុំ នៅឃុំជំនាប់ ទៀត»។
បន្ថែមលើការកាត់ទោសទាក់ទិនការប្រមូលផលអនុផលព្រៃឈើខុសច្បាប់ លោក វ៉ែន វ៉ន ក៏រងការប្ដឹងផ្ដល់តាមផ្លូវច្បាប់ពីអាជ្ញាធរស្រុកថ្មបាំង និងមន្ត្រីរដ្ឋបាលព្រៃឈើមួយចំនួន ក្នុងខេត្តកោះកុង ក្រោយពីលោកមានភាពសកម្មក្នុងការការពារផលប្រយោជន៍សហគមន៍ជនជាតិដើមភាគតិចជង និងចូលរួមការពារបរិស្ថានតំបន់អារ៉ែង ជាមួយស្ថាបនិក និងជានាយកអង្គការ«មាតាធម្មជាតិ» លោក Alejandro Gonzalez-Davdison។ លោក Alejandro Gonzalez-Davdison ត្រូវបានអាជ្ញាធរកម្ពុជាបណ្ដេញចេញពីប្រទេសកម្ពុជាកាលពីខែកុម្ភៈឆ្នាំ២០១៥ ក្រោមហេតុផលថា លោកស្នាក់នៅក្នុងប្រទេសហួសទិដ្ឋាការកំណត់៕