តុលាការ​កំពូល​នឹង​ក្លាយ​ជា​អ្នក​សម្រេច​លើ​ករណី​ហាមប្រាម​ការ​ធ្វើ​ដំណើរ​របស់​លោក​ប្រធានាធិបតី

បាតុករ​ម្នាក់​កាន់​បដា​នៅ​ខាង​ក្រៅ​តុលាការ​ឧទ្ធរណ៍​នា​តំបន់​ទី​៩​របស់​សហរដ្ឋ​អាមេរិក នៅ​ក្នុង​ក្រុង San Francisco រដ្ឋ California កាលពី​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧។

តុលាការឧទ្ធរណ៍សហព័ន្ធ​ស.រ.អា.​មួយ​រំពឹង​ថា​ នឹង​ចេញ​សេចក្តី​សម្រេច​មួយ​នៅ​ពេល​ណា​មួយ​ក្នុង​សប្តាហ៍​នេះ​អំពី​ការ​ស្នើ​សុំ​របស់​រដ្ឋាភិបាល​ឱ្យ​បញ្ឈប់​ការ​ផ្អាក​ជា​បណ្តោះ​អាសន្ន​ការ​ហាម​ប្រាម​ដោយ​លោក​ប្រធានាធិបតី​ស.រ.អា. Donald Trump មិន​ឱ្យ​ពលរដ្ឋ​មក​ពី​ប្រទេស​ឥស្លាម​ចំនួន​៧​ធ្វើ​ដំណើរ​មក​កាន់​សហរដ្ឋ​អាមេរិក។​

តុលាការ​សហព័ន្ធ​កម្រិត​ទាប​មួយ​បាន​ចេញ​បទបញ្ជា​រារាំង​បណ្តោះ​អាសន្ន​មួយ​កាល​ពី​សប្តាហ៍​មុន​ដោយ​និយាយ​ថា​ រដ្ឋាភិបាល​មិន​អាច​ពង្រឹង​ការ​ហាមប្រាម​៩០ថ្ងៃ​មិន​ឱ្យ​មនុស្ស​មក​ពី​ប្រទេស​ឥស្លាម​ចំនួន​៧​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​ទេ ឬ​ផ្អាក​១២០​ថ្ងៃ​មិន​ទទួល​ពួក​ជន​ភៀស​ខ្លួន​ឡើយ។​

នៅ​ពេល​នេះ​គណៈកម្មការ​មួយ​មាន​ចៅក្រម​បី​នាក់​នៅ​ក្នុង​តុលាការ​ឧទ្ធរណ៍​នា​តំបន់​ទី​៩​នៅ​សហរដ្ឋ​អាមេរិក​កំពុង​សម្រេច​ថា​តើ​រក្សា​ទុក​បទ​បញ្ជា​នេះ​ ឬ​លុបចោល​បទ​បញ្ជា​នេះ ឬ​បញ្ជូន​ករណី​នេះ​ត្រឡប់​ទៅ​តុលាការ​កម្រិត​ទាប​វិញ​ដើម្បី​ឱ្យ​ធ្វើ​ការ​ពិចារណា​ជា​ថ្មី។ ទោះ​ណា​ជា​ចៅក្រម​ទាំង​នេះ​សម្រេច​បែប​ណា​ក៏​ដោយ​ក្នុង​សប្តាហ៍​នេះ​ ករណី​នេះ​ទំនង​ជា​នឹង​ត្រូវ​សម្រេច​នៅ​ចុង​បញ្ចប់​ដោយ​តុលាការ​កំពូល។​

កាលពី​ថ្ងៃ​អង្គារ​ពួក​ចៅក្រម​ទាំង​នេះ​បាន​ស្តាប់​ការ​និយាយ​បង្ហាញ​ហេតុផល​តាម​ទូរស័ព្ទ​ដោយ​មេធាវី​ម្នាក់​តំណាង​រដ្ឋ​ Washington និង​រដ្ឋ​ Minnesota ដែល​និយាយ​ថា​ការ​ហាមប្រាម​មិន​ឱ្យ​ធ្វើ​ដំណើរ​នេះ​មិន​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ​ទេ ហើយ​គួរ​ទុក​ជា​មោឃៈ។​ ពួក​ចៅក្រម​ទាំង​នេះ​ក៏​បាន​ស្តាប់ការ​និយាយ​បង្ហាញ​ហេតុផល​ដោយ​មេធាវី​ម្នាក់​នៃ​ក្រសួង​យុត្តិធម៌​ដែល​បាន​ថ្លែង​ថា​ ប្រធានាធិបតី​មាន​អំណាច​ចេញ​បទបញ្ជា​នីតិ​ប្រតិបត្តិ​មួយ​បែប​នេះ​ និង​ការពារ​សន្តិសុខ​ជាតិ។

នៅ​ក្នុង​ការ​និយាយ​បង្ហាញ​ហេតុ​ផល​របស់​លោក លោក August Flentje មេធាវី​របស់​ក្រសួង​យុត្តិធម៌​បាន​បង្ហាញ​ដល់​ពួក​ចៅ​ក្រម​ទាំង​នេះ​នូវ​ជម្រើស​មួយ​ដោយ​រក្សា​ទុក​ការ​ហាមប្រាម​នេះ​សម្រាប់​ពួក​មនុស្ស​ដែល​មិន​ទាន់​បាន​មក​ដល់​ស.រ.អា. ក៏​ប៉ុន្តែ​មាន​ការ​លើកលែង​សម្រាប់​ពួក​ជន​ទាំងឡាយ​ណា​ដែល​បាន​មក​ដល់​សហរដ្ឋ​អាមេរិក​ហើយ៕