លោក Anthony Kennedy ចៅក្រមតុលាការកំពូលស.រ.អា.ដែលជាអ្នកបោះឆ្នោតសំខាន់ម្នាក់ក្នុងតុលាការនេះបានប្រកាសកាលពីថ្ងៃពុធអំពីការចូលនិវត្តន៍របស់លោកហើយការណ៍នេះផ្តល់ឱ្យលោកប្រធានាធិបតី Donald Trump នូវឱកាសមួយដើម្បីធ្វើការតែងតាំងចៅក្រមទីពីរនៃតុលាការកំពូលស.រ.អា.ក្នុងអាណត្តិរបស់លោក ដែលនាំឱ្យតុលាការកំពូលអាមេរិកាំងងាកទៅខាងស្តាំថែមទៀត។
នៅក្នុងរយៈពេល៣០ឆ្នាំដែលលោកកាន់តំណែងជាចៅក្រមតុលាការកំពូលស.រ.អា. លោក Anthony Kennedy ដែលបានត្រូវតែងតាំងដោយក្រុមសាធារណរដ្ឋ ជាញឹកញយបានងាកចេញពីពួកសហសេវិកអភិរក្សនិយមរបស់លោកដើម្បីបោះឆ្នោតដាច់ណាត់អំពីករណីយមួយចំនួនដោយមានរួមបញ្ចូលករណីទាក់ទិននឹងការពន្លូតកូន សិទ្ធិរបស់មនុស្សស្រឡាញ់មនុស្សមានភេទដូចគ្នានិងសិទ្ធិបោះឆ្នោត។
ការចូលនិវត្តន៍របស់លោកនឹងចូលជាធរមាននៅដំណាច់ខែកក្កដាខាងមុខនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Anthony Kennedy អាយុ៨១ឆ្នាំ បានមានប្រសាសន៍ថាវាជា «កិត្តិយសនិងបុព្វសិទ្ធិធំបំផុតរបស់ខ្ញុំក្នុងការបម្រើប្រទេសជាតិយើងក្នុងវិស័យតុលាការសហព័ន្ធចំនួន៤៣ឆ្នាំដោយមានរួមបញ្ចូល៣០ឆ្នាំក្នុងតុលាការកំពូលផងដែរ»។
លោក Trump បានហៅលោក Kennedy ថាជាបុរសម្នាក់ «មានទស្សនៈវិស័យធំសម្បើម»ហើយលោកបានថ្លែងថាលោកចាប់ផ្តើមស្វែងរកអ្នកជំនួសលោក Kennedyជាបន្ទាន់៕