តុលាការ​កំពូល​មិន​អនុញ្ញាត​ឲ្យ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង​ស្ថិត​នៅ​ក្រៅ​ឃុំ

លោក​ ហុង​ សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ សម​ រង្ស៊ី ត្រូវ​បាន​អម​ដំណើរ​ដោយ​ប៉ូលិស​នៅ​ឯ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៥។ តុលាការ​បាន​ច្រាន​ចោល​សំណើ​នៅ​ក្រៅ​ឃុំ​របស់​លោក​ បន្ទាប់​ពី​លោក​ត្រូវ​បានតុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​លោក​ពី​បទ«ក្លែង​បន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​ក្លែង​ក្លាយ​និង​ញុះញង់»​ ក្រោយពី​លោក​បាន​បង្ហោះ​កិច្ច​ព្រមព្រៀង​នាឆ្នាំ​១៩៧៩ទៅលើទំព័រ​ហ្វេសប៊ុក។ (រូប​ថត ៖ EPA/MAK REMISSA)

លោក ​ហុង​ សុខ​ហួរ​ត្រូវ​បាន​តុលា​ការ​ក្រុង​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​តាំង​ពីខែ​សីហា​ ​ឆ្នាំ​២០១៥​ ក្នុង​សំណុំ​រឿង​​ផែនទី​​ និង​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម​ ​ហើយ​សាលា​​ឧទ្ធរណ៍​ក៏​បាន​ច្រានចោល​ការសុំ​ឲ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​របស់​លោក​សមាជិក​ព្រឹទ្ធ​សភា​​រូប​នេះ​តាំង​ពី​ខែ​មីនា​ឆ្នាំ​​កន្លង​មក​នេះ​ដែរ។

តុលាការកំពូល​ នៅ​ថ្ងៃ​ពុធ​នេះ​ បាន​សម្រេច​តម្កល់​ការ​ចោទ​ប្រកាន់របស់​តុលាការ​ឧទ្ធរណ៍​ ដែល​មិនអនុញ្ញាត​ឲ្យ​លោក ​ហុង សុខហួរ​ សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រឆាំង​ស្ថិត​នៅ​ក្រៅឃុំ​ទេ ​ដោយ​លើក​ហេតុផល​ថា​ ​សមាជិក​ព្រឹទ្ធ​សភា​កាន់​សញ្ជាតិ​ខ្មែរ​ និង​សញ្ជាតិ​បារាំង​រូប​នេះ​បាន​ប្រព្រឹត្ត​ទោស​កំហុស​ធ្ងន់​ធ្ងរ​ និង​អាច​បង្ក​ចលាចល​ដល់​សង្គម។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុមមេធាវី​ការពារ​ក្តី​លោក​ហុង សុខហួរ។​

លោក ​ហុង​ សុខ​ហួរ​ត្រូវ​បាន​តុលា​ការ​ក្រុង​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​តាំង​ពីខែ​សីហា​ ​ឆ្នាំ​២០១៥​ ក្នុង​សំណុំ​រឿងផែនទី និង​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម​ ​ហើយ​សាលាឧទ្ធរណ៍​ក៏​បាន​ច្រានចោល​ការសុំ​ឲ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​របស់​លោក​សមាជិក​ព្រឹទ្ធ​សភារូប​នេះ​តាំង​ពី​ខែ​មីនា​ឆ្នាំកន្លង​មក​នេះ​ដែរ។

​លោក ​កែត ឃី​ មេធាវី​ការពារ​ក្តី​ឲ្យលោក​ហុង សុខហួរ​បាន​ប្រាប់​ VOA ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ តុលាការកំពូល​បាន​បន្ត​តម្កល់​ដីកា​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ដដែល​ ដោយ​មិន​អនុញ្ញាត​ឲ្យមាន​ការ​ដោះ​លែងលោក ហុង សុខហួរ​ឲ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​បាន​ទេ។​ លោក​បន្ត​ថា​ សាលា​ឧទ្ធរណ៍​បាន​ស្នើ​ឲ្យ​លោក ហុង សុខហួរ​ប្រគល់​កុំព្យូទ័រ​ដែល​លោកប្រើប្រាស់​ក្នុងការ​ស្រាវ​ជ្រាវ​ឯកសារ​ផែន​ទី​ និង​ព្រំដែន​កម្ពុជា​វៀតណាម។​ ប៉ុន្តែ​លោក​បញ្ជាក់​ថា​ លោក ​ហុង សុខហួរ​មិន​មាន​កំព្យូទ័រ​នោះ​ប្រើ​ត​ទៅ​ទៀត​ទេ។

លោក ​សឹង​ បញ្ញា​វុឌ្ឍ​ ចៅក្រម​នៃ​តុលាការ​កំពូល​ ​បាន​បដិសេធ​មិន​ធ្វើ​ការ​អធិប្បាយ​ទេ។​

លោក​ ហុង សុខហួរ​ ត្រូវ​ចាប់​ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែ​សីហា​ឆ្នាំ​២០១៥​ ក្រោយ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​បញ្ជា​ឲ្យ​សមត្ថ​កិច្ច​ចាប់​ខ្លួន​លោក​ទាំង​នៅ​មាន​អភ័យ​ឯក​សិទ្ធិ។ ​លោក​ ហ៊ុន សែន ​បាន​ព្រមាន​ថា​ ​នេះ​ជា​បទ​ល្មើស​ជាក់​ស្តែង​ដែល​ត្រូវ​ចាប់​ខ្លួន​ជាបន្ទាន់ ​ហើយស្ថានទូត​នានា​មិនត្រូវ​លូក​លាន់​ទេ ​ព្រោះ​នេះ​ជា អ្វី​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ចាត់​ទុកថា​ ជា​ទោស​ក្បត់​ជាតិ។​

លោក​ អំ សំអាត​ ​ប្រធាន​បច្ចេក​ទេស​ស៊ើប​អង្កេត​នៃ​អង្គ​ការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​ប្រាប់​ VOA ​នៅ​ថ្ងៃ​ពុធនេះ​ថា​ លោកហុង សុខហួរ​ពុំ​មាន​ក្តីសង្ឃឹម​ច្រើន​ថា​ នឹង​បាន​ស្ថិតនៅ​ក្រៅ​ឃុំ​នោះ​ទេ​ ព្រោះ​រឿង​នេះ​ជា​រឿងនយោ​បាយ។​

លោក​បញ្ជាក់​ថា​ លោក​ ហុង សុខហួរ​អាច​ទទួល​បាន​ការ​ដោះ​លែង​ ប្រសិន​បើ​មាន​ការ​សម្រប​សម្រួល​ផ្នែក​នយោបាយ​រវាង​គណបក្ស​ធំៗ​ពីរ​ដែល​មាន​អាសនៈ​ក្នុង​សភា​ជាតិ។

លោក ហុង សុខហួរ​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ក្លែង​បន្លំ​ឯក​សារ​សាធារណៈ​ ​បទ​ប្រើ​ប្រាស់​ឯកសារ​សាធារណៈ​ក្លែង ​និង​បទ​ញុះ​ញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម​ ​ពាក់ព័ន្ធ​ការ​ក្លែង​សន្ធិ​សញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម​ឆ្នាំ​១៩៧៩។​ ​ឯកសារ​ ដែល​មន្ត្រី​គណបក្ស​ជំទាស់​ចាត់​ទុក​ថា​ ជាការ​បញ្ចេញ​មតិ​ការពារបូរណភាព​ដែន​ដីនោះ ត្រូវ​បានបង្ហោះ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​របស់​លោកសម រង្ស៊ី​ ប្រធានគណបក្ស​សង្គ្រោះជាតិដែល​ជា​ដើម​ចម​នាំឲ្យ​តុលាការ​ចោទ​ប្រកាន់​លោកសម រង្ស៊ី​ពី​បទ​សម​គំនិត​ក្នុង​បទ​ល្មើស​នេះ​ផង​ដែរ៕