តុលាការកំពូល នៅថ្ងៃសុក្រនេះ បានសម្រេចបន្តឃុំខ្លួនលោក ហុង សុខហួរសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី តាមការសម្រេចរបស់សាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់លោក ជួង ជូងី មេធាវីរបស់សមាជិកព្រឹទ្ធសភារូបនេះ។
លោក ហុង សុខហួរ ពុំត្រូវបានមន្ត្រីពន្ធនាគារបញ្ជូនមកកាន់តុលាការកំពូលដើម្បីស្តាប់ការប្រកាសសាលក្រមនាព្រឹកថ្ងៃនេះទេ។ មេធាវីរបស់លោកគឺលោកជួង ជូងី ដែលមានវត្តមានក្នុងការប្រកាសសាលក្រមនៅព្រឹកថ្ងៃសុក្រនេះបានប្រាប់ VOA ថា លោកហុង សុខហួរសុំមិនមកស្តាប់សាលក្រមនេះទេ។
«គាត់បានធ្វើចំណារដៃថា សុំកុំឲ្យយកគាត់មក។ ហើយផ្អែកលើចំណារដៃរបស់គាត់ ខ្ញុំក៏ស្នើសុំទៅតុលាការថា កុំឲ្យមានវត្តមានគាត់នៅក្នុងសវនាការ»។
លោកមេធាវីឲ្យដឹងថា លោកមិនរំពឹងថា មានលទ្ធផលវិជ្ជមានទេក្នុងការប្រឹងប្រែងការពារក្តីរបស់លោកហុង សុខហួរ។ លោកបន្ថែមថា លោកគិតតែពីវែកញែកផ្លូវច្បាប់ឲ្យសាធារណជនមើលឃើញថា តើការសម្រេចរបស់តុលាការត្រឹមត្រូវ ឬមិនត្រឹមត្រូវ។
«ខ្ញុំមិនគិតទៅលើលទ្ធផលទេ។ ខ្ញុំគា្រន់តែគិតថា ខ្ញុំខិតខំបានប៉ុណ្ណា ខ្ញុំព្យាយាមប៉ុណ្ណឹង។ តែបើខ្ញុំសង្ឃឹមថា ធ្វើបាន ខ្ញុំធ្វើមេធាវីអត់កើត។អញ្ចឹងរាល់ពេលដែលខ្ញុំធ្វើ ខ្ញុំមិនរំពឹងថា ផលយ៉ាងណា ខ្ញុំអត់គិតទេ។ ខ្ញុំទុកផលមួយឡែក។ ខ្ញុំគិតថា ខំធ្វើបានប៉ុណ្ណា ធ្វើប៉ុណ្ណឹង»។
ទាក់ទងនឹងលទ្ធផលនៃសាលក្រមសម្រាប់បណ្តឹងសាទុក្ខរបស់លោកហុង សុខហួរដែលសុំនៅក្រៅឃុំនេះ លោកអំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ បាននិយាយថា៖
«សង្គមស៊ីវិលយើងអត់មានការភ្ញាក់ផ្អើលទេទាក់ទងនឹងសាលដីការសម្រេចមិនអនុញ្ញាតឲ្យនៅក្រៅឃុំនេះ ពីព្រោះនេះវាជាវប្បធម៌ទៅហើយ ពីព្រោះបញ្ហារឿងនយោបាយ»។
តុលាការកំពូល កាលពីថ្ងៃទី២៦ខែកុម្ភៈ បានបើកសវនាការបណ្តឹងសាទុក្ខរបស់លោកហុង សុខហួរ ដែលសុំនៅក្រៅឃុំបណ្តោះអាសន្ន។
ក្នុងសវនាការនោះ លោកហុង សុខហួរបានប្រាប់លោក ឃឹម ប៉ុណ្ណ ប្រធានអង្គជំនុំជម្រះ និងជាអនុប្រធានតុលាការកំពូលថា លោកមានជំងឺក្រពះ លើសឈាម និងផ្តាសាយ ហើយលោកស្នើតម្កល់ប្រាក់២០លានរៀលស្មើនឹង៥ពាន់ដុល្លារ និងតម្កល់លិខិតឆ្លងដែនរបស់លោកទាំងពីរគឺលិខិតឆ្លងដែនបារាំង និងលិខិតឆ្លងដែនខ្មែរ។
កាលពីថ្ងៃទី៤ខែវិច្ឆិកា សាលាឧទ្ធរណ៍បានបដិសេធសំណើរបស់សមាជិកព្រឹទ្ធសភារូបនេះដែលសុំនៅក្រៅឃុំ។
លោកហុង សុខហួរត្រូវចាប់ខ្លួនកាលពីព្រឹកថ្ងៃទី១៥ខែសីហាឆ្នាំ២០១៥ក្រោយពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបញ្ជាឲ្យសមត្ថកិច្ចចាប់ខ្លួនសមាជិកព្រឹទ្ធសភាមានអភ័យឯកសិទ្ធិនេះ។ លោកហ៊ុន សែនបានព្រមានថា នេះជាបទល្មើសជាក់ស្តែងដែលត្រូវចាប់ខ្លួនជាបន្ទាន់ ហើយស្ថានទូតនានាមិនត្រូវលូកលាន់ទេ ព្រោះនេះជាទោសក្បត់ជាតិ។
លោកហុង សុខហួរត្រូវចោទប្រកាន់ពីបទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម ពាក់ព័ន្ធការក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា វៀតណាម ឆ្នាំ១៩៧៩ រួចយកឯកសារក្លែងនេះទៅបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោកសម រង្ស៊ី ដែលជាដើមចមនាំឲ្យតុលាការចោទប្រកាន់លោកសម រង្ស៊ីពីបទសមគំនិតក្នុងបទល្មើសនេះ៕