តុលាការ​កំពូល​សម្រេច​ឃុំ​ខ្លួន​លោក ​កឹម សុខា​ ​បន្ត​ទៀត​

អ្នកគាំទ្រ កាន់ផ្ទាំងរូបភាពប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ គឺលោក កឹម សុខា នៅឯកន្លែងបិទផ្លូវមួយនៅជិតសាលាឧទ្ធរណ៍នៅរាជធានីភ្នំពេញប្រទេសកម្ពុជាកាលពីថ្ងៃអង្គារ ទី ២៨ ខែមីនា ឆ្នាំ២០១៨។

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ​តុលា​ការ​កំពូល ​បាន​តម្កល់​សាល​ដីកា​សាលា​ឧទ្ធរណ៍​ទុក​ជា​បាន​ការ ដោយ​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក​ ​កឹម សុខា​ ​ក្នុង​ពន្ធនាគារ​បន្ត​ទៀត ដើម្បី​សាកសួរ​ ​និង​ការពារ​កុំ​ឲ្យ​មាន​បទ​ល្មើស​​ថ្មី​កើត​ឡើង។​ ​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក​ ​កឹម សុខា​ ​បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​សម្រេច​របស់​តុលាការ​ដោយ​អះអាង​ថា​ ​តុលា​ការ​សម្រេច​ដោយ​មិន​យោង​លើ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កូន​ក្ដី។

តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ​បាន​សម្រេច​ច្រាន​ចោល​បណ្ដឹង​មិន​សុខ​ចិត្ត​ទៅ​នឹង​ការ​ពន្យារ​ពេល​ឃុំ​ខ្លួន​ ​លោក​ ​កឹម សុខា​ ​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​ដោយ​លើក​ឡើង​ថា​ ​សំណុំ​រឿង​របស់​លោក​ ​កឹម សុខា​ ​គឺ​ជា​បទ​ល្មើស​ឧក្រិដ្ឋ​ ​ដែល​ចាំបាច់​ត្រូវ​ឃុំ​ខ្លួនដើម្បីស៊ើប​សួរ​ឲ្យ​បាន​ហ្មត់​ចត់។

ក្នុង​សវនាការ​នោះ​ ​ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក​ ​កឹម សុខា​ ​បាន​ស្នើ​ឲ្យ​តុលាការ​លុប​ចោល​ការ​បន្ត​ឃុំ​ខ្លួន​ ​និង​អនុញ្ញាត​ឲ្យ​កូន​ក្ដី​របស់​ពួក​គេ​ បាន​នៅ​ក្រៅ​ឃុំ​ដើម្បី​ព្យាបាល​ជំងឺ​ ​ដោយ​បាន​លើក​ឡើង​ពី​ការ​ធានា​អះអាង​ថា​លោក​ ​កឹម សុខា​ ​នឹង​ចូល​រួម​គ្រប់​នីតិវិធី​របស់​តុលា​ការ​ ​តម្កល់​លិខិត​ឆ្លង​ដែន និង​ស្នើ​ឲ្យ​មាន​ការ​ដាក់​សមត្ថកិច្ច​យាមកាម​ដើម្បីធានា​ថា​លោក​ ​កឹម សុខា​ ​មិន​អាច​រត់​គេច​ទៅ​ណា​ជា​ដើម។​

ទោះ​យ៉ាង​ណា​ ​ក្រោយ​សវនាការ​ដែល​មាន​ការ​តស៊ូ​មតិ​របស់​មេធាវី​របស់​លោក​ ​កឹម សុខា​ ​ចំនួន​៣​រូប​ ​ដោយ​គ្មានវត្តមាន​លោក​ ​កឹម សុខា​ ​អស់​រយៈពេល​ជិត​មួយ​ម៉ោង​ ​លោក​ ​ឃឹម ប៉ុណ្ណ​ ​បាន​ប្រកាស​សាល​ដីកា​ដោយ​សម្រេច​ច្រាន​ចោល​បណ្ដឹង​របស់​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក​ ​កឹម សុខា​ ​និង​សម្រេច​តម្កល់​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍​ទុក​ជា​បាន​ការ​ ​ដោយ​លើក​ឡើង​ថា​ ​ការ​បន្ត​ឃុំ​ខ្លួន​លោក​ ​កឹម សុខា​ ​ធ្វើ​ឡើង​ត្រឹម​ត្រូវ​តាម​នីតិវិធី​ច្បាប់។

លោក​ ឃឹម ប៉ុណ្ណ​ ​បាន​ប្រកាស​ក្នុង​សម្រង់​ន័យ​ដើម​ដោយ​យោង​លើ​មូល​ហេតុ​ថា៖​

«លោក កឹម សុខា បាន​ប្រព្រឹត្ត​បទ​ល្មើស​ ​សន្ទិដ្ឋភាព​ជាមួយ​បរទេស ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០១៧ […] ។ បទ​ល្មើសនេះ​ជា​បទ​ឧក្រិដ្ឋ ដូច្នេះ​ការ​ស៊ើប​សួរ​ត្រូវ​ហ្មត់ចត់​ត្រឹម​ត្រូវ»។​

​លោក​ ​កឹម សុខា​ ​ត្រូវ​បាន​សមត្ថកិច្ច​សម្រុក​ចូល​ចាប់​ខ្លួន​ពី​ក្នុង​ផ្ទះ​ទាំង​កណ្ដាល​យប់​រំលង​អាធ្រាត្រ កាលពី​ដើម​ខែ​កញ្ញា​ ​ឆ្នាំ​២០១៧​ ​ដោយ​ចោទ​លោក​ពី​បទ​ ​«ក្បត់​ជាតិ»​ ​និង​បញ្ជូនលោក​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង នៅ​ខេត្ត​ត្បូងឃ្មុំ ដែល​ជា​ខេត្ត​មាន​ព្រំប្រទល់​ជាប់​ប្រទេស​វៀតណាម។​

ចៅក្រម​សាលា​ដំបូង​រាជធានី​កាលពី​ដើម​ខែ​មីនា​ ​បាន​បើក​សវនាការ​នៅ​ក្នុង​ពន្ធនាគារ​ ​ដោយ​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក​ ​កឹម សុខា​ ​បន្ថែម​ទៀត​ ​ក្រោយ​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​រយៈពេល​៦ខែ​បាន​បញ្ចប់ ដោយ​អះអាង​ថា​ ​ដើម្បីបង្ការ​កុំ​ឲ្យ​កើត​មាន​បទ​ល្មើសថ្មី និង​រក្សា​ជន​ត្រូវ​ចោទ​ទុក​ជូន​តុលាការ​ចាត់​ការ​តាម​នីតិ​វិធី។

រហូត​មក​ដល់​ពេល​នេះ​ ​លោក​ ​កឹម សុខា​ ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង​អស់​រយៈ​ពេលជាង​៨​ខែ​មក​ហើយ។

លោក​ ​ផែង ហេង​ ​មេធាវី​មួយ​រូប​ក្នុង​ចំណោម​មេធាវី​៤រូប​ដែល​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា ប្រាប់​អ្នក​សារ​ព័ត៌មាន​ក្រោយ​បញ្ចប់​សវនាការ​នៅ​ខាង​ក្រៅតុលាការ​ថា​ ​សហ​មេធាវី​បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​សម្រេច​ដោយ​មិន​យោង​លើ​សិទ្ធិ​មូលដ្ឋាន​នេះ។​

លោក​មាន​ប្រសាសន៍​ថា៖​

«តុលា​ការ​នៅ​តែ​មិន​បាន​ពិចារណា​ទៅ​លើ​សិទ្ធិ​ជា​មូលដ្ឋាន​នៃ​សេរីភាព ដោយ​សារ​យើង​បាន​បង្ហាញ​ពី​គោល​ការណ៍​សេរីភាព​ដែល​ជន​ត្រូវ​ចោទ​ត្រូវ​តែ​មាន​សេរីភាព ក៏​ប៉ុន្តែតុលា​ការ​មិន​បាន​សម្រេច​តាម​ការ​ស្នើសុំ។​ ​អញ្ចឹង ​មេធាវី​ ​ក៏​ដូចជា​សហ​មេធាវី​ទាំង​អស់​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​សម្រេច​នេះ»។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែលតុលា​ការ​ទាត់​ចោល​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ ​ឬ​បណ្ដឹង​ប្រឆាំង​នឹង​ការ​សម្រេច​ផ្សេងៗ​របស់​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក​ ​កឹម សុខា។​

​កន្លង​មក ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក​ ​កឹម សុខា​ ​បាន​ប្ដឹង​ទៅតុលា​ការ​គ្រប់​ជាន់​ថ្នាក់ ដើម្បីសុំ​មោឃភាព​ការ​ចាប់​ឃុំ​ខ្លួន​លោក កឹម សុខា​ ​ទាំង​កណ្ដាល​យប់​ ​ដោយ​អះអាង​ថា​ ​ការ​ចាប់​ឃុំឃាំង​តំណាង​រាស្ត្រ​ទាំង​មាន​អភ័យឯកសិទ្ធិ​សភា​ ​គឺជា​អំពើ​ខុស​ច្បាប់​កំពូល​របស់​កម្ពុជា។

ក្រុម​មេធាវី​ទាំង​នោះ ​ក៏​បាន​ប្ដឹង​ទៅតុលា​ការ​គ្រប់​ជាន់​ថ្នាក់​ ​សុំ​ឲ្យ​លោក​ ​កឹម សុខា​ ​បាន​នៅ​ក្រៅ​ឃុំ​ដើម្បីព្យាបាល​ជំងឺ​លើស​ឈាម និង​ទឹក​នោម​ផ្អែម ប៉ុន្តែ​បណ្ដឹង​របស់​ពួក​គេ​ ត្រូវ​បានតុលាការ​ទាំង​នោះ​ច្រាន​ចោល។

ក្រុម​មន្ត្រី​ធ្វើ​ការ​ផ្នែក​ការពារ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ ដោយ​លើក​ឡើង​ថា​ ​ថ្នាក់​លើ​ចេញ​បញ្ជា​ឲ្យ​ផ្អាក​ការ​ធ្វើ​អត្ថាធិប្បាយ​ពាក់​ព័ន្ធ​នឹង​បញ្ហា​នយោបាយ​នៅ​កម្ពុជា។​

​គេ​សង្កេត​ឃើញ​ថានៅ​ព្រឹក​ថ្ងៃ​ចន្ទ​ មាន​ការ​រៀបចំ​សមត្ថកិច្ច​ ​និង​មន្ត្រី​សន្តិសុខ​រាប់​សិប​នាក់​យាមកាម​ ​និង​បិទ​ផ្លូវ​ជុំ​វិញតុលាការ​កំពូល​យ៉ាង​តឹងរ៉ឹង​ ​បើ​ទោះជា​គ្មាន​វត្តមាន​របស់​លោក​ ​កឹម សុខា​ ​នៅ​សវនាការ​ក៏​ដោយ៕