តុលាការ​កំពូល​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​ប្រឆាំង​ក្នុង​ពន្ធនាគារ

រូប​ឯកសារ៖ អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង លោក កឹម សុខា (កណ្តាល) អង្គុយ​នៅ​ក្នុង​បន្ទប់​កាត់​ក្តី​សាលា​ឧទ្ធរណ៍ ក្នុង​រាជធានី ភ្នំពេញ កាល​ពី​ថ្ងៃ​ទី ១ ខែ កុម្ភៈ ឆ្នាំ ២០១៨។

នៅ​ថ្ងៃ​ពុធ​នេះ​ ​តុលាការ​កំពូល​បាន​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​ប្រឆាំង​ឲ្យ​នៅ​ក្នុង​ពន្ធនាគារ​ ​ដោយ​អះអាង​ថា​ ​ដើម្បី​ការពារ​សុវត្ថិភាព​របស់​ជន​ត្រូវ​ចោទ​ ​និងចៀស​វាង​កើត​មាន​ភាព​អសន្តិសុខ​ក្នុង​សង្គម។ ​ ​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ ​កឹម សុខា​ ​លើកឡើង​ថា​ ​ការ​បន្ត​ឃុំ​ខ្លួន​នេះ​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ ​និង​សុខភាព​កូន​ក្តី​របស់​ពួកគេ​យ៉ាង​ធ្ងន់ធ្ងរ។​

​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​តុលាការ​កំពូល​នៅ​ថ្ងៃ​ពុធ​នេះ​ ​ប្រកាស​ច្រាន​ចោល​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​ ​ជុំ​ទី២​របស់​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ ​ដោយ​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក​ក្នុង​ពន្ធនាគារ​ដដែល។

ក្នុង​សវនាការ​រយៈពេល​ជិត​មួយ​ម៉ោង​ដែលមិន​មាន​វត្តមាន​របស់​លោក​ ​កឹម សុខា​ ​មេធាវី​ទាំង​បួន​រូប​ ​រួម​មាន​អ្នកស្រី​ ​ម៉េង សុភារី​ ​លោក​ ​ចាន់ ចេន​ ​លោក​ ​ផែង ហេង​ ​និង​លោក​ ​ផាន់ ចាន់ស័ក្តិ​ ​បាន​ស្នើ​ឲ្យ​ក្រុម​ប្រឹក្សា​អង្គ​ជំនុំ​ជម្រះ​អនុញ្ញាត​ឲ្យ​លោក​ ​កឹម សុខា​ ​បាន​នៅ​ក្រៅ​ឃុំ​ ​និង​ធានា​ថា​លោក​ ​កឹម សុខា​ ​នឹង​ចូលរួម​គ្រប់​នីតិវិធីសវនាការ​ទៅតាម​ការ​កោះហៅ​របស់​តុលាការ។​

អ្នកសារព័ត៌មានចោមរោមសួរលោក ផែង ហេង សហមេធាវីការពារក្ដីឱ្យលោក កឹម សុខា មេដឹកនាំ​គណបក្សជំទាស់ នៅខាងក្រៅអគារតុលាការកំពូល កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨។ (ទី អូលីស្សា/VOA)

ក្នុង​សវនាការ​ដែល​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ថតរូប​និង​ថត​សំឡេង​នោះ​ ​ក្រុម​មេធាវី​តំណាង​លោក​ ​កឹម សុខា​ ​បញ្ជាក់​ថា ​កូន​ក្តី​របស់​ខ្លួន​កំពុង​មាន​ជំងឺ​លើស​ឈាម​ ​និង​ជំងឺឆ្អឹង​ត្បៀត​សរសៃ​ ដែល​ត្រូវការ​ការ​ព្យាបាល​ ​និង​វះ​កាត់​ដោយ​ពេទ្យ​ជំនាញ​ជា​បន្ទាន់។​ ​ពួកគេ​បន្ថែម​ថា​ ​ការ​បន្ត​ឃុំ​ខ្លួន​លោក​ ​កឹម សុខា​ ​ក្នុង​ពន្ធនាគារ​រហូត​ដល់​ជិត​មួយ​ឆ្នាំ​ដោយ​មិន​មាន​សវនាការ​ ​គឺ​ជា​ការ​ឃុំ​ខ្លួន​ដែល​មិន​សម​ហេតុផល​និងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ ​និង​សុខភាពរបស់​លោក​កាន់​តែ​ធ្ងន់ធ្ងរ។

មេ​គណបក្ស​ជំទាស់​ ​លោក​ ​កឹម សុខា​ ត្រូវ​បាន​សមត្ថកិច្ច​សម្រុក​ចូល​ចាប់​ខ្លួន​ពី​ក្នុង​ផ្ទះ​ទាំង​កណ្ដាល​យប់​រំលង​អាធ្រាត្រ​ ​កាលពី​ដើម​ខែ​កញ្ញា​ ​ឆ្នាំ​២០១៧​ ​ដោយ​ចោទ​លោក​ពី​បទ​ ​«ក្បត់​ជាតិ»​ ​និង​បញ្ជូន​លោក​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ នៅ​ខេត្ត​ត្បូង​ឃ្មុំ​ ​ដែល​ជា​ខេត្ត​មាន​ព្រំប្រទល់​ជាប់​ប្រទេស​វៀតណាម។​ ក្រោយ​ការ​ចាប់​ខ្លួន​ ​លោក​ ​កឹម សុខា ​ប្រធាន​គណបក្ស​ជំទាស់​ដ៏​ធំ​នៅ​កម្ពុជា ​ត្រូវ​បាន​រំលាយ​ចោល​ភ្លាមៗ​ ​និង​មិន​អនុញ្ញាត​ឲ្យ​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ដ៏​ចម្រូងចម្រាស​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​នោះ​ទេ។​

រហូត​មក​ដល់​ពេល​នេះ​ ​លោក​ ​កឹម សុខា​ ​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំមក​ហើយ​ ​ដោយ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ចូល​សួរ​សុខ​ទុក្ខ​ទេ ​ក្រៅពី​មេធាវី ​និង​ក្រុម​គ្រួសារ​របស់​លោក​។

​យ៉ាង​ណា​ក៏​ដោយ​ ​អគ្គ​ព្រះ​រាជអាជ្ញា​ លោក​ ​អ៊ុក គឹមសិទ្ធិ​ ​លើកឡើង​ថា ការអះអាង​របស់​មេធាវី​ទាំង​នោះ​មិន​សម​ហេតុ​ផល​ ​និង​បាន​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​អង្គ​ជំនុំ​ជម្រះ​បន្ត​ឃុំ​ខ្លួន​លោក​ ​កឹម សុខា​ ​ដើម្បី​ការពារ​សុវត្ថិភាព​របស់​ជន​ត្រូវ​ចោទ​ ​ជៀសវាង​អសន្តិសុខ​សង្គម​ និង​ថា​ពន្ធនាគារ​មាន​ពេទ្យ​សម្រាប់​ពិនិត្យ​និង​ព្យាបាល​ជំងឺ​របស់លោក​ ​កឹម សុខា​ ​រួច​ហើយ។

ក្រោយ​បញ្ចប់​សវនាការ​និង​ថយ​ទៅ​ពិភាក្សា​អស់​រយៈពេល​ជិត​ពីរ​ម៉ោង​ ​ប្រធាន​ក្រុម​ប្រឹក្សា​អង្គ​ជំនុំ​ជម្រះ​ ចៅ​ក្រម​ ​គង់ ស្រ៊ីម​ ​បានប្រកាសច្រាន​ចោល​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​ជុំ​ទី​២​របស់​លោក​ ​កឹម សុខា​ ​និងសម្រេច​តម្កល់​សាលដីកា​របស់​សាលា​ឧទ្ធរណ៍​ទុក​ជា​បាន​ការ​ ​ដោយ​យោង​មូល​ហេតុ​ថា ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​មាន​ភាព​ត្រឹមត្រូវ​តាម​ច្បាប់​ ​និង​ថា​ ​សេចក្តីសន្និដ្ឋាន​របស់​អគ្គ​ព្រះ​រាជអាជ្ញា​តុលាការ​កំពូល​សម​ស្រប​ទទួល​យក​បាន។

កម្លាំងនគរបាលប្រឆាំងបាតុកម្ម ត្រូវបានដាក់ពង្រាយក្បែរអគារតុលាការកំពូល កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ អំឡុងពេលសវនាការសុំនៅក្រៅឃុំរបស់លោក កឹម សុខា មេបក្សជំទាស់។ (ទី អូលីស្សា/VOA)

លោក​ ​គង់ ស្រ៊ីម​ ​ប្រធាន​ក្រុមប្រឹក្សា​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូលប្រកាស​ក្នុង​សាល​សវនាការតាម​ន័យ​ដើម​ថា៖​

​«សម្រេច​បដិសេធ​បណ្តឹង​សារទុក្ខ​របស់​មេធាវី​របស់​លោក​ កឹម​ សុខា។​ ​តម្កល់​សាលដីកា​ព្រហ្មទណ្ឌ​របស់​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍​ទុក​ជា​បាន​ការ​ទាំង​មូល»។

​លោក​ ​ផែង ហេង​ ​មេធាវី​មួយ​រូប​ដែលបាន​ជួប​លោក​ ​កឹម សុខា​ ​ក្នុង​ពន្ធនាគារ​នាកាលពី​ថ្ងៃ​ចន្ទ​ ​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​បញ្ចប់​សវនាការ​នៅ​ខាង​ក្រៅ​តុលាការ​កំពូល​ថា​ ​មេធាវីសោកស្តាយ​ចំពោះ​ការ​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក​ ​កឹម សុខា​ ​ខណៈ​ដែល​លោក​កំពុង​មាន​ជំងឺ​ត្រូវធ្វើការ​វះកាត់។​ ​លោក​បន្ថែម​ថា​ក្រុម​មេធាវី​នឹង​ទៅ​ជួប​ជាមួយ​លោក​ ​កឹម សុខា​ ​ដើម្បីពិភាក្សា​ថា​នឹង​ត្រូវ​ធ្វើអ្វី​ជា​បន្ត។

លោក​បញ្ជាក់​ថា៖​

«យើង​យល់ថា​ជា​ការ​សោក​ស្តាយ​ជំនួស​កូន​ក្តី​ដែរ​ ​ដោយសារ​តែ​អ្វី​ដែលមេធាវី​បាន​លើក​ឡើង​ ​ប្រឹង​ប្រែង​ ​មធ្យោបាយ​ដើម្បី​បង្ហាញ​ភស្តុតាង បង្ហាញ​អង្គហេតុ​ហ្នឹង​គ្រប់គ្រាន់​ដែរ​ហើយ​ ​ប៉ុន្តែ​ធ្វើ​ម៉េច​បើ​តុលាការមិន​សម្រេច​ដោះ​លែង​ អញ្ចឹង​យើង​មាន​តែ​សោក​ស្តាយ​ចំពោះ​លទ្ធផល​ព្រឹក​មិញ​នេះ»។

លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​កាលពី​ចុង​ខែមីនា​ឆ្នាំ​២០១៨​បាន​ប្រកាស​ថា​ ​លោក​នឹង​មិន​ដោះលែង​ ​ឬ​បន្ធូរបន្ថយ​ទោស​ណាមួយ​ ឲ្យ​លោក​ ​កឹម សុខា​ ​ជា​ដាច់​ខាត។

ខណៈ​សវនាការ​លោក​ ​កឹម សុខា​ ​កំពុង​ដំណើរ​នៅ​ព្រឹក​នេះ​ ​គេ​ឃើញ​សមត្ថកិច្ច​ជាច្រើន​សិប​នាក់​បាន​បិទ​ផ្លូវ​ ​និង​ហាម​ឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​កាត់​តុលាការ​កំពូល​នោះ​ទេ។​

​វត្តមាន​របស់​អ្នក​សារព័ត៌មាន​ ​និង​អ្នក​គាំទ្រ​លោក​ ​កឹម សុខា​ ​នៅ​ព្រឹក​នេះ​ ​មាន​ចំនួន​ច្រើន​ខុស​ពី​សវនាការ​នា​ពេល​កន្លង​ទៅ​ ​បន្ទាប់​ពី​មាន​ការ​ដោះលែង​សកម្មជន​ដីធ្លី​ ​គឺ​អ្នកស្រី​ ​ទេព វន្នី​ ​អតីត​អ្នក​សារ​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ពីរ​រូប និង​អ្នកវិភាគ​នយោបាយ​ ​គឺ​លោក​ ​គឹម សុខ ​ ​ជា​បន្តបន្ទាប់​នា​ពេល​ថ្មីៗ​នេះ។

សកម្មជននយោបាយ លោក គឹម សុខ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្បែរអគារតុលាការកំពូល កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ អំឡុងពេលសវនាការសុំនៅក្រៅឃុំរបស់លោក កឹម សុខា មេបក្សជំទាស់។ (ទី អូលីស្សា/VOA)

​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ​ការិយាល័យ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ ​(OHCHR-Cambodia)​ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ ​បញ្ជាក់​ថា​ ​ការ​ដោះលែង​សកម្មជន​ដីធ្លី​ ​និង​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ពីរ​រូប​ ​នា​ពេល​ថ្មីៗ​នេះ​ ​គឺ​ជា​ការ​វិវត្ត​ជំហាន​មួយ​ក្នុង​ទិសដៅ​ដ៏​ត្រឹម​ត្រូវ។​ ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ដដែលសង្ឃឹម​ថា​ ​នឹង​មានការ​ដោះ​លែង​អ្នកដទៃ​ទៀត​ដែល​ឧត្តម​ស្នងការ​បញ្ជាក់​ថា​ ​ពួកគេ​ត្រូវ​បាន​ជាប់​ឃុំ​ដោយសារ​តែ​ការ​អនុវត្ត​សិទ្ធិ​របស់​ពួកគេ​ផង​ដែរ។​

សេចក្តីថ្លែងការណ៍​របស់​ការិយាល័យ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នោះ ​ត្រូវ​បាន​សរសេរក្នុង​ន័យ​ដើម​ថា៖​

«យើង​សង្ឃឹម​ថា​អ្នកដទៃ​ទៀត​ដែល​ត្រូវ​បាន​ជាប់ឃុំ​ដោយសារ​តែ​ពួកគេ​អនុវត្ត​សិទ្ធិ​មនុស្ស​របស់​ពួកគេ​នោះ ក៏​នឹង​ត្រូវ​ដោះលែង​ ​រាប់​ទាំង​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក កឹម សុខា ផង​ដែរ ដែល​ការ​ឃុំខ្លួន​លោក​ ​ត្រូវ​បាន​ក្រុមការងារ​របស់​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ការ​ឃុំ​ខ្លួន​ដោយ​បំពាន​នៅ​ក្នុង​សេចក្តីអធិប្បាយ​លេខ​ ​៩/២០១៨​ ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី៥ ខែ​មិថុនា ចាត់​ទុក​ថា​ជា​ការ​ឃុំ​ខ្លួន​ដោយ​បំពាន»។

ក្រោយ​ការ​ចាប់​ឃុំ​ខ្លួន​លោក​ ​កឹម សុខា​ ​គេ​ឃើញ​ស្ថាប័ន​អន្តរជាតិ​ធំៗ​ជា​ច្រើន​បាន​ប្រតិកម្ម​ និង​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ជា​បន្ត​បន្ទាប់។​ ​កាលពី​ដើម​ខែ​ឧសភា​នេះ​ ​ក្រុម​ការ​ងារ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ដោះ​ស្រាយ​ការ​ឃុំ​ខ្លួន​ដោយ​បំពាន ​និង​អង្គការ​សហ​ព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិ​មនុស្ស​ បាន​ហៅ​ការ​ចាប់​ឃុំ​ខ្លួន​លោក​ ​កឹម សុខា​ ​ថា​ ​ជា​ទង្វើ​ដែល​គួរ​ឲ្យ​អាម៉ាស់ ​និង​អមនុស្សធម៌​ ​ព្រម​ទាំង​បាន​ទាម​ទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​លោក​ជាបន្ទាន់។

ចំណែកស្ថាប័ន​ ​និង​អង្គការ​អន្តរជាតិ​ធំៗ​ជា​ច្រើន​ទៀត​ ​រួម​មាន​សហគមន៍​អឺរ៉ុប ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ​(Human Rights Watch)​ ​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស ​ព្រម​ទាំង​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ធំៗ​មួយ​ចំនួន​ទៀត​ ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ ​ដោះលែង​លោក​ ​កឹម សុខា​ ​ជា​បន្ទាន់​ ​ដោយ​ឥត​លក្ខខណ្ឌ​ផង​ដែរ៕​