ប្រធានក្រុមប្រឹក្សានៃសាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចបន្តឃុំខ្លួនលោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ(KSILA)ក្នុងពន្ធនាគារព្រៃស។
លោក កើត សារ៉ាយ ត្រូវបានចោទប្រកាន់ពីបទញុះញង់ និងមិនរាងចាល ពាក់ព័ន្ធការបញ្ចេញមតិតាមបណ្តាញសារព័ត៌មាន អំពីវិវាទដីធ្លីដ៏រសើបនៅឃុំស្រយង់ និងឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីថ្ងៃទី២១ ខែមីនាកន្លងទៅ។ គិតរហូតមកដល់ពេលនេះ លោក កើត សារ៉ាយ បានជាប់ឃុំក្នុងពន្ធនាគាររយៈពេលជាង២ខែមកហើយ។
ស្របពេលសាលាឧទ្ធរណ៍បើកសវនាការ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ យុវជន និងយុវតីប្រមាណ១០នាក់ដែលមកគាំទ្រលោក កើត សារ៉ាយ នៅខាងមុខតុលាការក្រុងភ្នំពេញ ចង់ឃើញតុលាការផ្តល់យុត្តិធម៌ និងដោះលែងលោក កើត សារ៉ាយ ឱ្យមានសេរីភាពឡើងវិញ។
ពួកគេក៏បានសរសេរពាក្យពេជន៍មួយចំនួននៅលើក្រដាសសដូចជា«យុត្តិធម៌សម្រាប់លោក កើត សារ៉ាយ» «កើត សារ៉ាយ គ្មានកំហុសទេ» និង«ដោះលែង កើត សារ៉ាយ» ជាដើម។
លោក សំ ទិត្យសីហា មេធាវីការពារក្តីលោក កើត សារ៉ាយ ប្រាប់វីអូអេថា ការប្តឹងទាស់សុំនៅក្រៅឃុំជាបណ្តោះអាសន្ន ត្រូវបានប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ភូ ពៅស្រ៊ុនប្រកាសសាលដីកាដោយសម្រេចបន្តឃុំខ្លួនលោក កើត សារ៉ាយ នៅពន្ធនាគារព្រៃស។
លោកថ្លែងថា៖ «តុលាការយល់ថា ការរក្សា[បន្តឃុំខ្លួនលោក កើត សារ៉ាយ]ហ្នឹងដើម្បីទុកដំណើរការនីតិវីធីបន្ត»។
កញ្ញា អៀម ស្រីពេជ្ររតនា អាយុ២០ឆ្នាំ ជាសមាជិកគណៈកម្មការប្រតិបត្តិសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ដែលមកគាំទ្រលោក កើត សារ៉ាយ នៅសាលាឧទ្ធរណ៍ យល់ឃើញថា សកម្មភាពរបស់លោក កើត សារ៉ាយ ដែលចុះជួបជាមួយប្រជាពលរដ្ឋដែលរត់ចូលព្រៃ ភ័យខ្លាចក្នុងវិវាទដីធ្លីក្នុងខេត្តព្រះវិហារកាលពីកន្លងទៅ គឺគ្រាន់តែចង់ឃើញអាជ្ញាធរ និងរដ្ឋាភិបាលដោះស្រាយបញ្ហានោះ។ កញ្ញាបញ្ជាក់ថា លោក កើត សារ៉ាយ មិនបានញុះញង់ ឬធ្វើឱ្យប៉ះពាល់ដល់អាជ្ញាធរនោះឡើយ។
កញ្ញានៅតែទាមទារឱ្យតុលាការដោះលែងលោក កើត សារ៉ាយ ឱ្យមានសេរីភាពឡើងវិញ។
កញ្ញាប្រាប់អ្នកសារព័ត៌មាននៅក្រៅរបងតុលាការថា៖ «ចា៎! ថ្ងៃនេះ ហេតុអ្វីបានជាមានក្រុមយុវជនក៏ដូចជាខ្ញុំផ្ទាល់មកចូលរួមលើកស្លាកឱ្យដោះលែង លោក កើត សារ៉ាយ ឬក៏ស្លាកយុត្តិធម៌សម្រាប់លោក កើត សារ៉ាយ [គឺ]ដោយសារតែខ្ញុំមើលឃើញថា លោក កើត សារ៉ាយ ពិតជាមិនមានកំហុស។ ហើយគោលបំណងគឺមកចូលរួមលើកទឹកចិត្តដល់គាត់ ដែលគាត់បានលះបង់កម្លាំងកាយ ចិត្តដើម្បីជួយទៅដល់ប្រជាពលរដ្ឋ និងធ្វើកិច្ចការងារសង្គម ប៉ុន្តែគាត់ត្រូវជួបរឿងមួយដែលអយុត្តិធម៌។ អ៊ីចឹងថ្ងៃនេះ គោលបំណងធំ គឺមកលើកទឹកចិត្តហើយក៏ដូចជាមកទទូចស្នើសុំចង់ឱ្យតុលាការត្រូវតែដោះលែងលោក កើត សារ៉ាយ»។
ចំណែកលោក យឹម លាងហ៊ី ប្រធានស្តីទីសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ប្រាប់អ្នកសារព័ត៌មានថា លោកខកចិត្តចំពោះការសម្រេចរបស់តុលាការដែលបន្តឃុំខ្លួនលោក កើត សារ៉ាយ។ លោកបន្ថែមថា រដ្ឋាភិបាលនិងអាជ្ញាធរគួរតែចាត់ទុកលោក កើត សារ៉ាយ ជាដៃគូដើម្បីដោះស្រាយចំណុចខ្វះខាតនានា ជាជាងចោទប្រកាន់រូបលោកតាមផ្លូវតុលាការ។
លោកថ្លែងនៅសាលាឧទ្ធរណ៍ថា៖ «រដ្ឋាភិបាល ឬអាជ្ញាធរ ឬក៏សមត្ថកិច្ចគួរតែចាត់ទុកលោក កើត សារ៉ាយ ជាដៃគូដ៏មានសក្តានុពល ឬជាដៃគូដ៏ល្អបំផុតសម្រាប់រដ្ឋាភិបាល ដើម្បីលើកកម្ពស់យុត្តិធម៌សង្គមទៅវិញទេ ទើបជាការល្អ មិនមែនជាការផ្តល់ឱ្យគាត់នូវការធ្វើទុក្ខបុកម្នេញ តាមរយៈការបន្តឃុំខ្លួនដែលនឹងអាចធ្វើឱ្យស្ថាប័នជាតិ អន្តរជាតិ អង្គការផ្សេងៗ ឬប្រទេសនាំមុខលទ្ធិប្រជាធិបតេយ្យបន្តថ្កោលទោសរដ្ឋាភិបាលយើងទៀតទេ»។
លោក ឃុន លាងម៉េង អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមជាអក្សរថា៖ «ជនត្រូវចោទ ពុំមានទីលំនៅច្បាស់លាស់ បើឱ្យនៅក្រៅឃុំអាចប៉ះពាល់ការស៊ើបសួរ»។
ក្រោយមានការចោទ និងឃុំខ្លួនលោក កើត សារ៉ាយ ក្រុមយុវជន និងក្រុមអង្គការសង្គមស៊ីវិលមួយចំនួន បានធ្វើយុទ្ធនាការតាមបណ្តាញសង្គមហ្វេសប៊ុក ដោយទាមទារឱ្យដោះលែងលោក កើត សារ៉ាយ ជាបន្ទាន់ និងឥតលក្ខខណ្ឌ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បង្ហាញការសោកស្តាយចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍នាពេលនេះ។
លោកប្រាប់វីអូអេថា៖ «យើងឃើញថា ការស្នើសុំនៅក្រៅឃុំហ្នឹង លោក កើត សារ៉ាយ និងមេធាវី លោក កើត សារ៉ាយ បានដាក់នូវលក្ខខណ្ឌដែលជាការមើលទៅគួរគ្រប់គ្រាន់ក្នុងការអនុញ្ញាតនៅក្រៅឃុំបណ្តោះអាសន្នមែន។ ហើយមួយទៀត ជាគោលការណ៍នៃច្បាប់ ជម្រើសសេរីភាពជាធំ [ចំណែក]ការឃុំខ្លួនបណ្តោះអាសន្នគឺជាជម្រើសចុងក្រោយ ហើយត្រូវមានលក្ខខណ្ឌចាំបាច់ត្រូវឃុំខ្លួន ព្រោះការឃុំខ្លួនបណ្តោះអាសន្ន វាអាចធ្វើឱ្យប៉ះពាល់ទៅដល់សិទ្ធិរបស់ជនដែលត្រូវចោទ»។
លោក អំ សំអាត បន្ថែមថា ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើផ្នែកសិទ្ធិមនុស្ស និងអ្នកជំនាញរបស់អង្គការសហប្រជាជាតិ បានចាត់ទុកថា ការឃុំខ្លួននិងចោទប្រកាន់លោក កើត សារ៉ាយប៉ះពាល់សេរីភាពបង្កើតសមាគម ប៉ះពាល់សេរីភាពជួបជុំ ដោយសន្តិវិធី និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេរីភាពនៃការបញ្ចេញមតិ។ លោកបញ្ជាក់ថា លោក កើត សារ៉ាយ គ្រាន់តែបញ្ចេញមតិតាមសារព័ត៌មានផ្សេងៗ និងធ្វើសកម្មភាពស្របតាមលក្ខន្តិកៈដែលសមាគមរបស់លោកតម្តល់នៅក្រសួងមហាផ្ទៃ។
គួរបញ្ជាក់ថា លោក កើត សារ៉ាយ ត្រូវបានអាជ្ញាធរចម្រុះដែលមានទាំងស្លៀកពាក់ស៊ីវិល និងឯកសណ្ឋានជាង១០នាក់ ចាប់ខ្លួននៅទីស្នាក់ការសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបាននាំខ្លួនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយ និងបញ្ចេញមតិអំពីវិវាទដីធ្លីនៅឃុំស្រយង់ និងឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ៕