នៅពេលដែលលោក Musa Abdullahi កំពុងរៀបចំខ្លួនដើម្បីការបួងសួងតាមបែបសាសនាអ៊ិស្លាម កាលពីថ្ងៃសុក្រ មានរឿងមួយបានផុសឡើងនៅក្នុងគំនិតរបស់លោក។
លោកនិយាយថា លោកបារម្ភអំពីសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ហើយអ្វីដែលលោកកាន់តែបារម្ភខ្លាំងនោះ គឺស្ថានភាពដ៏លំបាករបស់អ្នកកាន់សាសនាអ៊ិស្លាមនៅប៉ាឡេស្ទីន។
បន្ទាប់ពីបានបួងសួងចប់ភ្លាម លោក Abdullahi បានចូលរួមដើរហែក្បួនជាមួយអ្នកកាន់សាសនាអ៊ិស្លាមជាច្រើនទៀតនៅលើដងដើម្បីបង្ហាញការគាំទ្រដល់ពលរដ្ឋប៉ាឡេស្ទីន ហើយបានរិះគន់ការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា (Gaza)។
លោកថ្លែងថា៖ «អ្នកឃើញស្រាប់ហើយថា មនុស្សកំពុងកាន់ទង់ជាតិប៉ាឡេស្ទីន និងស្រែកបន្ទោពាក្យស្លោកគាំទ្រដល់ពលរដ្ឋប៉ាឡេស្ទីន ដើម្បីប្រឆាំងនឹងអំពើអយុត្តិធម៌ ជាពិសេសអយុត្តិធម៌សម្រាប់ស្ត្រី និងកុមារ ដែលរងការវាយប្រហារយ៉ាងព្រៃផ្សៃពីសំណាក់ទាហានអ៊ីស្រាអែល»។
ការខឹងសម្បានៅប្រទេសនីហ្សេរីយ៉ា កំពុងកើនឡើង នៅពេលដែលចំនួនមនុស្សស្លាប់បន្តកើនឡើង នៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។ ពលរដ្ឋអ៊ីស្រាអែលជាង ១.៤០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដ៏ប្រល័យរបស់ក្រុមហាម៉ាស់ដែលមិនធ្លាប់កើតមានពីមុន នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដែលបានផ្ទុះឡើងកាលពីជាងពីរសប្ដាហ៍កន្លងទៅ ខណៈដែលការវាយបករបស់អ៊ីស្រាអែលលើក្រុមហាម៉ាស់ បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនជាង ៤.០០០នាក់។
ជារៀងរាល់ឆ្នាំ ពលរដ្ឋនីហ្សេរីយ៉ាជាង ៩០.០០០នាក់ តែងធ្វើដំណើរទៅទស្សនាទីសក្ការបូជានានានៅតំបន់មជ្ឈិមបូព៌ា។ អាជ្ញាធរនីហ្សេរីយ៉ាបានថ្លែងកាលពីសប្តាហ៍មុនថា ពួកគេបារម្ភអំពីការកើនឡើងនៃអំពើហិង្សានៅទីនោះ។
កាលពីពីរសប្ដាហ៍មុន គណៈកម្មការធម្មយាត្រាគ្រិស្តបរិស័ទនីហ្សេរីយ៉ា បានផ្អាកផែនការធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ដោយសារតែវិបត្តិដែលកំពុងបន្តកើតឡើងនៅទីនោះ។
កាលពីថ្ងៃទី ១៩ ខែតុលា ឧត្តមក្រុមប្រឹក្សាច្បាប់អ៊ិស្លាម Sharia នៅប្រទេសនីហ្សេរីយ៉ា បានធ្វើសន្និសីទសារព័ត៌មានមួយដោយរិះគន់ការសម្លាប់មនុស្ស ដោយលើកឡើងថា ទង្វើនេះគឺជាការរំលោភសិទ្ធិមនុស្ស។
ឧត្តមក្រុមប្រឹក្សានេះ បានស្ដីបន្ទោសសហរដ្ឋអាមេរិកដែលបានថ្លែងគាំទ្រអ៊ីស្រាអែល ហើយបានអំពាវនាវឲ្យអង្គការសហប្រជាជាតិប្រកាន់នូវជំហរដ៏ច្បាស់លាស់មួយលើបញ្ហានេះ។
ឧត្តមក្រុមប្រឹក្សាដដែល ក៏បានលើកទឹកចិត្តឲ្យអាជ្ញាធរនីហ្សេរីយ៉ា ពិនិត្យឡើងវិញនូវទំនាក់ទំនងរបស់ខ្លួនជាមួយអ៊ីស្រាអែលផងដែរ។
លោក Sheikh Abdur-Rasheed Hadiyatullah ប្រធាននៃឧត្តមក្រុមប្រឹក្សានេះ បានថ្លែងថា៖ «ក្រៅពីឧក្រិដ្ឋភាព និងកង្វះមនុស្សធម៌ វាបានបង្ហាញឲ្យឃើញយ៉ាងច្បាស់អំពីបរាជ័យរបស់ស្ថាប័នពិភពលោកនានាដែលបង្កើតឡើងនៅក្រោយសង្គ្រាមលោកលើកទី ២ ក្នុងការការពារមនុស្សជាតិ។ សហគមន៍អន្តរជាតិ បានបរាជ័យក្នុងការដោះស្រាយឫសគល់នៃជម្លោះនេះ»។
កាលពីសប្ដាហ៍មុន សហរដ្ឋអាមេរិកបានបោះឆ្នោតបដិសេធទៅលើសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលអំពាវនាវឲ្យមានបទឈប់បាញ់គ្នាដើម្បីមានឱកាសផ្ដល់ជំនួយសង្គ្រោះទៅដល់តំបន់ហ្កាហ្សាស្ទ្រីព (Gaza Strip)។
នាពេលនេះ ខណៈដែលការប្រយុទ្ធគ្នានៅតែបន្ត ពលរដ្ឋនីហ្សេរីយ៉ាដែលតែងតែចូលរួមធម្មយាត្រា កំពុងទន្ទឹងរង់ចាំ ដោយសង្ឃឹមថា ជម្លោះនេះនឹងចប់ ហើយពួកគេអាចធ្វើដំណើរទៅទីនោះម្ដងទៀតដោយសុវត្ថិភាព៕
ប្រែសម្រួលដោយលោក នៀម ឆេង