ការ​ប្រកួត​ Super Bowl ដើម្បី​យក​ពានរង្វាន់​សម្ព័ន្ធ​បាល់​ឱប​ថ្នាក់​ជាតិ​អាមេរិក​នឹង​ចាប់​ផ្ដើម​នៅ​យប់​នេះ

ក្រុម​ប្រកួត​តម្រង់​ជួរ​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ដល់​លោក Kobe Bryant និង​លោក Chris Doleman នៅ​ពេល​ប្រកួត។

ក្រុម​កីឡា​បាល់​ឱប​អាមេរិកាំង​ចំនួន​ពីរ​ ដែល​មាន​ក្រុម San Francisco 49ers និង​ក្រុម Kansas City Chiefs នឹង​ប្រកួត​គ្នា​នៅ​យប់​នេះ​ក្នុង​ទីក្រុង Miami រដ្ឋ Florida នៅ​ក្នុង​ការ​ប្រកួត​ជើង​ឯក​សម្ព័ន្ធ​បាល់​ឱប​ថ្នាក់​ជាតិ​អាមេរិក​ដែល​មាន​ឈ្មោះ​ថា Super Bowl។

ក្រុម​កីឡា Chiefs ទើប​តែ​មាន​ឱកាស​ប្រកួត​ដល់​ជុំ​ផ្ដាច់​ព្រ័ត្រ​លើក​នេះ​ប៉ុណ្ណោះ ចាប់​តាំង​ពី​ឆ្នាំ​១៩៧០មក ដែល​មាន​រយៈពេល​២៦​ឆ្នាំ​មកហើយ គឺ​មុន​ពេល​ដែល​កីឡាករ​ខ្សែប្រយុទ្ធ​របស់​ខ្លួន លោក Patrick Mahomes ចាប់​កំណើត​ទៅ​ទៀត។ ​

ចំណែក​ឯ​ក្រុម 49ers វិញ សង្ឃឹម​ថា​នឹង​ទទួល​បាន​ជ័យជម្នះ​នៅ​ក្នុង​ការ​ប្រកួត Super Bowl នៅ​ថ្ងៃ​អាទិត្យ​នេះ។ ក្រុម​នេះ​មិន​ដែល​ឈ្នះ​បាន​ពានរង្វាន់​ទេ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៥​មក។

កីឡាករ Jimmy Garoppolo ដែល​ជា​កីឡាករ​ខ្សែប្រយុទ្ធ​របស់​ក្រុម 49ers នេះ ព្យាយាម​ដើម្បី​ឈ្នះ​ពានរង្វាន់ Super Bowl ជា​លើក​ដំបូង ក្នុង​នាម​ជា​កីឡាករ​ដែល​ទើប​តែ​ចាប់​ផ្ដើម​ចូល​លេង​ម្នាក់។ លោក Garoppolo ធ្លាប់​លេង​ឲ្យ​ក្រុម New England Patriots ដែល​ធ្លាប់​ឈ្នះ​ពានរង្វាន់ មុន​ពេល​ដែល​លោក​ប្ដូរ​ទៅ​លេង​ឲ្យ​ក្រុម 49ers។

គេ​រំពឹង​ថា ពលរដ្ឋ​អាមេរិកាំង​ជាង​១០០​លាន​នាក់​នឹង​ទស្សនា​ការ​ប្រកួត​កីឡា​នេះ​។​
តារាចម្រៀង កញ្ញា Demi Lovato នឹង​ច្រៀង​បទ​គោរពទង់ជាតិ ហើយ​តារាចម្រៀង Shakira និង​ Jennifer Lopez នឹង​ច្រៀង​នៅ​វគ្គ​ពាក់កណ្ដាល​ការ​ប្រកួត។ ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង ៦:៣០នាទី​ល្ងាច​ម៉ោង​ក្នុង​សហរដ្ឋអាមេរិក នៅ​ឯ​ពហុកីឡាដ្ឋាន Hard Rock ក្នុង​ក្រុង Miami៕