កីឡាការិនីដែលរក្សាមេដាយមាសផ្នែកកីឡាកាយសម្ព័ន្ធនៅកីឡាអូឡាំពិកក្រុងតូក្យូនៅឆ្នាំនេះ នាង Sunisa Lee គឺជាក្មេងមិនចេះអួតខ្លួនឯងទេ។ នេះបើតាមអ្នកស្រី Yeng Thao ម្តាយរបស់នាងប្រាប់វីអូអេភាសាលាវ។
លោកស្រីបានឲ្យដឹងទៀតថា ដំបូងឡើយនាងត្រូវឪពុកម្តាយបញ្ជូនឲ្យទៅហាត់កីឡា ដើម្បីជាការលត់ដំខាងវិន័យ ហើយអាចជួយឲ្យនាងទទួលបានអាហារូបករណ៍ទៅរៀននៅមហាវិទ្យាល័យតែប៉ុណ្ណោះគឺ មិនបាននឹកស្រមៃថានឹងក្លាយជាជ័យលាភីបានមេដាយអ្វីពីកីឡាអូឡាំពិកនោះទេ កុំថា ឡើយដល់ទៅមេដាយមាសនោះ។
«ដូច្នេះខ្ញុំមានមោទនភាពណាស់អំពីកូនស្រីរបស់ខ្ញុំ។ នាងមិនចេះអួតខ្លួនច្រើនទេ។ នាងមិនមែនជាអ្នកនិយាយច្រើនទេ។ នាងជានារីសុភាពរាបសារណាស់ចា៎»។
អ្នកស្រីថ្លែងដោយយោងដល់មោទនភាពនិងការអបអរពីសហគមន៍រដ្ឋ Minnesota ដែលអ្នកស្រីថានឹងមានការដង្ហែនាងពីអាកាសយានដ្ឋានពេលនាងមកផ្ទះវិញ។
កើតនៅថ្ងៃទី ៩ មីនា ឆ្នាំ ២០០៣ នៅរដ្ឋ Minnesota នាង Sunisa Lee ជាកូនគ្រួសារជនភៀសខ្លួនពីប្រទេសលាវ ពេលម្តាយរបស់នាងនៅជាកុមារីនៅឡើយ។
អ្នកស្រី Yeng Thao ប្រាប់វីអូអេថា កូនស្រីរបស់គាត់ចូលចិត្តលេងលោតហក់ប្លែកៗ ដែលនាំឲ្យអ្នកស្រីយល់ថានាងចូលចិត្តកីឡា។ អ្នកស្រីសម្រេចចិត្តបញ្ចូននាងទៅហាត់កីឡា ដើម្បីបំពេញចំណង់នាងផងនិងដើម្បីឲ្យបានរៀនពីវិន័យកីឡាផង ដើម្បីក្លាយជាមនុស្សល្អឡើង។
«អ្នកដឹងទេពេលកូនធំឡើង យើងតែងតែមិនចង់ឱ្យកូនៗរបស់យើងដើរផ្លូវខុសដូច្នោះ ឬធ្វើជាមនុស្សអាក្រក់ ដូច្នេះយើងតែងតែចង់ឱ្យពួកគេក្លាយជាមនុស្សល្អ។ ដូច្នេះយើងតែងតែចង់ស្វែងរកអ្វីមួយ ដើម្បីឱ្យពួកគេធ្វើដូច្នេះពួកគេអាចមានវិន័យ ដើម្បីក្លាយជាមនុស្សល្អម្នាក់»។
នាង Sunisa Lee មកពីទីក្រុង Little Canada រដ្ឋ Minnesota ជាពលរដ្ឋអាមេរិកាំងដើមកំណើត Hmong ទី ១ ដែលត្រូវបានជ្រើសរើសឲ្យចូលក្នុងក្រុមកីឡាអូឡាំពិកពីសហរដ្ឋអាមេរិកខាងកាយសម្ព័ន្ធ។
កាលពីថ្ងៃព្រហស្បតិ៍ទី ២៩ ខែកក្កដា នាងបានរក្សាកេរ្តិ៍ឈ្មោះជ័យលាភីមេដាយមាស ដែលសហរដ្ឋអាមេរិកទទួលបានតាំងពីឆ្នាំ ២០០៤ ដោយកីឡាការិនី ដូចជានាង Carly នាង Nastia នាង Gabby និងនាង Simone។ ជ័យជម្នះរបស់នាងកើតឡើងនៅថ្ងៃចុងក្រោយនៃការប្រកួតរយៈពេលបីថ្ងៃ ក្រោយពីកីឡាការិនីខាងកាយសម្ព័ន្ធដ៏ល្បីឈ្មោះគឺនាង Simone Biles បានសម្រេចចិត្តចាកចេញពីការប្រកួត ដោយសារនាងមានស្មារតីនិងអារម្មណ៍មិនល្អ។
នៅពេលនេះនាង Sunisa អាយុ ១៨ ឆ្នាំ បានធ្វើឲ្យសហរដ្ឋអាមេរិកបានមេដាយមាសក្នុងការប្រកួតកីឡាអូឡាំពិកជាប្រវត្តិសាស្ត្រ ក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩។
កាលពីឆ្នាំ ២០១៩ នាង Sunisa បានខិតខំប្រឹងប្រែងហាត់និងប្រកួតរហូតបានក្លាយទៅជាកីឡាការិនីដ៏ឆ្នើមលំដាប់ទី ២ ខាងកាយសម្ព័ន្ធនៅសហរដ្ឋអាមេរិក បន្ទាប់ពីនាង Simone។
ក្នុងការប្រកួតកីឡាអូឡាំពិកវិញ្ញាសាកាយសម្ព័ន្ធនេះ នាង Rebecca Andrade មកពីប្រទេសប្រេស៊ីលបានទទួលមេដាយប្រាក់ដែលជាលំដាប់ទី ២ ហើយនាង Angelina Melnikova មកពីប្រទេសរុស្ស៊ីបានទទួលមេដាយសំរិទ្ធដែលជាលំដាប់ទី ៣។
គេបានរំពឹងថា ការប្រកួតកីឡាអូឡាំពិកក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ នឹងមានលទ្ធផលដែលមិនអាចគិតស្មានទុកជាមុន សូម្បីតែ Sunisa Lee ខ្លួនឯងក៏មិនរំពឹងថា នាងអាចឈ្នះបានជើងឯកស្ត្រីខាងកីឡាកាយសម្ព័ន្ធនេះដែរ។
នាង Sunisa Lee បាននិយាយថា នៅពេលទៅប្រកួតនោះនាងមិនដែលបានគិតថា នាងអាចប្រកួតបានមេដាយមាសទេ។ នាងគិតថាអាចយកបានត្រឹមតែមេដាយប្រាក់ប៉ុណ្ណោះ។
នាង Sunisa Lee នឹងចូលរៀននៅសាកលវិទ្យាល័យ Auburn នៅខែសីហានេះ៕