អ្នកដាក់គ្រាប់បែកអត្តឃាតក្នុងរថយន្តរបស់ពួកតាលីបង់បានវាយប្រហារក្បួនរថយន្តរបស់កងទ័ពបរទេសនៅក្នុងរដ្ឋធានីកាប៊ុលក្នុងអំឡុងពេលម៉ោងដ៏មមារញឹកនៅពេលព្រឹក។
មន្រ្តីប៉ូលិសម្នាក់របស់អាហ្វហ្គានីស្ថានបាននិយាយថា ជនស៊ីវិល ០៣នាក់បានរងរបួស ក៏ប៉ុន្តែលោកមិនបាននិយាយថាតើមានកងទ័ពបរទេសទទួលរងគ្រោះនៅក្នុងការវាយប្រហារនៅថ្ងៃអាទិត្យនេះដែរ ឬទេ។ រថយន្តសង្រ្គោះបន្ទាន់បានត្រូវគេឃើញចាកចេញពីកន្លែងកើតហេតុនៅផ្នែកដ៏មមារញឹកមួយនៃរដ្ឋធានីប្រទេសអាហ្វហ្គានីស្ថាន។
ឧត្តមសេនីយ៍ Abdul Rahman Rahimi ប្រធានប៉ូលិសរដ្ឋធានីកាប៊ុលនិយាយថា «អ្នកដាក់គ្រាប់បែកអត្តឃាតម្នាក់ ដែលប្រើប្រាស់រថយន្តម៉ាក្ស Corolla បានបុករថយន្តម៉ាក្ស Humvee ហើយបណ្តាលឲ្យមានការខូចខាតបន្តិចបន្តួចដល់រថយន្ត Humvee នោះ តែសំណាងណាស់ដែលគ្មាននរណាស្លាប់ ទាំងជនស៊ីវិល និងកងទ័ពបរទេស និងមានតែមនុស្ស៣នាក់ប៉ុណ្ណោះដែលបានរងរបួសស្រាល ហើយពួកគេ បានត្រូវប៉ូលិសដឹកទៅកាន់មន្ទីរពេទ្យ»។
ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកបានផ្សាយបន្តផ្ទាល់ពីរថយន្តយោធាដែលត្រូវបានបំផ្លាញនោះ។អ្នកនាំពាក្យបេសកកម្ម Resolute Support ដែលដឹកនាំដោយអង្គការណាតូបានបញ្ជាក់ពីការវាយប្រហារក្បួនរថយន្តរបស់អង្គការ។
លោក Zabihullah Mujahidអ្នកនាំពាក្យក្រុមតាលីបង់បានចេញផ្សាយសេចក្តីថ្លែងការណ៍លម្អិតតាមសារអេឡិចត្រូនិចទៅកាន់ VOA អំពីការវាយប្រហារនោះ។អ្នកនាំពាក្យក្រុមតាលីបង់រូបនោះបាននិយាយថា ការបំផ្ទុះគ្រាប់បែកអត្តឃាតបានធ្វើឡើងនៅក្នុងការឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសដោយកងទ័ពបរទេសនៅក្នុងផ្នែកនានានៃប្រទេសអាហ្វហ្គានីស្ថាន រួមទាំងនៅទីក្រុង Kunduz ដែលបានសម្លាប់ជនស៊ីវិលរួមទាំងវេជ្ជបណ្ឌិតផង៕