២៥​នាក់ស្លាប់​នៅ​ក្នុង​បំផ្ទុះគ្រាប់បែក​អត្តឃាត​នៅ​អាហ្វហ្គានីស្ថាន

​ការ​បំផ្ទុះ​គ្រាប់​បែក​បាន​កើត​មាន​ឡើង​មិន​ឆ្ងាយ​ពី​មូលដ្ឋាន​យោធា​អាមេរិកាំង​មួយ​នៅ​ក្នុង​ខេត្ត​នោះ​នៃ​ប្រទេស​​​អាហ្វហ្គានីស្ថាន ដែល​​ស្ថិត​នៅ​ជាប់​ព្រំដែន​ប្រទេស​បាគីស្ថាន។

បណ្តាញ​ផ្សាយ​ព័ត៌មាន​ក្នុង​មូលដ្ឋាន និងក្រុម​មន្ត្រី​ពេទ្យ​បាន​រាយការណ៍​ថា អ្នក​ដាក់​គ្រាប់បែក​អត្តឃាត​ម្នាក់​បាន​បំផ្ទុះឡាន​ ដែលមាន​ផ្ទុកដោយ​គ្រឿង​ផ្ទុះ​នៅ​ជិត​កន្លែង​ឆែកឆេរ​សន្តិសុខ​មួយ​នៅ​ក្នុង​ប៉ែក​អាគ្នេយ៍​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​ ដែល​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច​ណាស់​២៥​នាក់​ស្លាប់​ និង​ធ្វើ​ឲ្យ​មនុស្ស​ច្រើននាក់​ទៀតត្រូវ​របួស។

ការ​បំផ្ទុះ​គ្រាប់បែកនៅ​ក្នុង​ខេត្ត​ Khost បាន​កើត​មានឡើង​នៅ​ក្នុង​កន្លែង​មួយ​ ដែល​មាន​មនុស្ស​កក​កុញ។ ​គេ​បាន​និយាយ​ថា​ ជន​រង​គ្រោះ​ភាគ​ច្រើន​ជា​ជន​ស៊ីវិល។​ អំពើហិង្សា​នេះ​បាន​កើត​មាន​ឡើង​មិន​ឆ្ងាយ​ពី​មូលដ្ឋាន​យោធា​អាមេរិកាំង​មួយ​នៅ​ក្នុង​ខេត្ត​នោះ​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន ដែលស្ថិត​នៅ​ជាប់​ព្រំដែន​ប្រទេស​បាគីស្ថាន។

គេ​មិន​ទាន់​ដឹង​ច្បាស់​លាស់​នៅ​ឡើយ​ទេ​ថាតើ​ ពួក​តាលីបង់​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​នោះ​ឬ​បែបណាទេ។ ពួក​តាលីបង់​បាន​អះអាង​ទាមទារ​ការទទួល​ខុស​ត្រូវ​ដល់​ការ​បំផ្ទុះ​គ្រាប់បែក​ស្រដៀង​គ្នា​នេះ​។​

ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នេះ​បានកើត​មាន​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ បន្ទាប់​ពី​ពួក​មេដឹកនាំ​តាលីបង់​បាន​ជួបជាមួយ​ក្រុមអ្នកតំណាង​នៃរដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​នៅ​ក្នុង​ប្រទេស​បាគីស្ថាន​នៅ​ជិតខាង​ ដើម្បី​ពិភាក្សា​គ្នា​អំពី​វិធី​ធ្វើ​ឲ្យ​មាន​ការ​បញ្ចប់​អរិភាពនៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។ កិច្ចចរចា​ដំបូង​នេះ​ជា​ការ​ចរចា​គ្នា​លើកទី​មួយ​ដែល​ក្រុម​តាលីបង់ ​និង​ក្រុមមន្ត្រី​រដ្ឋាភិបាលបានជួប​ទាក់ទង​គ្នា​ដោយ​ផ្ទាល់​ក្នុង​រយៈពេល​១៣​ឆ្នាំមក​នេះ៕