ក្រុមមន្ត្រីលីបង់បាននិយាយថា ការវាយប្រហារដោយអ្នកដាក់គ្រាប់បែកអត្តឃាតនៅក្នុងហាងកាហ្វេមួយក្នុងក្រុង Tripoli នៅប៉ែកខាងជើងប្រទេសបានបណ្តាលឲ្យមនុស្សយ៉ាងតិចណាស់៩នាក់ស្លាប់និងមនុស្ស៣៧នាក់ទៀតរងរបួស។
ក្រុមអ្នកឃើញហេតុការណ៍ដោយផ្ទាល់បាននិយាយថា អ្នកដាក់គ្រាប់បែកម្នាក់បានបំផ្ទុះគ្រឿងផ្ទុះនៅខាងក្នុងហាងកាហ្វេនោះដែលឋិតនៅក្នុងសង្កាត់ Jabal Mohsen របស់ក្រុមអ្នកកាន់សាសនាអ៊ីស្លាម និកាយអាឡាវីត (Alawite)។មានរបាយការណ៍ដែលនិយាយថាមានអ្នកដាក់គ្រាប់បែកអត្តឃាតទីពីរបានបំផ្ទុះគ្រឿងផ្ទុះនៅខាងក្រៅហាងកាហ្វេនោះនៅពេលមានមនុស្សប្រមូលផ្តុំគ្នានៅកន្លែងនោះ ដែលស្ថិតនៅក្នុងក្រុងធំទីពីររបស់ប្រទេសលីបង់។
រណសិរ្ស Nusra មានចំណងទាក់ទងជាមួយក្រុមអាល់កៃដា (al-Qaida) បានអះអាងទាមទារការទទួលខុសត្រូវដល់ការវាយប្រហារកាលពីថ្ងៃសៅរ៍នោះ។ក្រុមមន្ត្រីសន្តិសុខកំពុងស៊ើបអង្កេតអំពីការផ្ទុះគ្រាប់បែកនេះហើយ។ ហាងកាហ្វនេះឋិតនៅតាមផ្លួវមួយដែលបែងចែកសង្កាត់ Jabal Mohsen ពីសង្កាត់ Sunni Bab-al Tabbaneh។
ជាច្រើនទសវត្សរ៍មកហើយ សង្កាត់ទាំងពីរនេះជាមជ្ឈមណ្ឌលនៃការប៉ះទង្គិចគ្នាដែលបានត្រូវបញ្ឆេះថែមទៀតដោយសារសង្គ្រាមនៅក្នុងប្រទេសស៊ីរីនិងដោយសារសកម្មភាពរបស់ប្រធានាធិបតីស៊ីរីលោក Bashar al-Assad ដែលជាអ្នកគោរពសាសនាអ៊ីស្លាមនិកាយអាឡាវីត៕