ក្រុមមន្រ្តីអាហ្វហ្គានីស្ថានបានថ្លែងថា ការដាក់គ្រាប់បែកអត្តឃាតក្នុងរថយន្តនៅក្បែរស្ថានទូតរុស្ស៊ីនៅក្នុងរដ្ឋធានីកាប៊ុល បានសម្លាប់មនុស្សអស់យ៉ាងហោចណាស់ចំនួន៧នាក់។
ប៉ូលិសបានថ្លែងថា ការវាយប្រហារនេះសំដៅទៅលើរថយន្តក្រុងខ្នាតតូចមួយគ្រឿងដែលដឹកទំនិញរបស់ប៉ុស្តិ៍ទូរទស្សន៍ឯកជនមួយរបស់អាហ្វហ្គានីស្ថាន។ បុគ្គលិករបស់ទូរទស្សន៍ Tolo TV ចំនួន៧នាក់បានស្លាប់។
ក្រុមតាលីបង់បានបញ្ជាក់ថា រថយន្តនោះបានសំដៅទៅរកបុគ្គលិកនៃប៉ុស្តិ៍ទូរទស្សន៍ Tolo នៅពេលដែលក្រុមនេះអះអាងថា ការវាយប្រហារនេះគឺជាស្នាដៃរបស់ខ្លួន។ នៅក្នុងលិខិតមួយផ្ញើទៅកាន់ស្ថាប័នផ្សព្វផ្សាយព័ត៌មាន រួមមានទាំង VOA ផងនោះ អ្នកនាំពាក្យរបស់ក្រុមតាលីបង់ គឺលោក Zabihullah Mujahid បានចោទប្រកាន់ប៉ុស្តិ៍ទូរទស្សន៍នោះថា បានផ្សាយព័ត៌មានប្រឆាំងនឹងក្រុមអ្នកកាន់សាសនាឥស្លាម ប្រឆាំងនឹងសម្ភារៈរបស់អាហ្វហ្គានីស្ថាននិងតាលីបង់ ហើយបានព្រមានដល់ស្ថាប័នផ្សព្វផ្សាយព័ត៌មានផ្សេងទៀតរបស់អាហ្វហ្គាកានីស្ថានឲ្យរៀនពីមេរៀននៃការវាយប្រហារកាលពីថ្ងៃពុធនេះ។
បុគ្គលិកនៃស្ថានទូតរុស្ស៊ីដែលស្ថិតនៅក្បែរនោះមិនមានរបួសអ្វីនោះទេ។ នេះបើយោងតាមក្រុមមន្រ្តីនៃក្រសួងការបរទេសរុស្ស៊ី។
បេសកកម្មគាំទ្រដំណោះស្រាយរបស់អង្គការ NATO ប្រចាំនៅប្រទេសអាហ្វហ្គាកានីស្ថានបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ៕