បាតុករ​នៅ​ស៊ូដង់​និយាយ​ថា ​ពួក​យោធា​បាន​ព្យាយាម​បំបែក​ការ​អង្គុយ​ធ្វើ​បាតុកម្ម​របស់​ពួកគេ

ក្រុម​បាតុករ​ស៊ូដង់​ស្រែក​ពាក្យ​ស្លោក​នៅ​ពី​មុខ​កងកម្លាំង​សន្តិសុខ ក្នុង​ពេល​បាតុកម្ម​មួយ​ក្នុង​ក្រុង Khartoum ប្រទេស​ស៊ូដង់ កាលពី​ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩។

អ្នករៀប​ចំការ​តវ៉ា​នៅ​ស៊ូដង់​និយាយ​ថា ពួក​យោធា​បាន​ព្យាយាម​បំបែក​បាតុកម្ម​អង្គុយ​ជា​ច្រើន​ថ្ងៃនៅ​ក្រៅ​បញ្ជាការដ្ឋានកងទ័ព​នៅរដ្ឋធានី​ Khartoum ​បន្តែ​ក្រោយ​មក​បានដក​ថយ​វិញ។​

បាតុករ​និយាយ​ថា ​កងទ័ព​បាន​ព្យាយាម​បំបែក​ការ​អង្គុយ​បាតុកម្មនោះ​ប៉ុន្តែត្រូវ​បាន​បាតុករ​ដែល​សាមគ្គីគ្នា​ស្រាក់ដៃ​គ្នា​ជា​រង្វង់​រារាំង​កាល​ពីថ្ងៃ​ចន្ទ។ ​

សមាគម​អ្នក​មាន​វិជ្ជាជីវៈ​របស់​ស៊ូដង់​ជាក្រុម​ធំដែលដឹកនាំ​ចលនា​តវ៉ានេះ បាន​អំពាវនាវ​ឱ្យ​មាន​មនុស្ស​កាន់តែ​ច្រើន​ឡើង​ចូលរួម​ក្នុង​ការ​អង្គុយ​បាតុកម្ម​បន្ទាប់ពី​យោធា​ធ្វើ​សកម្មភាព។​

អ្នករៀប​ចំ​បាតុកម្ម​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ​«យើង​អំពាវនាវ​សូម​ឲ្យ​ប្រជាជន​រួត​រះមកចូលរួម​បាតុកម្ម​អង្គុយតវ៉ា​ដើម្បី​ការពារ​បដិវត្តន៍​របស់​យើង»។​

កាលពី​ថ្ងៃចន្ទ ​មេដឹកនាំ​បាតុករ​បាន​ទាមទារ​ម្តង​ទៀត​ឱ្យក្រុម​ប្រឹក្សា​យោធា​ថ្មី​របស់​ប្រទេស​នេះ​រំលាយ​ខ្លួន ហើយ​ជំនួស​ដោយ​រដ្ឋាភិបាល​ស៊ីវិល ​បន្ទាប់ពី​មាន​រដ្ឋប្រហារ​យោធា​ដែលបាន​បណ្តេញ​លោក​ប្រធានាធិបតី ​Omar al-Bashir ​ចេញ​ពីតំណែងកាលពី​សប្តាហ៍​មុន។

លោក ​Mohamed Naji ​មេដឹក​នាំជាន់​ខ្ពស់​នៃ​សមាគម​អ្នក​មាន​វិជ្ជាជីវៈ​របស់​ស៊ូដង់បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ​ក្រុមនេះ​ចង់​ឲ្យ​បង្កើតក្រុម​ប្រឹក្សា​ពលរដ្ឋមួយ​ដែល​មាន​អ្នក​តំណាង​មកពី​កងទ័ព​ផង​ដែរ៕