បទ​ឈប់បាញ់​​ពន្យារ​​ពេល តែ​ការ​ប្រយុទ្ធ​​គ្នា​​នៅបន្ត​

រូបឯកសារ៖ ស៊ូដង់​ខ្វះអាហារ​និង​ថ្នាំពេទ្យ​នៅពេល​ការប្រយុទ្ធ​បន្ត

កង​យន្តហោះ​ប្រតិកម្ម​ប្រយុទ្ធ​បានវាយប្រហារ​លើទីតាំងកងទាហានប៉ារ៉ា​ក្នុងក្រុង​ខាទុំ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ពេល​មានការប្រយុទ្ធ​គ្នា​និង​ការលួច​ឥវ៉ាន់​ក្នុង​តំបន់ Darfur ទោះ​ជាកង​ទ័ពនិង​កងកម្លាំង​បដិបក្ខ​បានយល់ព្រម​ពន្យារពេល​កិច្ចព្រមព្រៀង​ឈប់បាញ់​គ្នា​ក៏​ដោយ។

នៅម៉ោង​ចុង​ក្រោយនៃ​បទឈប់បាញ់គ្នាបី​ថ្ងៃដែល​ផុត​កំណត់​នៅ​ពាក់កណ្តាល​អធ្រាត្រ ​កងទ័ព​និងកងកម្លាំង​គាំទ្រ​រហ័ស RSF ​បានប្រកាស​ការពន្យារ​ពេល​ឈប់បាញ់​គ្នា​៧២ម៉ោង​ទៀត​ដោយសារ​មានសម្ពាធពីប្រទេសអារ៉ាប៊ីសាអ៊ូឌីតនិង​ស.រ.អ.។

មាន​ការប្រឹងប្រែងច្រើន​ដងដើម្បី​ធ្វើឱ្យមាន​ការព្រមព្រៀង​ឈប់បាញ់​គ្នាចាប់តាំងពី​មាន​ការប្រយុទ្ធ​គ្នាកាលពី​ថ្ងៃទី១៥ ខែ​មេសារវាងកងទ័ពប្រទេស​ស៊ូដង់​ដឹកនាំ​ដោយ​លោកនាយ​ឧត្តមសេនីយ៍ Abdel Fattah al-Burhan ​និងកង​ទាហាន​ប៉ារ៉ា RSF ដឹកនាំ​ដោយអនុប្រធាន​របស់​លោក​ដែល​ក្លាយ​ជា​គូបដិបក្ខ ​គឺ​លោក​ Mohamed Hamdan Daglo។ ការ​ប្រឹងប្រែង​ទាំង​នេះគ្មានជោគជ័យ​ទេ។

អ្នក​តំណាង​បរទេសដែល​ទាក់ទិន​នឹងការបញ្ឈប់​ការប្រយុទ្ធគ្នា​បាន​ស្វាគមន៍​ការពន្យារ​ពេល​ការឈប់បាញ់​គ្នាហើយសុំឱ្យមាន​ការអនុវត្តកិច្ច​ព្រមព្រៀងនេះ​ឱ្យ​បាន​ពេញ​លេញ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​មួយ​សហភាព​អាហ្វ្រិក ​អ.ស.ប. ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម ​ចក្រភព​អង់គ្លេសនិង​ស.រ.អ.បាន​អបអរ​សាទរ​«ការ​ប្រុងប្រៀប​របស់​ភាគីទាំង​ពីរក្នុង​ការសន្ទនា​គ្នា​ដើម្បី​ធ្វើឱ្យមាន​ការបញ្ឈប់អរិភាព​ឱ្យ​បាន​យូរ​ជាងមុន​និង​ធ្វើឱ្យ​ប្រាកដថា​មាន​ជំនួយ​មនុស្សធម៌​គ្មានបង្អាក់»។

ប្រទេស​ទាំងនេះនិយាយថាការធ្វើ​ដូច្នេះអាចនាំឱ្យមាន​ការបន្ថយភាព​តានតឹងត្រូវ​តាម​ផែនការ​សន្តិភាពកាលពី​ថ្ងៃទី២០ ​ខែមេសា។

រដ្ឋមន្ត្រី​ការបរទេសស.រ.អ​.​លោក Antony Blinken ​បាន​សរសេរតាម Twitter ​ថា៖
«យើង​ស្វាគមន៍​សេចក្តី​ប្រកាសរបស់កងយោធពល​ស៊ូដង់​និង​កងកម្លាំង​គាំទ្រ​រហ័ស​ដើម្បី​ពន្យារ​ពេល​ការឈប់បាញ់គ្នា​បន្ថែម​៧២​ម៉ោង​ទៀត​ក្នុង​ប្រទេស​ស៊ូដង់»៕