អតីតប្រធានាធិបតីនៃប្រទេសស៊ូដង់លោក Omar al-Bashir បានត្រូវគេយកទៅកាន់គុកនៅក្នុងរដ្ឋធានី ៥ថ្ងៃបន្ទាប់ពីក្រុមយោធាទម្លាក់លោកចេញពីដំណែង ហើយបានដាក់លោកនៅក្នុងការឃុំឃាំងក្នុងផ្ទះ។
សាច់ញាតិរបស់ប្រធានាធិបតីដែលត្រូវបានគេបណ្តេញចេញពីតំណែងនិយាយថា លោក Bashir ដែលមានអាយុ ៧៥ឆ្នាំ បានត្រូវគេយកទៅកាន់គុកកូបានៅក្នុងរដ្ឋធានី Khartoum កាលពីថ្ងៃអង្គារ ហើយត្រូវបានស្ថិតនៅក្រោមសន្តិសុខដ៏តឹងរ៉ឹងបំផុត។
គេមិនបានឃើញលោកជាសាធារណៈចាប់តាំងពីកងទ័ពបានទម្លាក់លោកនៅក្នុងរដ្ឋប្រហារមួយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បន្ទាប់ពីការតវ៉ាប្រឆាំងនៅតាមផ្លូវអស់រយៈពេលជាច្រើនខែ ដែលបណ្តាលមកពីម្ហូបអាហារ និងប្រេងឥន្ធនៈឡើងថ្លៃ។
បាតុកររាប់ពាន់នាក់នៅតែស្ថិតនៅខាងក្រៅបន្ទាយកងទ័ពទីក្រុង Khartoum ដើម្បីដាក់ការទាមទាររបស់ពួកគេឲ្យមានរដ្ឋាភិបាលអន្តរកាលមួយដែលដឹកនាំដោយស៊ីវិល។ មេដឹកនាំរដ្ឋប្រហារនិយាយកាលពីសប្តាហ៍មុនថា ក្រុមប្រឹក្សាដែលដឹកនាំដោយយោធានឹងដឹកនាំប្រទេសរយៈពេល២ឆ្នាំ។ សហភាពអាហ្វ្រិកនិងប្រទេសលោកខាងលិចជាច្រើនបានអំពាវនាវឲ្យមានអន្តរកាលយ៉ាងលឿនបំផុតទៅកាន់ការដឹកនាំស៊ីវិល និងការបោះឆ្នោត។
ក្នុងខណៈនោះដែរ ក្រុមឧទ្ទាមក្នុងរដ្ឋ Southern Kordofan និង Blue Nile និយាយថា ខ្លួននឹងបញ្ឈប់អរិភាពរហូតដល់ថ្ងៃទី៣១ ខែកក្កដា។ លោក Abdelaziz Adam al-Helew មេដឹកនាំក្រុមឧទ្ទាមបាននិយាយថា ចំណាត់ការនេះក៏ជួយសម្របសម្រួលការផ្ទេរអំណាចទៅឲ្យក្រុមមេដឹកនាំស៊ីវិលក្នុងប្រទេសស៊ូដង់ដែរ៕