សហគ្រិន​ស្ត្រី​កម្ពុជា​៖ ការធ្វើ​ជំនួញ​គឺ​ជា​ដំណើរ​រៀន​សូត្រ​​មួយ​ជីវិត

អ្នកស្រី វឹង ច័ន្ទដេលីស (​ឆ្វេង) ជាមួយ​នឹង​សិក្ខាកាម​ដទៃទៀត​ក្រោយ​ពី​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​មួយ​នៅ​មជ្ឈមណ្ឌល​WECREATE។ (រូបថត​ដកស្រង់​ពី​ហ្វេសប៊ុក)

អ្នកស្រី វឹង ច័ន្ទដេលីស គឺ​ជា​សហគ្រិន​ស្ត្រី​វ័យ​ក្មេង​ម្នាក់​នៅ​កម្ពុជា។ អ្នកស្រី​ជា​ម្ចាស់​ក្រុមហ៊ុនAsia Exotic Trading ដែល​ជា​សិប្បកម្ម​ផលិត​ក្រដាស​សើម​សម្រាប់​ទារក​ម៉ាក​អេលីស ម៉ាម់មី និង​ជូលី។

សហគ្រិន​ស្ត្រី​កម្ពុជា​ដែល​ជោគជ័យ​មើល​ឃើញ​ថា ការសិក្សា​គឺ​ជា​រឿង​សំខាន់​ដែល​មិន​អាច​មើល​រំលង​បាន​នៅ​ក្នុង​ការធ្វើ​អាជីវកម្ម។ អ្នកស្រី វឹង ច័ន្ទដេលីស គឺ​ជា​សហគ្រិន​ស្ត្រី​ម្នាក់​ដែល​មាន​បទពិសោធន៍​ធ្វើ​អាជីវកម្ម​អស់​រយៈពេល​ជិត​១០​ឆ្នាំ​មក​ហើយ។

បច្ចុប្បន្ន​នេះ អ្នកស្រី​មាន​អាជីវកម្ម​ផ្ទាល់​ខ្លួន​ចំនួន​ពីរ ដែល​ទទួល​បាន​ប្រាក់​ចំណេញ​នឹង​នរ ប៉ុន្តែ​អ្នកស្រី​នៅ​តែ​យល់​ថា អ្នកស្រី​នៅ​តែ​ត្រូវ​រៀន​សូត្រ​បន្ថែម​ទៀត​ដើម្បី​ជួយ​ពង្រឹង​និង​ពង្រីក​អាជីវកម្ម​របស់​ខ្លួន។

អ្នកស្រី ដេលីស គឺ​ជា​សហគ្រិន​ស្ត្រី​វ័យ​ក្មេង​ម្នាក់​នៅ​កម្ពុជា និងជា​ម្ចាស់​ក្រុមហ៊ុន Asia Exotic Trading ដែល​ជា​សិប្បកម្ម​ផលិត​ក្រដាស​សើម​សម្រាប់​ទារក​ម៉ាក​អេលីស ម៉ាម់មី និង​ជូលី។

ដោយ​មើល​ឃើញ​ពី​កំណើន​តម្រូវការ​ផលិតផល​ទារក​ក្នុង​ស្រុក អ្នកស្រី ដេលីស ក៏​បាន​សម្រេចចិត្ត​ចាប់​ផ្តើម​បើក​អាជីវកម្ម​របស់​ខ្លួន​កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៥ ដោយ​វាយ​លុក​ទីផ្សារ​ភាគច្រើន​នៅ​តាម​បណ្តា​ខេត្ត​នានា។ សិប្បកម្ម​ដែល​មាន​ទីតាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នេះ គឺ​ជា​អាជីវកម្ម​ទី​ពីរ​របស់​អ្នកស្រី បន្ទាប់​ពី​អ្នកស្រី​ទទួល​បាន​ជោគជ័យ​លើ​អាជីវកម្ម​ទី​មួយ​របស់​ខ្លួន។

អ្នកស្រី ដេលីស មាន​កំណើត​នៅ​រាជធានី​ភ្នំពេញ។ អ្នកស្រី​បាន​ចាប់​ផ្តើម​បើក​ក្រុមហ៊ុន​ទេសចរណ៍ Asia Exotic Tours កាល​ពី​ឆ្នាំ​២០០៨ ក្រោយ​ពី​អ្នក​ស្រី​បាន​បញ្ចប់​ការសិក្សា​បរិញ្ញាបត្រ​ផ្នែក​ទេសចរណ៍​នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ។ ក្រុមហ៊ុន​របស់​អ្នកស្រី​មាន​ផ្តល់​សេវា​ទេសចរណ៍​និង​សេវា​នានា​ដែល​ពាក់ព័ន្ធ​នឹង​ទេសចរណ៍ ដូចជា​ជា​ការ​ធ្វើ​ទិដ្ឋាការ​និង​ការពន្យារ​លិខិត​ឆ្លងដែន​ជាដើម។ អតិថិជន​របស់​អ្នកស្រី​គឺ​មាន​ទាំង​អ្នក​ក្នុង​ស្រុក​និង​ជនបរទេស ហើយ​សព្វថ្ងៃ​នេះ ក្រុមហ៊ុន​នេះ​មាន​បុគ្គលិក​ចំនួន​៨​នាក់ និង​ទទួល​បាន​ប្រាក់ចំណេញ​នឹង​នរ។

ប្រវត្តិ​ធ្វើ​ជំនួញ​របស់​អ្នកស្រី ដេលីស មិន​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​នោះ​ទេ​កាល​ពី​ដើម​ឡើយ មួយ​ផ្នែក​គឺ​ដោយសារ​តែ​គ្រួសារ​របស់​អ្នកស្រី​គ្មាន​នរណា​ម្នាក់​ធ្លាប់​មាន​បទពិសោធន៍​ខាង​ធ្វើ​ជំនួញ​នោះ​ឡើយ។ ឪពុក​របស់​អ្នកស្រី​គឺ​ជា​មន្ត្រី​រាជការ ហើយ​ម្តាយ​របស់​អ្នកស្រី​គឺ​ជា​មេផ្ទះ។ អ្នកស្រី​និយាយ​ថា ថ្វីដ្បិត​តែ​ស្វាមី​របស់​អ្នកស្រី​ក៏​ជា​អ្នកធ្វើ​អាជីវកម្ម​ក៏​ពិត​មែន ​ប៉ុន្តែ​វិធីសាស្រ្ត​ធ្វើ​អាជីវកម្ម​របស់​គាត់​មាន​លក្ខណៈ​ចាស់​គំរិល។

អ្នកស្រី ដេលីស ជឿ​ជាក់​ថា អ្នក​ធ្វើ​ជំនួញ​ជោគជ័យ​គឺ​មិន​ឈប់​រៀន​នោះ​ទេ ហើយ​ការយល់​ឃើញ​បែប​នេះ​បាន​ជំរុញ​ឲ្យ​អ្នកស្រី​ចូលរៀន​ក្នុង​កម្មវិធី​សហគ្រិន​មួយ ​នៅ​មជ្ឈមណ្ឌល WECREATE កាល​ពី​ចុង​ឆ្នាំ​២០១៥ ប៉ុន្មាន​ខែ​បន្ទាប់​ពី​អ្នកស្រី​បង្កើត​អាជីវកម្ម​ទី​ពីរ។

អ្នកស្រី វឹង ច័ន្ទ​ដេលីស​ គឺ​ជា​ម្ចាស់​ក្រុមហ៊ុន Asia Exotic Tour និង Asia Exotic Trading (រូបថត​ផ្តល់​ឲ្យ)

ស្ថិត​ក្រោម​កម្មវិធី ​Lower Mekong Initiative មជ្ឈមណ្ឌល WECREATE ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រសួង​ការបរទេស​អាមេរិក​ក្រោម​ការ​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន GriffinWorx ដែល​ជា​ក្រុមហ៊ុន​មួយ​ជួយ​ដល់​អាជីវកម្ម​ដែល​ទើប​បង្កើត​ថ្មី។ មជ្ឈមណ្ឌល WECREATE នៅ​កម្ពុជា​នេះ គឺ​ជា​មជ្ឈមណ្ឌល​ទី​មួយ​ដែល​បើក​ដំណើរការ​នៅ​ក្នុង​តំបន់​មេគង្គ​ក្រោម។

មជ្ឈមណ្ឌល WECREATE ដែល​មាន​ទីតាំង​ក្នុង​រាជធានី​ភ្នំពេញ មាន​ផ្តល់​កម្មវិធី​ជា​ច្រើន​ដល់​សហគ្រិន​ស្ត្រី ដែល​មាន​ចាប់​ពី​កម្មវិធី​បណ្តុះបណ្តាល​និង​បង្កើត​បណ្តាញ រហូត​ដល់​សេវា​មើល​ថែរក្សា​កុមារ​តូចៗ។ មជ្ឈមណ្ឌល​នេះ​ផ្តល់​ជា​ទីតាំង ធនធាន និង​មធ្យោបាយ​ដល់​ស្ត្រី ដើម្បី​ឲ្យ​ពួកគេ​អាច​ពង្រីក​ចំណេះដឹង​ខាង​ធ្វើ​អាជីវកម្ម​បាន។

ជា​សមិទ្ធិផល​ពី​ការ​ចូលរៀនក្នុង​វគ្គសិក្សា​នៅ​មជ្ឈមណ្ឌល​នេះ អ្នកស្រី ដេលីស អាច​ពង្រីក​សិប្បកម្ម​របស់​អ្នកស្រី ដោយ​បាន​ជួល​បុគ្គលិក​ពេញ​ម៉ោង​បន្ថែម​បាន​២​នាក់និង​បុគ្គលិក​ក្រៅ​ម៉ោង​បាន​៤​នាក់​ទៀត។

អ្នកស្រី​បាន​និយាយ​រៀបរាប់អំពី​អ្វី​ដែល​អ្នកស្រី​បាន​រៀន​ចេះ​ពី​វគ្គ​បណ្តុះបណ្តាល​នៅ​មជ្ឈមណ្ឌល WECREATE ថា៖

«បង​បាន​ដឹង​ច្រើន​ថា ឥឡូវ​យើង​ត្រូវ​ចាប់​ផ្តើម​ចំណុច​នេះៗ។ យើង​ត្រូវ​រៀបចំ​ផ្នែក operation [ប្រតិបត្តិការ] យើង​ម៉េច រៀប finance [ហិរញ្ញវត្ថុ] ម៉េច sales [ល​ក់] marketing [ទីផ្សារ]យើង​ត្រូវ​ធ្វើ​ម៉េច។ អញ្ចឹង​យើង improve business [ជួយ​អាជីវកម្ម] ​របស់​យើង​បាន​ច្រើន​ជាង​មុន»។

លោក Sean Griffin ដែល​ជា​ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន GriffinWorx បាន​ថ្លែង​ប្រាប់ VOA ថាស្ថាប័ន​របស់​លោក៖

«បាន​ឃើញ​ពី​តម្រូវការ​យ៉ាង​ខ្លាំង​របស់​សហគ្រិន​ស្ត្រី ដែល​មាន​មហិច្ឆតា​និង​ចំណង់ចំណូលចិត្ត​ធ្វើ​អាជីវកម្ម ប៉ុន្តែ​មាន​ចំណេះដឹង​ឬ​បទពិសោធន៍​តិចតួច​ក្នុង​ការ​ធ្វើ​អាជីវកម្ម​»។

មជ្ឈមណ្ឌល WECREATE មាន​គោលដៅ​បញ្ឈប់​ឧបសគ្គ​ផ្នែក​សង្គម​នានា​ដែល​ស្ត្រី​ជួប​ប្រទះ​នៅ​ក្នុង​ការប្រកប​អាជីវកម្ម។

លោក Griffin បាន​មាន​ប្រសាសន៍​ទៀត​ថា៖ «យើង​កំពុង​តែ​ប្រើប្រាស់​មធ្យោបាយ​នៃ​ការពង្រឹង​សេដ្ឋកិច្ច ដើម្បី​ដោះស្រាយ​បញ្ហា​អំពើ​ហិង្សា​ដែល​ផ្អែក​លើ​យេនឌ័រ ឬ​បញ្ហា​យេនឌ័រ​នានា​ដែល​ស្ត្រី​អាច​ប្រឈម»។

ជំរឿន​សេដ្ឋកិច្ច​មួយ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ចសហការ​ជាមួយ​នឹង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន ដែល​ហៅ​កាត់​ថា JICA កាល​ពី​ឆ្នាំ​២០១១ បាន​បង្ហាញ​ថា ក្នុង​ចំណោម​អាជីវកម្ម​ជាង​៥​សែន​នៅ​កម្ពុជា អាជីវកម្ម​ជាង​៣២៩០០០ ឬ​ស្ទើរ​តែ​២/៣ ជា​របស់​ស្រ្តី ​ហើយ​៨០​ភាគរយ​នៃ​អាជីវកម្ម​ទាំង​នោះ​គឺ​ជា​អាជីវកម្ម​ខ្នាត​តូច ដែល​មាន​បុគ្គលិក​ចំនួន​២​នាក់​ឬ​តិច​ជាង​នេះ។

អ្នកស្រី ដេលីស កំពុង​មាន​គភ៌​កូន​ទី​ពីរ នៅ​ពេល​ដែល​អ្នកស្រី​ចូលរួម​សិក្សា​ក្នុង​វគ្គ​បណ្តុះបណ្តាល​នៅ​មជ្ឈមណ្ឌល WECREATE។ អ្នកស្រី​បាន​លើក​ឡើង​អំពី​ការ​លំបាក​ដែល​សហគ្រិន​ស្ត្រី​ប្រឈម​ច្រើន​ជាង​បុរស​ក្នុង​ការ​ធ្វើ​អាជីវកម្ម។

អ្នក​ស្រី ដេលីស ដែល​មាន​កូន​ប្រុស​២​នាក់ បាន​ថ្លែង​ថា «បង​គិត​ថា មនុស្ស​ស្រី ជោគជ័យ​ស្មើ​បុរស ទាល់​តែ​ខំ​ប្រឹង​ជាង​បុរស​១០​ដង។ ដោយសារ​មូលហេតុ​អី? ដោយ​សារ​មនុស្ស​ស្រី​យើង ក្រៅ​ពី​អាជីវកម្ម​របស់​យើង យើង​នៅ​មាន​គ្រួសារ យើង​ត្រូវ​មើល​កូន យើង​ត្រូវ​មើល​ការងារ​ផ្ទះ​អី​ផ្សេងៗ»។

មក​ដល់​បច្ចុប្បន្ន​នេះ មជ្ឈមណ្ឌល WECREATE នៅ​កម្ពុជា បាន​ជួយ​ដល់​ស្ត្រី​ចំនួន ១៣៣៨​នាក់ ដោយ​បាន​បង្កើត​អាជីវកម្ម​ថ្មីៗ​ជាង​១០០ និង​ការងារ​ចំនួន​៩១៥។ នេះ​បើ​យោង​តាម​អ្នកស្រី ឌី ម៉ានីឌី ដែល​ជា​នាយក​នៃ​មជ្ឈមណ្ឌល​នេះ។

ក្រោយ​ពី​ដំណើរការ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ មជ្ឈមណ្ឌល WECREATE ត្រូវ​បាន​ផ្ទេរ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការដឹកនាំ​របស់​បុគ្គលិក​ក្នុង​ស្រុក​វិញ ដោយ​ស្ថិត​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​នឹង Paz y Desarrollo (PYD) ដែល​បកប្រែ​មក​ថា៖ «សន្តិភាព​និង​ការអភិវឌ្ឍន៍» ដែល​ជា​ស្ថាប័ន​មួយ​ដែល​ជួយ​ដល់​ការគ្រប់គ្រង​គំនិត​ផ្តួចផ្តើម​ទៅ​លើ​ការអភិវឌ្ឍន៍។

ចាប់​តាំង​ពី​ពេល​នោះ​មក មជ្ឈមណ្ឌល​នេះ​ត្រូវ​ស្វែង​រក​មធ្យោបាយ​ដើម្បី​ប្រមូល​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ខ្លួន​ឯង ហើយ​មធ្យោបាយ​មួយ​គឺ​តម្រូវ​ឲ្យ​អ្នក​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​មួយ​ចំនួន​បង់​ថ្លៃ​សិក្សា។ នេះ​បើ​យោង​តាម​លោក Griffin។

អ្នកស្រី ដេលីស បាន​ថ្លែង​ប្រាប់ VOA ថា អ្នកស្រី​ចង់​ពង្រីក​អាជីវកម្ម​របស់​អ្នកស្រី ដោយ​បង្កើន​ផលិតផល​ទារក​ជាច្រើន​ប្រភេទ​ទៀត ជាមួយ​នឹង​តម្លៃ​ថោក​សមរម្យ ដើម្បី​ប្រកួតប្រជែង​ជាមួយ​នឹង​ផលិតផល​នានា​ដែល​នាំចូល​ពី​ប្រទេស​ជិតខាង​ដូច​ជា ប្រទេស​ថៃ ​និង​ប្រទេស​វៀតណាម​ជាដើម។

អ្នកស្រី​បាន​ផ្តាំ​ផ្ញើ​ដល់​ស្ត្រី​ទាំងអស់​ កុំ​ឲ្យ​ចុះចាញ់។

អ្នកស្រី​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖ «កុំ​រាថយ ទោះ​បី​ជា​ការលំបាក​អី​ក៏​ដោយ។ យើង​ត្រូវ​តែ​ទៅ​មុខៗ​រហូត ហើយ​យើង​នឹង​បាន​ជោគជ័យ។ កុំ​គិត​ថា យើង​ជា​ស្ត្រី យើង​ខ្សោយ ធ្វើ​អី​មិន​បាន មិន​កើត។ អត់​ទេ! មនុស្ស​ស្រី​និង​មនុស្ស​ប្រុស​ធ្វើ​កើត​ដូច​គ្នា។ យើង​មនុស្ស​ស្រី​ចង់​ពូកែ​ជាង​មនុស្ស​ប្រុស​ផង។ ស្ត្រី​ខ្លះ​ពូកែ​ជាង​មនុស្ស​ប្រុស​ផង។ បង​សរសើរ​ស្ត្រី​ខ្លះ»។

ក្រៅ​ពី​មហិច្ឆតា​ពង្រីក​មុខរបរ​សព្វថ្ងៃ​ហើយ អ្នកស្រី ដេលីស ក៏​មាន​បំណង​នឹង​បង្កើត​អាជីវកម្ម​ផ្សេង​ទៀត​នៅ​ពេល​អនាគត​ផង​ដែរ៕