លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Mike Pompeo និយាយថា លោកបានធ្វើការពិភាក្សាដ៏មានសារៈសំខាន់កាលពីថ្ងៃព្រហស្បតិ៍ជាមួយអនុប្រធានជាន់ខ្ពស់របស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅក្នុងបូរីញូវយ៉កអំពីសន្និសីទកំពូលរវាងគីម ជុងអ៊ុននិងប្រធានាធិបតីត្រាំ។
លោករដ្ឋមន្ត្រីការបរទេស Pompeo បានផ្ញើសារតាមប្រព័ន្ធ Twitterបន្ទាប់ពីធ្វើការពិភាក្សាក្នុងអាគារ Apartmentមួយនៅជិតទីស្នាក់ការធំរបស់អង្គការសហ ប្រជាជាតិជាមួយគណៈប្រតិភូកូរ៉េខាងជើង ដែលដឹកនាំដោយលោក Kim Yong Chol អនុប្រធានគណៈកម្មាធិការមជ្ឈិមដ៏មានឥទ្ធិពលនិងជាអតីតប្រធានចារកម្មរបស់កូរ៉េខាងជើង។
កាលពីដំបូង ប្រធានាធិបតីត្រាំបាននិយាយថា ការចរចារវាងលោករដ្ឋមន្ត្រីការបរទេសអាមេរិក Pompeo និងលោក Kim Yong Chol បានធ្វើទៅយ៉ាងល្អហើយលោកសង្ឃឹមថា សន្និសីទកំពូលជាមួយ គីម ជុងអ៊ុន នឹងធ្វើឡើងទៅតាមការគ្រោងទុកនៅក្នុងប្រទេសសិង្ហបុរីនៅថ្ងៃទី១២ ខែមិថុនានេះ។
លោកប្រធានាធិបតីត្រាំបាននិយាយទៀតថា លោករំពឹងថា គណៈប្រតិភូកូរ៉េខាងជើងនឹងធ្វើដំណើរទៅកាន់រដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃសុក្រនេះ ដើម្បីប្រគល់លិខិតពី លោក គីម ជុងអ៊ុន ជូនលោកប្រធានាធិបតី។
លោកប្រធានាធិបតីត្រាំបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា «ខ្ញុំរំពឹងនឹងឃើញអ្វីដែលមាននៅក្នុងលិខិតនោះ»។
ក្រោយមក ប្រធានាធិបតីត្រាំបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា អាចមានជំនួបលើសពីមួយដងជាមួយលោក គីម ជុងអ៊ុន ដើម្បីសម្រេចកិច្ចព្រមព្រៀងគ្មានអាវុធនុយក្លេអ៊ែរជាមួយកូរ៉េខាងជើង ហើយថា លោកចង់ឲ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាងរុះរើកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនឲ្យបានឆាប់រហ័សទៅតាមលទ្ធភាពដែលអាចធ្វើបាន នៅក្រោមកិច្ចព្រមព្រៀងនោះ។
ការពិភាក្សារវាងភាគីទាំង២ក៏នឹងធ្វើឡើងនៅក្នុងភូមិ Panmunjom និងប្រទេសសិង្ហបុរីដែរ៕