លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Mike Pompeo ត្រូវគេរំពឹងនឹងជួបជាមួយឧត្តមសេនីយ៍កំពូលខាងជើងនៅរសៀលថ្ងៃនេះនៅក្នុងទីក្រុងញូវយ៉កសម្រាប់ការប្រុងប្រៀបរៀបចំការចរចាមុនពេលសន្និសីទកំពូលដែលគ្រោងទុករវាងប្រធានាធិបតីដូណាល់ ត្រាំនិងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។
លោករដ្ឋមន្ត្រីការបរទេសអាមេរិក Pompeo នឹងជួបជាមួយលោក Kim Yong Chol អនុប្រធានគណៈកម្មាធិការមជ្ឈឹមដ៏មានឥទ្ធិពលនិងជាអតីតប្រធានទីភ្នាក់ងារចារកម្ម។ លោកទាំង២បានជួបគ្នា២ដងរួចហើយនៅក្នុងទីក្រុងព្យុងយ៉ាង។
ក្រសួងការបរទេសសហរដ្ឋអាមេរិកប្រាប់ឲ្យដឹងថា លោករដ្ឋមន្ត្រីការបរទេស Pompeo នឹងស្ថិតនៅទីក្រុងញូវយ៉ករហូតដល់ថ្ងៃព្រហស្បតិ៍ស្អែកនេះ។ លោកទាំង២អាចមានពេលវេលាជួបគ្នាច្រើនដង។
លោក Jean Lee នាយកនៃកម្មវិធីកូរ៉េនៅឯមជ្ឈមណ្ឌល Wilson បាននិយាយ ថា «លោក Kim Yong Chol ជាមនុស្សម្នាក់ដែលនិយាយខ្សឹបដាក់ត្រចៀកគីម ជុងអ៊ុនបាន។ មិនត្រឹមតែលោកផ្តល់យោបល់ខាងយុទ្ធសាស្ត្រដល់គីម ជុងអ៊ុនទេ ក៏ប៉ុន្តែ លោកក៏អាចពាំនាំការចង់បានរបស់គីម ជុងអ៊ុនមកប្រាប់សហរដ្ឋអាមេរិកបាន។ លោកនឹងមកកាន់ទីក្រុងញូវយ៉កដើម្បីចរចាជំនួសគីម ជុងអ៊ុន។ ការណ៍នេះជាសញ្ញានៃការតាំងចិត្តដ៏ខ្លាំងមួយទៀតសម្រាប់សន្និសីទកំពូលនេះ»។
លោក Lee អតីតប្រធានការិយាល័យទីភ្នាក់ងារព័ត៌មាន Associated Press ប្រចាំទីក្រុងព្យុងយ៉ាងប្រាប់ VOA ថា ការពិភាក្សាដ៏តឹងតែងមួយត្រូវគេរំពឹងនឹងធ្វើឡើងនៅពេលដែលភាគីសហរដ្ឋអាមេរិកនិងកូរ៉េខាងជើងព្យាយាមឲ្យមានការមូលមតិគ្នាចំពោះអ្វីដែលមេដឹកនាំទាំង២នឹងសម្រេចនៅឯជំនួបកំពូលដែលគេរំពឹងទុកនេះ៕