ការស្រាវជ្រាវ​ថ្មី​មួយ​រក​ឃើញ​ថាអ្នក​ធ្វើ​ដំណើរ​ចេញ​ពី​អាមេរិក​ទៅ​ចូលរួម​ជាមួយ​ពួកនិយម​ជ្រុលនៅ​បរទេស​មាន​តិច​តួច

រូបភាព​ឯកសារ៖ Abdirahman Sheik Mohamud (ឆ្វេង) និយាយ​ជាមួយ​មេធាវី​របស់​ខ្លួន​ Sam Shamansky អំឡុង​សវនាការការ​លាងលុយ​និងការគាំទ្រ​ភេរវកម្ម​ក្នុង​ទីក្រុង​ Columbus រដ្ឋ Ohio កាលពី​ថ្ងៃទី​២៥ កុម្ភៈ ២០១៥។

ពល​រដ្ឋ​អាមេរិក​និង​អ្នក​មាន​សិទ្ធិ​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ដែល​បាន​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​ទៅ​ចូលរួម​ជាមួយ​ពួកក្រុម​និយម​ជ្រុល​នៅ​ក្នុង​ប្រទេស​ស៊ីរី និង អ៊ីរ៉ាក់​ នោះហាក់​ដូច​ជាមាន​ការ​គំរាម​កំហែង​តិច​តួច​បំផុត​ដល់​ប្រទេស​អាមេរិក នេះ​បើ​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​មួយ។

កិច្ច​ប្រឹង​ប្រែងអស់​ពេល​ជា​ច្រើន​ឆ្នាំ​មួយ​របស់​កម្មវិធីសិក្សា​ការ​និយម​ជ្រុល​នៃ​សាកល​វិទ្យាល័យ George Washington បាន​សម្គាល់​មុខ​អ្នក​ដំណើរ​៦៤​នាក់ ​ដែល​ចូល​ប្រយុទ្ធ​ក្នុង​សមរភូមិ​ដើម្បី​គាំ​ទ្រ​ពួក​រដ្ឋ​ឥស្លាម ពួក​ al-Qaida ​និងក្រុម​និយម​ជ្រុល​ផ្សេងទៀត​ក្នុង​ប្រទេស​ស៊ីរី និងអ៊ីរ៉ាក់។

ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​តែ​១២​នាក់​ប៉ុណ្ណោះ​ដែល​គេ​ដឹង​ថា​បាន​វិល​ត្រឡប់មក​សហរដ្ឋ​អាមេរិក​វិញ នេះ​បើ​យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​នោះ។ ក្នុង​ចំណោម​អ្នក​ទាំង​១២​នោះ ៩​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់ថា​បាន​ជាប់​ពាក់​ព័ន្ធ​នឹង​ឧក្រិដ្ឋកម្មទាក់​ទងជាមួយ​អំពើ​ភេរវកម្ម។

ហើយ​គ្មាន​នណា​រ​ម្នាក់​បាន​ធ្វើ​ការ​វាយ​ប្រហារ​ដោយ​ជោគជ័យ​ក្នុង​សហរដ្ឋ​អា​មេរិក​ទេ នេះ​បើ​តាម​ការ​រក​ឃើញ​របស់​ការ​សិក្សា​នេះ។

«ការ​ភ័យ​ខ្លាច​ថា​អ្នក​ដែល​វិល​ត្រឡប់​មក​វិញអាច​ធ្វើ​ការ​វាយ​ប្រហារ​ភេរវកម្ម​នោះ មាន​កម្រិត​តិច​តួច​ណាស់» នេះ​បើ​តាម​ការ​សន្មត់​របស់​ក្រុម​អ្នក​ធ្វើ​ការ​ស្រាវ​ជ្រាវ​នេះ។

«បច្ចុប្បន្ន​នេះ​ពុំ​មាន​ភស្តុតាងជា​សាធារណៈណា​មួយ​ដែល​បង្ហាញថា​ពួក​អ្នក​ដែល​ធ្វើ​ដំណើរ​ចេញ​ពី​អាមេរិក បាន​ចូល​មក​អាមេរិកវិញ ដោយ​គ្មានការ​ដឹង​ឮ​ពី​សំណាក់អាជ្ញាធរ​ទេ»។ ការ​សិក្សា​នេះ​បន្ត​ទៀត​ថា «ពួក​និយម​ជ្រុល​ក្នុង​ស្រុក​ បច្ចុប្បន្ន​ហាក់​ដូច​ជា​មាន​គោល​បំណង​ធ្វើ​ការ​វាយប្រហារ​ភេរវកម្ម​ក្នុង​ស្រុក​ ច្រើន​ជាង​ពួក​អ្នក​ដែល​វិល​ត្រឡប់​មក​ពី​បរទេស​វិញ»។

បើ​ប្រៀបធៀបជាមួយ​បណ្តា​ប្រទេស​អឺរ៉ុប ពួក​អ្នក​ធ្វើ​ដំណើរ​ទៅ​ស៊ីរី​និង​អ៊ីរ៉ាក់​តែងតែ​មាន​គ្រោះ​ថ្នាក់​ដល់​ប្រទេសអាមេរិកតិចជាង មួយ​ផ្នែក​គឺ​ដោយសារ​អាមេរិក​ស្ថិតនៅ​ឆ្ងាយជាង ហើយ​ពិបាក​ជិះ​យន្ត​ហោះ​ទៅដល់។

ក្រុម​មន្ត្រី​ស៊ើប​ការ​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក ​កាក់​ស្មាន​ថា​ ក្នុង​ចំណោម​អ្នក​ប្រយុទ្ធ​បរទេសជាង​៤​ម៉ឺននាក់​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ស៊ីរី​និង​អ៊ីរ៉ាក់​នោះ អ្នក​ដែលមក​ពី​បស្ចិម​ប្រទេស​មាន​តែ​រវាង​៥​ទៅ​៦​ពាន់​នាក់​តែ​ប៉ុណ្ណោះ។

គេ​មិន​អាច​ដឹងថា​តើ​អ្នកដែល​បាន​ចេញ​ពី​សហរដ្ឋ​អាមេរិក​ មាន​ចំនួន​ប៉ុន្មាន​នាក់​ពិត​ប្រាកដ​នោះទេ។ ក្រុម​មន្ត្រី​និយាយ​ថា អ្នក​ដែល​បាន​ចេញ​ ឬ​ ព្យាយាមចេញ​ពី​សហរដ្ឋ​អាមេរិក ដើម្បី​ទៅ​ចូល​រួម​ជាមួយ​ពួក​រដ្ឋ​ឥស្លាមនៅ​ក្នុង​ប្រទេស​ស៊ីរី មាន​ចំនួន​តែ​ពី​រវាង ២៥០ ទៅ ៣០០​ នាក់​តែ​ប៉ុណ្ណោះ។ ហើយ​មិន​មែន​ថា​អ្នក​ទាំង​អស់នោះ បាន​សម្រេចដូច​គោល​បំណង​របស់​ពួកគេ​ទេ។

ការ​សិក្សា​ស្រាវជ្រាវ​នេះ​បាន​រកឃើញ​ថា មនុស្ស​ប្រមាណ៥០​នាក់ ឬ មួយ​ភាគ​បី​នៃ​អ្នក​ដែល​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​ត្រូវ​បាន​ជាប់​ចោទ​ក្នុង​បទឧក្រិដ្ឋ​កម្ម​ពាក់ព័ន្ធជាមួយ​រដ្ឋ​ឥស្លាមនោះ ត្រូវ​បាន​ចាប់​ខ្លួន​មុន​ពេល​ដែល​ពួក​គេ​អាច​ចាក​ចេញ​ពី​សហរដ្ឋ​អាមេរិក។

ក្នុង​ចំណោម​អ្នក​ដំណើរ​៦៤​នាក់ នៅ​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ ដែល​បាន​ចេញ​ពី​អាមេរិក​រួច​នោះ ២២នាក់​ត្រូវ​គេ​ជឿ​ថា​បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​ស៊ីរី ឬ អ៊ីរ៉ាក់។ ចំណែក​២៨​នាក់​ទៀត គេ​មិន​ដឹង​ថា​នៅទីណា​ទេ។

ក៏​ប៉ុន្តែមាន​ករណី​តែ​មួយ​គត់​នៅ​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​នោះ ដែល​បង្ហាញ​ថា​មាន​មនុស្ស​ម្នាក់​ដែល​ត្រឡប់​មកវិញ ហើយ​បាន​ព្យាយាម​ធ្វើ​ការ​វាយ​ប្រហារ​ក្នុង​សហរដ្ឋ​អាមេរិក។

បុរសនោះ​ឈ្មោះ Abdirahman Sheik Mohamudជា​អ្នក​ចូល​សញ្ជាត​អាមេរិក​មក​ពី​ប្រទេសសូម៉ាលី។ បុរស​នោះ​បាន​ចាក​ចេញ​ពី​ផ្ទះ​របស់​ខ្លួន​នៅ​រដ្ឋ​ Ohio ​ដើម្បី​ទៅ​ចូល​ដៃ​ជាមួយ សាខា Jabhat al-Nusra ​របស់​ពួកal-Qaida កាល​ពី​ខែ​មេសា​ឆ្នាំ​២០១៤។

ឈ្មោះ Mohamud នេះ​បាន​ទទួល​ការ​ហ្វឹកហាត់ធ្វើគ្រឿង​ផ្ទុះ និងការ​វាយ​ប្រ​យុទ្ធ​ដោយ​ដៃ ហើយ​បន្ទាប់​មក​ត្រូវ​គេ​បញ្ជូន​ទៅ​ប្រទេស​អាមេរិក​វិញ កាល​ពី​ខែ​មិថុនា​ដើម្បី​ធ្វើការ​វាយ​ប្រហារ​ភេរវកម្ម។

ប៉ុន្តែ​កាល​ពីខែ​កុម្ភៈ​ឆ្នាំ​២០១៥ Mohamud ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន នៅពេល​ដែល​ទើប​ចាប់​ផ្តើម​រៀប​ចំ​ផែនការ។ នៅទី​បំផុត​បុរស​នោះ​បាន​ទទួល​ស្គាល់​ថា​ខ្លួន​មាន​ទោស ហើយ​បន្ទាប់​មក​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន២២​ឆ្នាំ។

ក្រៅ​ពី​ឈ្មោះ Mohamud ​មានអ្នក​ធ្វើ​ដំណើរ​ទៅ​បរទេស​តែ​ម្នាក់​ទៀត​ប៉ុណ្ណោះ ដែល​បាន​ព្យាយាម​ធ្វើ​ការ​វាយប្រហារ​ភេរវកម្ម ដោយ​ការ​ដាក់​គ្រាប់​បែក​អត្តឃាត ប៉ុន្តែការ​នេះ​បាន​កើត​ឡើង​នៅ​ពេល​ដែល​គាត់​វិល​ត្រឡប់​ទៅ​ប្រទេស​ស៊ីរី​វិញ បន្ទាប់​ពី​បាន​រត់​គេចខ្លួន​ពី​សហរដ្ឋ​អាមេរិក​។

ទោះជាយ៉ាងណាក៏ដោយ អ្នក​និពន្ធ​ដែលសិក្សាពី​ករណី​នេះ​និយាយ​ថា ទិន្នន័យ​បង្ហាញ​ពីការ​ភ័យ​ខ្លាច​កាលពីពេល​មុន​ដោយ​ពួក​មន្រ្តី​សហរដ្ឋ​អាមេរិក​ពី«ក្រុម​ភេរវជន‍​មកពី​ក្រៅ​នោះ» ហាក់​ដូចជា​ជ្រុល​ពេក។

​ពួកមន្រ្តី​ប្រឆាំង​ភេរវកម្ម​បានទទួលស្គាល់ថា ​ក្នុង​រយៈ​ពេល៣-៤​ខែ​កន្លងមក​នេះ​ថា ​ទោះ​បី​ពួកគេនិយាយថា ​ចំនួន​មិនច្រើន​ក៏ដោយ​ក៏​ជាមូលហេតុ​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភដែរ។

​មន្រ្តី​ប្រឆាំង​ភេរវកម្ម​សហរដ្ឋ​អាមេរិក​ម្នាក់​បាន​ប្រាប់ VOA កាល​ពី​ខែ​ធ្នូ​កន្លង​មក​នេះ​ថា «គុណភាពរបស់​ពួក​អ្នក​ប្រយុទ្ធ​បន្ទាប់​ពី​បទ​ពិសោធន៍​នៅ​លើសមរភូមិ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរី​ជាអ្វី​ដែល​យើង​កំពុង​យក​ចិត្ត​ទុកដាក់​យ៉ាង​ដិត​ដល់​បំផុត‍»។

មន្រ្តី​ផ្សេង​ទៀត​បាន​ពណ៌​នា​ពួក​អ្នក​ប្រយុទ្ធថាជា​អ្នក​មាន​ជំនាញ​ច្រើន ​មាន​សមត្ថភាព​ប្រកប​ដោយ​ប្រសិទ្ធិភាព។ ហើយជា​ពិសេសពួក​មន្រ្តី​ទាំង​នោះ​មាន​ការព្រួយ​កង្វល់​អំពី​ក្រុម​ភេរវកម្ម​រដ្ឋ​ឥស្លាមដែល​បាន​បង្ហាញ​ជំនាញ​ពិសេស​ក្នុងការ​ទាក់​ទង ទោះបី​ក្រុម Caliphate នោះ​បាន​ដួលរលំ​ក៏ដោយ។

ការសិក្សា​មួយ​របស់​សាកល​វិទ្យាល័យ George Washington រកឃើញ​ថា មាន​ហេតុផល​មួយ​ចំនួនដែលនាំឲ្យមានការ​ព្រួយ​កង្វល់។

​ខណៈ​ដែល Mohamudត្រូវបាន​តុលាការ​កាត់​ទោសឲ្យ​គុក​ជាង​២​ទសវត្សរ៍ ​លោក​ Seamus Hughes ​សហ​អ្នក​និពន្ធ ​និយាយ​ថា ការកាត់​ទោស​ឲ្យ​ជាប់​គុក​ជាមធ្យម​រយៈ​ពេល​១០ឆ្នាំសម្រាប់​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​ចូលរួមក្នុងការ​ប្រ​យុទ្ធ​នៅ​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរីគឺមាន​រយៈ​ពេល​តិច​ជាង​ការ​ជាប់​គុករយៈ​ពេល​មធ្យម​ចំពោះ​ជនជាតិ​អាមេរិកាំង​ដែល​នឹងក្លាយ​ពួក​ជីហាដ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅឯចំណត​យន្តហោះ។

មួយផ្នែកនៃ​បញ្ហា​នេះអាច​បណ្តាល​ឲ្យមាន​ការពិបាក​នៅ​ក្នុងការ​សម្រេច​រឿងក្តី​ព្រហ្មទណ្ឌ​ដែល​ផ្អែកលើ​សកម្មភាព​ភេរវកម្ម​ដែល​បានកើត​ឡើង​នៅ​បរទេស​នោះ។

លោក Hughes បាន​និយាយ​ទៀត​ថា កត្តា​មួយផ្សេង​ទៀត​គឺ​ពួក​អ្នក​វិល​ត្រឡប់​មក​វិញ​អាច​ចែក​រំលែក​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់​ឬ​ព័ត៌មាន​ផ្សេងទៀត​ជាមួយ​ពួក​អ្នក​ស៊ើបអង្កេត​និង​ពួកមន្រ្តី​ប្រឆាំង​ភេរវកម្ម​នៅ​ក្នុង​ការ​ដោះដូរ​ទទួល​បាន​ការកាត់​ទោស​ស្រាល។

​ក៏ប៉ុន្តែ ​ដូចជា​ករណីអ្នក​ដែល​នឹង​ក្លាយ​ជា​ពួក​ជីហាដ ​ពួក​អ្នក​ធ្វើ​ដំណើរ​ទាំង​នោះ​នៅ​ទី​បញ្ចប់​នឹង​ចេញ​ពីគុក។ ហើយ​លោក Hughes ​និង​អ្នក​វិភាគ​ផ្សេង​ទៀតមាន​ការ​ព្រួយ​កង្វល់​ពីការខ្វះកម្មវិធីជួយឲ្យ​ពួកគេ​ឈប់់មាន​ជំនឿ​និយម​ជ្រុល​ដែល​អាចធ្វើ​ឲ្យ​មាន​បញ្ហា​នៅ​ពេល​អនាគត។

ការសិក្សា​នោះ​ព្រមាន​ថា «ប្រសិនបើ ​ទុក​បញ្ហា​នោះ​ដោយ​មិន​ដោះ​ស្រាយ ​ពួក​អ្នក​វិល​ត្រឡប់​មក​វិញ ​អាចបង្កើន​បណ្តាញ​ជីហាដ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ផ្តល់​ឲ្យ​មនុស្ស​ផ្សេងទៀត​នូវ​ការយល់​ដឹង​អំពី​របៀប​នៃការ​ធ្វើ​ដំណើរ​ហើយ​នឹង​ធ្វើការ​វាយ​ប្រហារ ​ហើយនឹង​ក្លាយជា​អ្នកដើរ​ជ្រើសរើស​ពួក​ធ្វើ​សង្គ្រាម​សាសនា​នៅ​ថ្ងៃ​អនាគត៕

ប្រែ​សម្រួល​ដោយ​ជឹង ប៉ូជីន