សាលារៀនកាន់តែច្រើនក្នុងប្រទេសប៊ែលហ្ស៊ិកនៅទ្វីបអឺរ៉ុប បានបើកទ្វារទទួលសិស្សានុសិស្សវិញកាលពីថ្ងៃចន្ទបន្ទាប់ពីសាលាខ្លះបានបើកសាកល្បងកាលពីថ្ងៃសុក្រសប្តាហ៍មុន ជាផ្នែកមួយនៃជំហានបន្ទាប់នៃការបន្ធូរបន្ថយការដាក់កំហិតដើម្បីទប់ស្កាត់ជំងឺឆ្លងកូវីដ១៩។
ជាផ្នែកនៃការបើកឡើងវិញដោយប្រយ័ត្នប្រយែងនេះ ថ្នាក់រៀននីមួយៗត្រូវមានសិស្សតិចជាងមុន ដើម្បីឲ្យសិស្សអាចរក្សាគម្លាតពីគ្នាបាន ហើយទាំងគ្រូនិងសិស្សត្រូវពាក់ម៉ាស់ និងវាស់កម្តៅក្នុងខ្លួនពេលចូលសាសា និងលាងដៃជាប្រចាំ។
ប៉ុន្តែទោះជាមានការបន្ធូរបន្ថយនេះក្តី ក៏សិស្សជាច្រើននៅតែរៀនតាមកុំព្យូទ័រពីផ្ទះ ដោយថ្នាក់រៀននៅចង្អៀត ហើយសិស្សានុសិស្សនឹងទៅសាលារៀនតែពីរថ្ងៃក្នុងមួយសប្តាហ៍រហូតដល់ចុងខែមិថុនា។
កន្លងមកប្រទេសប៊ែលហ្ស៊ិកបានរងគ្រោះយ៉ាងខ្លាំងពីការរាតត្បាតនៃវីរុសកូរ៉ូណា ដោយមានអត្រាអ្នកស្លាប់ដោយជំងឺកូវីដ១៩ដែលបង្កដោយវីរុសនេះរហូតដល់៧៨នាក់ក្នុងរាល់ពលរដ្ឋ១០០.០០០នាក់ ដែលនេះជាចំនួនខ្ពស់បំផុតមួយក្នុងពិភពលោក។ ប៉ុន្តែអត្រាឆ្លងថ្មីថយចុះកាលពីខែមេសាបានអនុញ្ញាតឲ្យអាជ្ញាធរប៊ែលហ្ស៊ិកអាចបន្ធូរបន្ថយវិធានការរឹតត្បិតខ្លះវិញ៕