ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សុបិន្ត​របស់​ជន​អន្តោប្រវេសន៍​ជាប់​គាំង​ដោយ​​វីរុសកូរ៉ូណា


លោក Divo Le ជួយ​ធ្វើ​កិច្ចការ​សាលា​របស់​កូន​លោក​ នៅ​ពេល​ដែល​ហាង​ធ្វើ​សក់​របស់​លោក​ត្រូវ​បាន​បិទ​ទ្វារ។
លោក Divo Le ជួយ​ធ្វើ​កិច្ចការ​សាលា​របស់​កូន​លោក​ នៅ​ពេល​ដែល​ហាង​ធ្វើ​សក់​របស់​លោក​ត្រូវ​បាន​បិទ​ទ្វារ។

ពលរដ្ឋ​អាមេរិកាំង​ជា​ច្រើន​នាក់​កំពុង​បាត់បង់​ការងារ និង​កំពុង​ស្នើ​សុំ​​ប្រាក់​ឧបតម្ថ​គ្រា​បាត់​បង់​ការងារ នៅក្នុង​កម្រិត​ច្រើន​មិន​ធ្លាប់​មាន​ពី​មុន​មក​​ ខណៈដែល​ក្រុមហ៊ុនទាំង​ធំ​ និង​តូច នៅ​បន្ត​បិទ​ទ្វារ ឬ​បើក​​មិន​ពេញ​លេញ​ក្នុង​អំឡុង​នៃ​ការ​រាត​ត្បាត​​​ជំងឺកូវីដ១៩។

ផល​វិបាក​រាល​ដាល​ដល់​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​នៅ​ក្នុង​តំបន់​រដ្ឋ​ធានី Washington ដែល​ត្រូវ​បង្ខំ​ចិត្ត​បញ្ឈប់​បុគ្គលិក នៅ​ពេល​គ្មាន​ប្រាក់​ចំណូល។ ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ មាន​លោក Divo Le ​អ្នក​ជំនាញ​ធ្វើ​សក់ ក្នុង​ទីក្រុង Alexandria រដ្ឋ Virginia ដែលកំពុង​នៅ​ផ្ទះជា​មួយ​កូន​ស្រី​ភ្លោះ​អាយុ ៦ឆ្នាំរបស់​លោក ប៉ុន្តែ​និយាយ​ដោយ​សោក​ស្តាយ​ពី​ការ​បិទ​ទ្វា​ហាង ដែល​លោក​ធ្លាប់​មាន​បុគ្គលិក​ ៨ នាក់។

បុរសអាយុ ៥២ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា៖ «ខ្ញុំ​ចូល​ចិត្ត​លេង​ជា​កូន​ស្រី​ខ្ញុំ និង​ជួយ​ពួក​គេ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​ចង់​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​ណាស់»។

នៅ​ក្នុង​ខែ​មីនា រដ្ឋ​ Virginia បាន​ចូលរួម​ជា​មួយ​នឹង​រដ្ឋ​ផ្សេងៗ​ទៀត ដើម្បី​បិទ​អាជីវកម្ម​ពុំ​សូវ​ចាំ​បាច់ដែល​រួម​ទាំង​ហាង​ធ្វើ​សក់​ផង​ដែរ។

ជំងឺ​កូវីដ​១៩ បាន​បង្ក​ការ​លំបាក​ ដែលលោក Divo មិន​ដែល​ជួប​ប្រទះ​ពី​មុន​មក និង​បង្ខំ​ឲ្យលោកផ្អាកសុបិនរបស់​លោក​មួយ​រយៈ។ នៅ​ពេល​លោក​មាន​អាយុ ១៥ឆ្នាំ លោក​បាន​ចាក​ចេញ​ពី​ប្រទេស​វៀតណាម​ជា​មួយ​មិត្ត​ម្នាក់ ដើម្បី​គេច​ចេញ​ពី​ភូមិ​ក្រីក្រ​មួយ ដើម្បី​អ្វី​ដែល​លោករំពឹង​ថានឹង​ទទួល​បាន​អនាគត​ភ្លឺ​ស្វាង ៨​ឆ្នាំ​បន្ទាប់​ពី​ការ​បញ្ចប់​សង្រ្គាម​វៀតណាម ដែល​បាន​បំផ្លិច​បំផ្លាញ​ប្រទេស​នេះ។

លោក​និយាយ​ថា៖ «កាល​នោះ​ខ្ញុំ​ល្ងង់​ណាស់ ហើយ​សូម្បី​ពេល​ខ្ញុំ​ចាក​ចេញ ក៏​ខ្ញុំ​មិន​បាន​ប្រាប់​ឪពុក​ម្ដាយ​ខ្ញុំ​ដែរ។ ខ្ញុំ​គ្រាន់​តែ​ដឹង​ថា​ មនុស្ស​ជា​ច្រើន​នាក់​ព្យាយាម​ចាក​ចេញ​ពី​វៀតណាម ដោយ​សង្ឃឹម​ថា​មាន​ទៅ​ដល់​សហរដ្ឋអាមេរិក ហើយ​ខ្ញុំ​ក៏​ចង់​ទៅទីនោះ​ដែរ»។

លោក Divo បាន​ជិះ​ទូក​ទៅកាន់​ប្រទេស​ថៃ និង​ត្រូវ​បាន​គេ​ឲ្យ​ស្នាក់​នៅ​ក្នុង​ជំរំ។ ប្រហែល​មួយ​ឆ្នាំ​ក្រោយ​មក លោក​បាន​មក​ដល់​តំបន់​រដ្ឋធានី Washington កន្លែង​ដែល​លោក​ត្រូវ​បាន​ស្វាគមន៍​ដោយ​ឪពុក​ម្ដាយ​ធម៌​ជន​ជាតិ​អាមេរិកាំង​ ដែល​លោក​ហៅ​ថា៖ «ជា​គ្រួសារ​ល្អ​មួយ» នៅជាយ​រដ្ឋ​ Virginia។

លោក​បាន​ចាប់​ផ្ដើម​រៀន​ភាសា​អង់គ្លេស ហើយ​ជា​ជាង​ហៅ​ឈ្មោះ​ខ្លួន​ឯង​ថា Phong លោក​បាន​ជ្រើសរើសឈ្មោះ​ហៅ​ក្រៅ​មួយ​ថា Divo ជា​ឈ្មោះ​ដែល​គ្រប់​គ្នា​បាន​ហៅ​គាត់​តាំង​ពី​ពេល​នោះ​មក។ លោក​ថា លោក​ចូល​ចិត្ត​ឈ្មោះ​នេះ។

បន្ទាប់​ពី​រៀន​ចប់​វិទ្យាល័យ លោក Divo បាន​ក្លាយ​ជា​ជាង​ធ្វើ​សក់​ម្នាក់ ធ្វើ​ការ​នៅ​តាម​ហាង​ធ្វើ​សក់នានា​នៅ​ក្នុង​តំបន់​រដ្ឋ​ធានី Washington អស់​រយៈ​ពេល​ជាង ២៥ឆ្នាំមកហើយ។

ពេល​វេលា​កន្លង​ផុត​ទៅ​យ៉ាងលឿន​ ប្រាំ​ឆ្នាំ​មុន​ សុបិន​របស់លោក​បាន​ក្លាយ​ជា​ការ​ពិត។ លោកបាន​បើក​ហាង​ធ្វើ​សក់​មួយ​ឈ្មោះ សាឡន Divo ។ វា​មិន​ងាយ​ស្រួល​ទេ​ក្នុង​ការ​ចាប់​ផ្ដើម​អាជីវកម្ម​ខ្នាត​តូច​របស់​លោក នៅ​ពេល​ដែល​លោក​មិន​អាច​ទទួល​បាន​កម្ចី​ពី​ធនាគារ។ ដូច្នេះ លោក និង​អ្នកស្រី Dina ភរិយា​របស់​លោក បាន​ចំណាយ​ប្រាក់​សន្សំ​ទាំង​អស់​ និង​ប្រើ​កាត​ឥណទាន​ជា​ច្រើន ដើម្បី​បើកហាង​ធ្វើ​សក់នេះ។

ឥឡូវ​នេះ​ លោក Divo អង្គុយ​លើ​កៅ​អីក្នុងហាង​ធ្វើ​សក់ដ៏​ស្ងាត់​ ពិចារណា​ពី​អនាគត​អាជីវកម្ម​របស់​លោក ដែល​រីក​ចម្រើន​ក្លាយ​ខ្លួន​ជា​ហាង​ធ្វើ​សក់​ផង និង​ធ្វើ​ក្រចក​ផង​ ដែល​មាន​ពីរ​ជាន់​នៅ​ក្នុង​អគារ​សាងពី​ឥដ្ឋ​មួយ។ ទីតាំង​នោះ​លោក​ជួល​ពី​គេ​ពីរ​ម្ចាស់។​

លោក​និយាយ​ថា៖ «ម្ចាស់​ទី​តាំង​ម្នាក់​ចង់​បាន​ថ្លៃ​ឈ្នួល​ឥឡូវ​នេះ ហើយ​មិន​រង់​ចាំ​ឡើយ ប៉ុន្តែ​ម្ចាស់​ទីតាំង​ម្នាក់​ទៀតមាន​ការ​យោគ​យល់ជាង ដោយ​បាន​និយាយ​ថា​គាត់​អាច​រង់​ចាំរហូត​ដល់បើកហាងឡើង​វិញ មុនឲ្យ​យើងបង់​ឈ្នួល​ផ្ទះ»។

អ្នកស្រី Dina ភរិយា​របស់​លោក ដែលជា​ជាង​ធ្វើ​សក់​ម្នាក់​នៅហាងនេះ ​បាន​បន្ថែម​ថា៖ «យើង​បាន​ត្រៀម​ទុក​ប្រាក់​មួយ​ចំនួន​តូច​ សម្រាប់​ទប់​ទល់នៅ​ពេល​មាន​រឿង​អ្វី​កើត​ឡើង ប៉ុន្តែយើង​មិន​អាច​ទប់​ទល់​បាន​យូរ​ទេ»។

នៅ​ពេល​កំពុង​លាយ​ថ្នាំ​លាប​សក់ លក់​ជូន​អតិថិជន​ដែល​មក​យក​នៅ​ហាង​របស់លោក លោក Divo បាន​និយាយ​ថា៖ «យើង​ដូចជា​ពលរដ្ឋ​អាមេរិកាំង​ដទៃ​ទៀត​ដែរ​គឺ​ព្យាយាម​តស៊ូ​រក​ប្រាក់​ចិញ្ចឹម​ជីវិត»។ ដើម្បី​ទទួល​បាន​ចំណូល​បន្តិច​បន្តួច លោក​លក់​សម្ភារៈ​លាប​សក់​ ជូន​អតិថិជន​ដែល​មក​ទិញ​យកទៅ​ផ្ទះ។

អ្នកនាង Lori Luster ដែល​ជា​អតិថិជនប្រចាំ​ម្នាក់បាន​និយាយ​ថា៖ «Divo និង​ Dina កំពុង​តែ​ជួប​ការ​លំបាកក្នុង​ពេល​បច្ចុប្បន្ន ហើយ​ខ្ញុំចង់​ជួយពួក​គេ​ក្នុង​កាលៈទេសៈពិបាក​នេះ។ ពួក​គេ​ចិត្ត​ល្អ​ជាមួយគ្រួសារ​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ជួយ​ពួក​គេ​តាម​ដែល​ខ្ញុំ​អាច​ធ្វើ​បាន»។​

លោក Divo សម្ដែង​ការ​ដឹង​គុណ​ចំពោះ អតិថិជន​ដែល​មាន​ចិត្ត​ល្អ ដែល​ហៅ​ទូរស័ព្ទ​ និងផ្ញើសារ​មក​គាត់​ ប្រាប់​ថា​ពួក​គេ​នឹង​មក នៅ​ពេល​ហាង​គាត់​បើក​ដំណើរ​ការ​វិញ។ លោក​មិន​ចង់​ផ្អាក​បុគ្គលិកទាំងប្រាំ​បី​នាក់ដូច្នេះ​ឡើយ ហើយ​តែង​តែ​សួរ​ពី​សុខ​ទុក្ខ​របស់​ពួក​គេ​ជានិច្ច។

នៅ​ពេល​ដែល​ហាង​ធ្វើ​សក់​បើកឡើង​វិញ​ ហើយ​ពួក​គេ​ត្រឡប់​មក​ធ្វើ​ការ​វិញ លោក​គ្រោង​នឹង​បើក​ប្រាក់​ខែ​ឲ្យ​ពួក​គេ​តាម​រយៈ​កម្ម​វិធីការពារប្រាក់បៀវត្ស​របស់​រដ្ឋាភិបាល​អាមេរិក​ថ្មី​មួយ ដែល​បង្កើត​ឡើង​ដើម្បី​ផ្ដល់​កម្ចី​ឥត​សំណង ទៅ​កាន់​អាជីវកម្ម​ខ្នាត​តូច ដែល​នៅ​បន្ត​បើក​ប្រាក់បៀវត្ស​ឲ្យ​បុគ្គលិក​របស់​ពួក​គេ។

លោក Divo និយាយថា៖ «យើង​កំពុង​រង់ចាំ​ដំណឹង ថាតើ​យើង​នឹង​ទទួល​បាន​កម្ចី​ឬទេ។ កម្ចី​នេះ​នឹង​ជួយ​ដល់​យើង​ច្រើន​ណាស់»។ ​

ដូច្នេះ​អាច​មាន​ដំណឹង​ល្អ សម្រាប់ហាង​ធ្វើ​សក់​របស់លោក Divo ដោយ​សារ​អភិបាល​រដ្ឋ​ Virginia បាន​បើក​រដ្ឋ​ដំណាក់កាលទី១ នៅ​ថ្ងៃ​ទី១៥ ខែ​ឧសភា។ ​ការ​បើក​រដ្ឋ​ជំហានទី១​មួយ អនុញ្ញាត​ឲ្យ​អាជីវកម្ម​ដែល​មិន​សូវ​ចាំ​បាច់​បើកទ្វា​ តែ​ត្រូវ​កំណត់​ចំនួន​អតិថិជន​ចូល​ហាង និង​រក្សា​ឲ្យ​បាន​នូវ​ការ​ថែ​រក្សា​អនាម័យ​ដើម្បី​ការពារ​ដល់​បុគ្គលិក​ និង​អតិថិជន។​

លោក Divo ពន្យល់​ថា៖ «ដំបូង​ប្រហែល​ជា​មាន​តែ​ខ្ញុំ​នៅ​ក្នុង​ហាង ជាមួយ​អតិថិជន​ម្នាក់​ម្ដងៗ ព្រោះ​ថា​ដើម្បី​រក្សា​គម្លាត​ពី​គ្នា ការ​ឲ្យ​បុគ្គលិក​ទាំង​អស់​មក​ធ្វើ​ការមិន​អាច​ទៅ​រួច​ទេ។ វា​ប្រហែល​ជា​ត្រូវ​លំបាក​ដើម្បី​ឲ្យ​ហាង​ដំណើរ​ការ​ដូច​ដើម ប៉ុន្តែ​ខ្ញុំ​ជឿ​លើ​សហរដ្ឋ​អាមេរិក ហើយ​ថា​យើង​នឹង​ឆ្លង​ផុត​ការ​លំបាក​នេះ ដោយ​សារ​យើង​មាន​រដ្ឋាភិបាល​ល្អ​មួយ​ថែ​រក្សា​ពួកយើង៕

ប្រែសម្រួល​ដោយ សឿន វឌ្ឍនា

XS
SM
MD
LG