ក្រុម​អតីត​និស្សិត​ខ្មែរ​ចុះ​ចែក​អំណោយ​សង្គ្រោះ​ដល់​ជន​រងគ្រោះ​ដោយ​ទឹកជំនន់

ផ្ទះ​​កសិករ​​ក្រួច សាន់​ ក្នុង​​ខេត្ត​​ឧត្តរមានជ័យ​​ ដែល​រង​គ្រោះ​ធ្ងន់ធ្ងរ​ដោយ​សារទឹក​ជំនន់​ថ្មីៗនេះ​នៅ​ឆ្នាំ​២០១៣​នេះ។​​

សមាគម​និស្សិត និង​អតីត​និស្សិត​ខ្មែរ​ដែល​បាន​ទៅ​សិក្សា​នៅ​បរទេស​ចំនួន​៥ក្រុម​បាន​រួម​គ្នា​ស្ម័គ្រ​ចិត្ត​រៃ​អង្គាស​ថវិកា ​និង​ចុះ​ទៅចែក​អំណោយ​សង្គ្រោះ​ដល់​ប្រជា​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ក្នុង​ឃុំ​មួយ​នៃ​ខេត្ត​ឧត្តរមានជ័យ​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ។

ការ​ផ្តល់​ជំនួយ​សប្បុរសធម៌​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ប្រទេស​កម្ពុជា​បាន​រង​គ្រោះ​ធ្ងន់ធ្ងរ​ដោយទឹក​ជំនន់​ដែល​បាន​ឆក់​យក​ជីវិត​ប្រជាពល​រដ្ឋ​យ៉ាង​តិច​១៦៨​នាក់​និង​បំផ្លាញ​ផ្ទះ​សម្បែង​និង​ផល​ដំណាំ​របស់​កសិករ​អស់​យ៉ាង​ច្រើន។​

លោកក្រូច សាន់​គឺ​ជា​ប្រជាពលរដ្ឋ​ម្នាក់​ដែល​រងគ្រោះ​ដោយ​សារ​ទឹក​ជំនន់​នៅក្នុង​ភូមិ​ជើងទៀន ​ឃុំ​ជើងទៀន​ក្នុង​ស្រុក​ចុងកាល់ ចម្ងាយ​ជាង​២០​គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត​ឧត្តរមានជ័យ។​

​កសិករ​វ័យ​៧៣​ឆ្នាំ​រូប​នេះ​និយាយ​ថា ស្រូវ​ក្នុង​ស្រែ​ទំហំ​២​ហិកតា​របស់​លោក​បាន​ខូចខាត​ទាំងស្រុង​នៅ​ពេល​ដែល​ទឹក​បាន​ជន់​លិច​ភូមិ​របស់​លោក​កាល​ពី​ពេល​ថ្មីៗ​នេះ។

«ស្នាម​កម្រិតទឹក​កម្ពស់​ហ្នឹង។​ វា​ហូរ​ដាច់​ទៅ​តាម​ហ្នឹង។ ​វេទនា​ស្រូវ​ ​ស្រូវខាងដី​ស្ទឹង ​វា​រលួយ រលួយ​ច្រើន​ ឆ្នាំ​នេះ»។​

ទឹក​ជំនន់​ប្រចាំ​ឆ្នាំ​ ដែល​បណ្តាល​មក​ពី​ទឹកភ្លៀង ​និង​ជំនន់​ទន្លេ​មេគង្គ ចាប់​តាំង​ពីពាក់​កណ្តាល​ខែ​កញ្ញា​កន្លង​មក បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​យ៉ាង​តិច​១៦៨​នាក់​ស្លាប់ និង​ធ្វើ​ឲ្យ​ខូតខាតស្រូវ​ និង​ផល​ដំណាំ​ជាច្រើន​ទៀតរបស់​ប្រជា​កសិករ​នៅ​ក្នុង​ខេត្ត​ចំនួន​២០​ក្នុង​ចំណោមខេត្ត​ក្រុង​ទាំង​២៤​របស់​កម្ពុជា។ នេះ​បើ​យោង​តាម​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយរបស់​រដ្ឋាភិបាល។​

អ្នក​ស្រី​ក្រូច ព្រៃ ដែល​ជា​ស្រ្តី​មេម៉ាយ​ម្នាក់​នៅ​ក្នុង​ភូមិ​ជើង​ទៀន​នេះ​ដែរ និយាយ​ថា ទឹក​ជំនន់​ឆ្នាំ​នេះ​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ឆ្នាំ​មុនៗ ដោយ​បាន​បំផ្លាញ​ស្រូវ​ និង​ដំឡូង​មី​របស់​អ្នក​ស្រី​និង​អ្នក​ភូមិ​ផ្សេងៗ​ទៀតស្ទើរ​គ្មាន​សល់។​

«ទើបតែ​ឆ្នាំ​នេះ​ទេ​ ទឹក​ចំណាប់​ហូរ​កាត់​ភូមិ​ទាំងអស់។​ ទឹក​ចំណាប់​ណាស់​ឆ្នាំ​នេះ។​ គោ​ក៏​អត់​ស្មៅ។ ​ដល់​ទឹកស្រក​ទៅ ​មនុស្ស​ក៏ឈឺ​ភ្នែក គ្រុន​មួយ​គ្រួសារៗអស់»។

ទោះ​ជា​យ៉ាង​នេះ​ក្តី ពុំ​មាន​ប្រជាជន​ណា​ម្នាក់​បាន​ស្លាប់​ដោយ​សារ​ទឹក​ជំនន់​នេះ​ទេ​ នៅក្នុង​ភូមិ​ទាំង​៧​នៃ​ឃុំ​ជើងទៀន។ នេះ​បើ​ផ្អែក​តាម​លោក​មេឃុំ​នេះ។​

អាជ្ញាធរ​មូលដ្ឋាន​នៅ​ទីនេះ និយាយ​ថា ឃុំ​នេះ​ក៏ទទួល​បាន​ជំនួយ​សង្គ្រោះ​បន្ទាន់​ជាច្រើន​លើក​ពី​សំណាក់សប្បុរសជន​នានា ​ដោយ​រួម​ទាំង​ក្រុម​និសិ្សត ​និង​អតីត​និស្សិត​ស្ម័គ្រចិត្ត​ទាំង​នេះ​ផង​ដែរ។​

ក្រុម​និស្សិត​ និង​អតីត​និស្សិត ហើយ​នឹង​អ្នក​ស្ម័គ្រចិត្ត​ទាំង​នេះ​មក​ពី​សមាគម​ចំនួន​៥ ​រួម​មាន​សមាគម​កម្ពុជា​នៃ​អតីត​និស្សិត​ពី​អូស្ត្រាលី បណ្តាញ​និស្សិត​ខ្មែរនៅ​អូស្ត្រាលី​ សមាគម​អតីត​និស្សិត​កម្ពុជា​ពី​ចក្រភព​អង់គ្លេស សមាគម​អតីត​និស្សិត​ខ្មែរ​ពី​ប្រទេស​ជប៉ុន និង​សមាគម​អតីត​និស្សិត​ខ្មែរ​ពី​សហ​រដ្ឋ​អាមេរិក។

លោក​ស៊ាង សុបញ្ញា​គឺ​ជា​ប្រធាន​សមាគម​អតីត​និស្សិត​ខ្មែរ​ពី​ប្រទេស​អូស្ត្រាលី​ ដែល​បាន​ចូល​រួម​ផ្ទាល់​នៅ​ក្នុង​ពិធី​ចែក​អំណោយ​សប្បុរស​ធម៌​ទាំង​នេះ​នៅ​ក្នុង​បរិវេណវត្ត​មួយ​ក្នុង​ឃុំ​ជើងទៀន​នេះ។​

«ជំនួយ​ដែល​គាត់​ទទួល​បាន​មក​នេះ​ បើតាម​យើងស្តាប់​អាជ្ញាធរ​ពាក់ព័ន្ធ​គឺ​គាត់​ទទួល​បាន​នៅ​ក្នុង​កម្រិត​មួយ​ ​តិចតួច​នៅ​ឡើយ។ ​ហើយ​បើ​ប្រៀបធៀប​នឹង​ទំហំ​នៃ​ផល​ប៉ះពាល់​បណ្តាល​មកពី​ទឹក​ជំនន់​នេះ​គឺ​វា​មាន​លក្ខណៈ​ធំធេង។​ ដូចនេះ​ជំនួយ​ដែល​យើង​យក​មក​នេះ​គឺ​ដើម្បី​បំពេញ​បន្ថែម​អ្វី​ដែល​គាត់​ខ្វះខាត​ហ្នឹង ​ដើម្បី​ដោះស្រាយ​ការ​លំបាក​ក្រោយ​ពេល​ដែល​ទឹក​ហ្នឹង​ស្រក​ទៅ​វិញ»។​

ក្រុម​និស្សិត​ និង​អតីត​និស្សិត​ខ្មែរ​ ដែល​បាន​ទៅ​សិក្សា​នៅ​បរទេស​ទាំង​នេះ ​បាន​រួមគ្នា​រៀបចំ​ពិធី​រៃ​អង្គាស​ប្រាក់​មួយ​កាល​ពី​ដើម​ខែ​ ដើម្បី​ប្រមូល​ថវិកា​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់​នេះ។ ពួកគេ​ប្រមែប្រមូល​ថវិកាបាន​ជាង​៣​ម៉ឺន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ពី​សប្បុរស​ជន​នានា។​

លោក​ឈន ប៊ុនហំ​គឺ​ជា​តំណាង​បណ្តាញ​និស្សិត​ខ្មែរ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី។​

«កូន​សិស្ស​មួយ​ចំនួន​ដែល​កើត​នៅ​អូស្ត្រាលី​ហ្នឹង ​គ្នាគិតថា គ្នា​ចង់​ជួយ​អ្វី​មួយ​ដើម្បី​បញ្ជាក់​ថា​ ខ្លួន​ឯង​ហ្នឹង​ជា​ខ្មែរ។ ​ដល់ពេល​យើងមាន​ឱកាសចូល​វិភាគទានដល់​អ្នក​រងគ្រោះ​ហ្នឹង​ អាហ្នឹងជា​ឱកាស​ល្អ​មួយ​ដែល​ពួក​យើង​អាច​ធ្វើ​បាន»។​

ជំនួយ​សង្គ្រោះ​ដែល​ក្រុម​និសិ្សត ​និង​អតីត​និស្សិត​ទាំង​នេះ​នាំ​មក​ជូន​គ្រួសារ​នីមួយៗ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាង​៣០០​គ្រួសារ​នៅ​ក្នុង​ឃុំ​នេះ​ រួម​មាន អង្ករ​ទង្ងន់​៥០​គីឡូក្រាម មី​មួយ​កេស ទឹក​ត្រី សាប៊ូ​ដុំ​ ធុង​ចម្រោះទឹក និង​ថ្នាំ​ពេទ្យជាដើម។​

​លោក​ជា កញ្ញារិទ្ធិ​គឺ​ជា​ប្រធាន​សមាគម​អតីត​និស្សិតពី​សហ​រដ្ឋ​អាមេរិក។​

«ខ្ញុំ​គិត​ថា ​អា​នេះ​ជា​បទ​ពិសោធន៍​មួយ​ដែល​បើក​ចក្ខុ​ ឲ្យ​អ្នក​សិក្សា​នៅ​បរទេស​ហ្នឹង​គាត់​មាន​អារម្មណ៍ផ្សេង​ពីអ្វី​ដែល​គាត់​ធ្លាប់​មាន​ពីមុន​មក​នោះ​ណា៎។ ​ហើយ​ខ្ញុំ​គិត​ថា​ វា​អាច​ផ្លាស់​ប្តូរ​ចិត្ត​របស់គាត់​បាន​ បើ​គាត់​បាន​មក​ឃើញ​អញ្ចឹងៗ»។​

ក្រុម​និស្សិត​ និង​អតីត​និស្សិត​ស្ម័គ្រ​ទាំង​នេះ​លើក​ឡើង​ថា នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ក្រុម​របស់​ពួក​គេ​ធ្វើការ​រួបរួម​គ្នា ដើម្បី​នាំ​អំណោយ​សប្បុរស​ធម៌​បែប​នេះ​ មក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ ដែល​រងគ្រោះ​ដោយ​ទឹក​ជំនន់​នេះ។​

លោកទេព គន្ធា​គឺ​ជា​អនុប្រធាន​សមាគម​អតីត​និស្សិត​មកពី​ចក្រភព​អង់គ្លេស។​

«យើង​គិត​ថា​ យើង​ចង់​បង្កើត​ឲ្យ​មាន​ការ​ជួយ​គ្នា​រវាង​ខ្មែរ​នឹង​ខ្មែរ ​រវាង​ប្រជាជន​យើង​ទាំងអស់​គ្នា»។​

លោក​រ៉ែម នឿម ទើប​ទទួល​បាន​ជំនួយ​សង្គ្រោះ​នេះ​ ហើយ​ត្រៀម​នឹង​ដឹក​ជញ្ជូន​ឥវ៉ាន់​ទាំង​នេះ​ត្រឡប់​ទៅ​ផ្ទះ​វិញ។​

«ចង់ថ្លែង​ពាក្យ​ពេចន៍​ ថ្លែងអំណរគុណ​ដល់កូនៗ​ទាំងអស់​ដែល​បាន​ជួយ​ទំនុក​បម្រុង​ដល់​អ៊ុំជាកសិករ​លិច​ទឹក​ ទឹក​ជំនន់នេះ»។​

ទោះ​បី​ជា​គ្រួសារ​ភាគ​ច្រើន​បាន​ទទួល​អំណោយ​ពី​ក្រុម​និស្សិត ​និង​អតីត​និស្សិត​ទាំង​នេះ​ក៏​ដោយ ក៏គ្រួសារ​មួយ​ចំនួន​តូច​អះអាង​ថា​ ពួកគេ​គឺ​ជា​អ្នក​ភូមិ​ក្រីក្រ​ពិតប្រាកដ ប៉ុន្តែបែរ​ជា​គ្មាន​ឈ្មោះ​ទទួល​ជំនួយ​សង្គ្រោះ​ទាំង​នេះ​ទៅ​វិញ។

ក្រុម​និស្សិត ​និង​អតីត​និស្សិត​ទាំង​នេះ​និយាយ​ថា ពួកគេ​ពុំ​បាន​ព្រងើយ​កន្តើយ​ចំពោះ​គ្រួសារ​ដែល​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​ទាំង​នេះ​ឡើយ។​

«ពួក​យើង​ខ្ញុំ​បាន​ដឹង​ច្បាស់​ថា ​រឿង​នេះ​ជា​រឿង​មួយ​ដែល​មិន​អាច​ចៀស​ផុត​ទេ។​ ដូច្នេះ​ពួក​យើង​បាន​ត្រៀម​លក្ខណៈ​រួច​ហើយ​ ពោល​គឺ​ចែក​នៅ​ទីនេះ​បាន​៣៣៣​គ្រួសារ​ ដែល​អញ្ជើញមក​ពី​៧​ភូមិ​នៃ​ឃុំ​ជើង​ទៀន​នេះ។ ក៏​បន្តែ​យើង​បាន​រៀបចំ​ជំនួយ​របស់​យើង​សម្រាប់​៣៥០​គ្រួសារ។ ​អញ្ចឹង​បាន​ន័យ​ថា ​យើង​បាន​ត្រៀម​សម្រាប់​១៧​គ្រួសារ​ ព្រោះ​យើង​ដឹង​ថា ​នឹង​មាន​អ្នក​មួយ​ចំនួន​គាត់​នឹង​តវ៉ា​បែប​នេះ។ ​ក៏​ប៉ុន្តែ​យើង​ដឹង​ហើយ​ថា ​ប្រជាពលរដ្ឋ​ដែល​គាត់​ចង់​បាន​ហ្នឹង​គឺ​គាត់​អាច​មាន​ចំនួន​ច្រើន​ ហើយ​យើង​មិនមាន​លទ្ធភាព​ផ្តល់​ឲ្យ​គាត់​គ្រប់ៗ​គ្នា​នោះ​ទេ»។

អាជ្ញាធរ​មូលដ្ឋាន​ និយាយ​ថា គ្រួសារ​មួយ​ចំនួន​បាន​ទទួល​អំណោយ​សង្គ្រោះ​ខ្លះ​ពី​ក្រុម​សប្បុរស​ជន​មុនៗ​រួចហើយ ដូច្នេះ​ពួកគេ​គួរ​យោគយល់​ដល់​គ្រួសារ​ដែល​ងាយ​រងគ្រោះ​ជាង​គេ​នៅក្នុង​ឃុំ​នេះ។​

លោកឡាយ ដឿន គឺ​ជា​មេឃុំ​ជើង​ទៀន។​

«គឺត្រូវ​ជួយគ្រូសារ​ងាយ​រងគ្រោះ​ ដូចជា​គ្រួសារ​ជនពិការ ​គ្រួសារ​ចាស់​ជរា​ ហើយ​ស្ត្រី​មេម៉ាយ​ កុមារ​កំព្រា»។​

យ៉ាង​ណាក៏ដោយ ក្រុម​និស្សិត​ និង​អតីត​និស្សិត​ទាំង​នេះ ក៏​ចុះ​ចែក​អំណោយតាម​ផ្ទះ​របស់​អ្នក​ភូមិ​ផ្ទាល់​ថែម​ទៀត ដើម្បី​ឲ្យ​ប្រាកដ​ថា ជំនួយ​របស់​ពួក​គេ​ពិត​ជា​បានទៅ​ដល់​ដៃ​ពលរដ្ឋ​ក្រីក្រ​ ​និង​ងាយ​រងគ្រោះ​ជាង​គេ​ពិត​ប្រាកដ។​

ក្រុម​និស្សិត​ទាំងនេះ​លើក​ឡើង​ថា ​ទោះបី​ជា​ជំនួយ​របស់​គេ​មាន​ទ្រង់ទ្រាយ​តូច​ក៏ដោយ​ ក៏​សកម្មភាព​របស់​ពួកគេ​នេះ​បាន​ក្លាយ​ជា​គម្រូ​សម្រាប់​ប្រជា​ពលរដ្ឋ ​ជាពិសេស​បញ្ញវ័ន្ត​ខ្មែរ​ក្នុង​ការ​ចូលរួម​ជួយ​ប្រជាជាតិ ​និង​ប្រជាជន​របស់​ខ្លួន៕