និស្សិត​​មិន​ពេ​ញ​ចិត្ត​ការ​​រៀនតាម​ប្រព័ន្ធ​​អ៊ីនធឺណិតឬ?

លោក​គ្រូអ្នក​គ្រូ នឹង​បង្រៀន​តាមប្រព័ន្ធ​អ៊ីនធឺណិត​ … នៅ​ម៉ោង​៣ព្រឹក​នេះ។

សាស្រ្តាចារ្យ​កំពុងសាកល្បង​បង្រៀន​មេរៀន​គំនូសតាង​ធាតុផ្សំ​មូលីគុល​ DNA ដោយគូស​តាង​លើក្តារខៀន​តាម​ប្រព័ន្ធអ៊ីន​ធឺណិត​។

ប៉ុន្តែ​រូបភាព​ដែលនិស្សិត​មើល​ឃើញ​បែរទៅ​ជាឃើញ​កូន​របស់​សាស្រ្តាចារ្យនោះ​ដែលទើបចេះ​ដើរ​មក​ដណ្តើមឆក់​យកហ្វឺត​ និងក្តារខៀន​ទៅវិញ។

និស្សិត​ឈ្មោះ Moazam Haider ដែល​ចូលចិត្តកំប្លែង​មុខស្ងួត​រៀននៅ​សាកលវិទ្យាល័យ​Riphah International University ក្នុងរដ្ឋ Faisalabad ប្រទេស​បាគីស្ថាន​ សរសេរ​ក្នុង​បណ្តាញសង្គម​ Twitter ថា​«ឱ្យពួកយើង​រៀនតាម​ប្រព័ន្ធ​អ៊ីន​ធឺណិត​ម្តេចកើត​»ដោយភ្ជាប់​ចុងឃ្លា​ជាមួយសញ្ញាទ្រុងជ្រូក ឬ Hashtag ថា «យើងចង់សម្រាក​វិស្សមកាល»​ (#We_Want_Semester_Break )។

វាមិនទាស់​ខុសអ្វីទេ​ដែលនិយាយ​ត្រឹមពាក្យ​ប៉ុននេះ​ សមតែ​លើសពីនេះ​ ឬកាន់​តែលើសឆ្ងាយ​ជាងនេះ​ផង​ និស្សិត​មិនទទួល​យកការសិក្សា​តាមប្រព័ន្ធ​អ៊ីនធឺណិតទេ​នៅពេល​ដែលការសិក្សា​រៀន​សូត្រ​ធម្មតា​នៅតាម​បន្ទប់រៀន​ក្នុង​សាកលវិទ្យាល័យ​ផ្អាកដោយ​សារជំងឺ​ COVID-19 រាតត្បាត​នោះ។

និស្សិតម្នាក់​ទៀត​ឈ្មោះ​ Shahzaib Rizvi សិក្សា​ជំនាញ​វិស្វកម្ម​អេឡិចត្រូនិក​ នៃ​សាកលវិទ្យាល័យ​Indus University Karachi បង្ហោះ​រូបថត​ស្ពាន​សង់លើ​ផ្ទៃទឹកដែល​ផ្នែកសង​ខាងស្ពាន​សល់គម្លាត២-៣ម៉ែត្រ​ទៀត​ទើប​បាន​ជាប់គ្នា។

ផ្នែកសង​ខាង​ស្ពាន​នេះ មិន​ភ្ជាប់ស៊ីគ្នា​ទេ​។​

និស្សិត​ Rizvi សរសេរ​ជា​ឃ្លា​កំប្លែងសើច​លើរូប​ស្ពាននេះ​ថា​ ការគណនា​របស់ខ្ញុំ​ចូលត្រឡោក​ហើយ។ និស្សិត​នេះ​ ក៏បាន​បន្ថែមខាងចុងឃ្លា​ជាមួយ​នឹងសញ្ញា​ទ្រុងជ្រូក​ឬ Hashtagថា «យើង​បដិសេធ​ការ​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ យើងចង់​សម្រាក​វិស្សម​កាល» (#WeRejectOnlineClasses #We_Want_Semester_Break)។

តាមរយៈ​សារវីដេអូ​ឆ្លើយតប​នឹងការ​តវ៉ារបស់​និស្សិត​ លោក​ Hassan Muhammad Khan អធិការបតី​នៃសាកលវិទ្យាល័យ Riphah International University​ ប្រទេស​បាគីស្ថាន​ បកស្រាយ​ថា៖ «ការប្តូរទៅ​សិក្សា​តាមប្រព័ន្ធ​អ៊ីនធឺណិត​ មិនងាយ​ស្រួលឡើយ​ លើក​លែងតែ​ដេប៉ាតឺម៉ង់​បច្ចេកវិទ្យា​ព័ត៌មាននៃ​សាកលវិទ្យាល័យ​ដែលនៅ​ដំណើរការមាន​ប្រសិទ្ធភាពល្អ​ គុណភាពនៃការ​អប់រំក៏​ពុំថយចុះ​ដែរ​ បើទោះជា​ក្នុង​អំឡុងពេល​ផ្ទុះជំងឺ​នេះក៏ដោយ​។ ប៉ុន្តែពេលរឿងខ្លះ​យើងត្រូវ​តែកែសម្រួល​តាម​ដំណើរ​ គឺធ្វើដូច​គេដូចឯង​ដែរ»។

និស្សិត​មួយចំនួន​ទទូច​ឱ្យសាកលវិទ្យាល័យ​បិទថ្នាក់​សិក្សា​តាមប្រព័ន្ធ​អ៊ីនធឺណិត​ និង​ព្យួរឆមាស​សិក្សានេះ​ រហូត​ដល់ស្ថានការណ៍​ប្រសើរឡើង​វិញ។ និស្សិត​ទាំងនោះ​ តួយ៉ាង​និស្សិត​ឈ្មោះ Logan Stafford សុខចិត្ត​ធ្លាក់​ បើ​មាន​សិក្សាតាម​ប្រព័ន្ធ​អ៊ីនធឺណិត។ អីចឹង​ហើយ​ គាត់បាន​បង្ហោះសារ​បន្ថែម​ចុងឃ្លា​នឹង​សញ្ញា​ទ្រុងជ្រូក​ឬ Hashtag ថា​ «យើងចង់​សម្រាក​វិស្សមកាល» (#WeWantSemesterBreak)​ ហើយ​និស្សិតផ្សេង​ៗទៀត​ក៏ពេញចិត្តនឹង​ឃ្លា​ហ្នឹងដែរ​។

«ការសិក្សា​តាមប្រព័ន្ធ​អ៊ីនធឺណិត​ មិនមែន​ជាតម្រូវការ​សម្រាប់​ការអប់រំ​របស់​ពួកយើង​ទេ» នេះជា​ពាក្យត្អូញត្អែរ​របស់និស្សិត​ឈ្មោះ Stafford រៀន​ឆ្នាំទី២ជំ​នាញគ្រប់គ្រង​ធុរកិច្ច​ នៃ​សាកលវិទ្យា​ល័យ University of Memphis ក្នុងរដ្ឋ​ Tennessee សហ​រដ្ឋអា​មេរិក។

និស្សិត​រូបនេះ​ បន្ថែមថា​៖ «សូម​បួងសួងដល់​មិត្តរួមថ្នាក់​ដែល​ធ្លាក់។ ពេលនេះ​ យើងកំពុង​បង្ហាត់​បង្រៀន​ខ្លួនឯង​នូវអ្វីដែល​ពួកយើង​មិនធ្លាប់​ដឹង»។

កាលពីពាក់​កណ្តាល​ខែមីនា​ តាមរយៈ​ការស្ទង់មតិ​និស្សិតជាង​២.៥០០នាក់​ធ្វើឡើងដោយ​ក្រុមប្រឹក្សា​ជាន់ខ្ពស់​និស្សិត​នៃមហាវិទ្យាល័យ​Malayan Colleges Laguna (@MCLkamalayan ប្រទេស​ហ្វីលីពីន​ បង្ហាញថា​ និស្សិតជិត​៦០ភាគរយ​ដែលសិក្សា​តាមប្រព័ន្ធអ៊ីធឺណិត​ យល់ឃើញ​ថា​ ពួកគេមិន​មានអារម្មណ៍​ជឿជាក់​បន្តការសិក្សា​តាមប្រព័ន្ធ​អ៊ីនធឺណិត​ឡើយ។

និស្សិត​១៥ភាគរយ​ និយាយ​ថាពួកគេ​ "មិនមាន​សម្ភារ​ឧបករណ៍​គ្រប់គ្រាន់​” និងជាង​១២ភាគរយ​ និយាយថា​ ពួកគេ​ "មានការ​លំបាកក្នុង​ស្ថានភាព​ការសិក្សា​តាមប្រព័ន្ធ​អ៊ីនធឺណិត”​។

មាន​និស្សិតត្រឹមតែ​៦,៨១ភាគរយ​ប៉ុណ្ណោះ​ ឆ្លើយថា​ "មិនមាន​បញ្ហាអ្វី​ឡើយ"។

និស្សិត​ដែលចូល​រួមក្នុងការ​ស្ទង់មតិ​ ព្យាយាម​បញ្ចុះបញ្ចូល​បុគ្គលិក​ផ្នែក​រដ្ឋបាល​សាកលវិទ្យាល័យ​ ដោយអះអាង​ថាការ​សិក្សាតាម​ប្រព័ន្ធ​អ៊ីនធឺណិតគួរ​តែនឹង​ត្រូវព្យូរ​សិន​ រង់​ចាំពេល​មានការ​រៀបចំ​ត្រីមាស​សិក្សា និង​គោលការណ៍​ណែនាំ​មេរៀនថ្មី​ផ្សេងៗ​ទៀតរៀប​ចំស្រេចបាច់​សិន​...”។

និស្សិត​ឈ្មោះ​Stafford បាន​បង្ហោះលើ​បណ្តាញសង្គម​ Twitterថា​៖«និយាយ​ត្រង់​ ខ្ញុំនឹងមិន​រៀន​តាមប្រព័ន្ធ​អ៊ីនធឺណិត​អីទេ​... ទៅប្រឹង​ខ្វល់ខ្វាយ​រឿង​GPAធ្វើស្អី​ នៅពេល​ដែលមាន​ជំងឺរាតត្បាត​ជុំវិញ​សកលលោក​»។

ក្រុមហ៊ុនStuDocu ជាក្រុមហ៊ុន​ហូឡង់​ដែលបង្កើត​នៅឆ្នាំ២០១៣​ដោយនិស្សិត​៤រូប​ដែលមាន​បេសកកម្ម​ «ផ្តល់ភាព​អង់អាច​ដល់​និស្សិត​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការសិក្សា​តាមរយៈការ​ផ្តល់​ឧបករណ៍​ឬបច្ចេកទេស​ដល់និស្សិត​ឱ្យសិក្សាកាន់​តែមាន​ប្រសិទ្ធិភាព»។ ក្រុមហ៊ុន​នេះ បានធ្វើការ​ស្ទង់មតិ​និស្សិតជាង​២.០០០នាក់​ក្នុងប្រទេស​អ៊ីតាលី​ ហូឡង់​ និង​សហរដ្ឋអា​មេរិក ដែល​សុទ្ធតែជា​តំបន់រងផល​ប៉ះពាល់ពីជំងឺ​ COVID-19 ក្នុងគោល​បំណងវាស់វែង​ប្រសិទ្ធិភាព​ការសិក្សា​រៀន​សូត្ររបស់​និស្សិត។

តាមការ​ស្ទង់មតិនេះ​ ក្នុង​ចំណោម​និស្សិតអាមេរិកាំង​ ៣២ភាគរយ​និយាយ​ថា​ ពេលពួក​គេរៀនតាម​ប្រព័ន្ធអ៊ីនធឺណិត​ ពួកគេ​មានការ​រំខានពី​ "សមាជិក​ក្រុមគ្រួសារ​ ឬសត្វចិញ្ចឹម​របស់គេ​ ងាកសម្រាកៗ​ ហើយ​ដំអក់​ច្រើន"។

ពាក់កណ្តាល​ចំនួននិស្សិត​អាមេរិកាំង​ដែលចូលរួម​ការស្ទង់មតិ​ ឆ្លើយ​ថា​ ពួកគេ​មិនមាន​អារម្មណ៍​ខ្នះខ្នែង​ប៉ុន្មានទេ​ ហើយ១៩​ភាគរយឆ្លើយ​ថាពេល​មុនពេល​ផ្ទុះជំងឺពួក​គេមាន​អារម្មណ៍ខ្នះ​ខ្នែង​រៀន​សូត្រ​ជាង។

សម្រាប់និស្សិត​ហូឡង់​៧១ភាគរយ​ ឆ្លើយថា​ ពួកគេ​មានពេល​តិចតួចជាង​មុនឆ្លងឆ្លើយ​ជាមួយ​សាកល​វិទ្យាល័យ​ដើម្បី​ធ្វើឱ្យការសិក្សារៀន​សូត្ររបស់​ពួកគេ​មាន​ប្រសិទ្ធិភាព​ ក្រុម​និស្សិតនេះ​ ក៏បញ្ជាក់​ថាការ​សិក្សាតាម​ប្រព័ន្ធអ៊ីនធឺណិត​ ធ្វើឱ្យពួក​គេមានបទ​ពិសោធន៍​បន្ថែមលើ​ការហូប​ម្ហូប​អាហារ​ដាំស្លនៅ​ផ្ទះខ្លួន​ឯង។

និស្សិត​អាមេរិកាំង​ ៥៣ភាគ​រយ​ ឆ្លើយថា​ ពួកគេ​ពេញចិត្ត​ការគ្រប់គ្រង​ការបើក​ភ្លើង​ពន្លឺ និង​ស៊ីតុណ្ហ​ភាព​តាមតម្រូវ​ការខ្លួន​ និង៥៤​ភាគរយ​ ឆ្លើយថា​ ពេញចិត្ត​នឹងសិក្សារៀន​សូត្រតាម​កាល​វិភាគ​ខ្លួន។

ចំពោះសំណួរ​ទៅកាន់​អ្នកចូល​រួមការ​ស្ទង់មតិ​ ថា​តើឧបករណ៍​ឬបច្ចេកទេស​ (កម្មវិធី)​ណាដែល​ប្រសើរបំផុត​សម្រាប់ការ​សិក្សា​តាមប្រព័ន្ធ​អ៊ីនធឺណិត? ពួកគេ​ឆ្លើយថា​ មានដូចជា​ Moodle, Blackboard, Google Classroom, Brightspace, Canvas and Youtube, StuDocu។ នៅសហ​រដ្ឋអាមេរិក​ និស្សិត​ប្រើប្រាស់​បច្ចេកទេស​ CourseHero, LinkedIn Learning និងCoursera ។ កម្មវិធី​ប្រាស្រ័យឆ្លើយឆ្លង​គ្នាដែល​គ្រូបង្រៀន​ និងអ្នករៀន​សូត្រពេញ​និយម ​មានដូចជា​ កម្មវិធី​Zoom, Microsoft Teams, Cisco Webex និងGoogle Hangouts ។

ទោះជា​យ៉ាងនេះក្តី​ បើមើល​លើបណ្តាញ​សង្គ​ម នៅតែមាន​ការ​តវ៉ាប្រឆាំង​ការសិក្សា​តាមប្រព័ន្ធ​អ៊ីនធឺណិត​ដដែល។

«តើចត្តាឡីស័ក​ឬការដាក់​ខ្លួនឱ្យ​នៅដាច់​ដោយឡែក​ពីគេ​ពេល​ណាចប់​ ដូច្នេះខ្ញុំ​មិនចាំបាច់​ត្រូវរៀន​តាមប្រព័ន្ធ​អ៊ីនធឺណិត​អ្វីទៀតទេ​?» នេះជា​ពាក្យពេចន៍​បង្ហោះ​ដោយ​និស្សិតឈ្មោះ Anysa​ ដែល​ទំនងអាច​ជា​តំណាងឱ្យ​គំនិតនិស្សិត​គ្រប់គ្នា​ៗ៕

ប្រែសម្រួល​ដោយ កោះ សុគន្ធី​