ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តជាឯកច្ឆន្ទលើទណ្ឌកម្មថ្មីដែលធ្ងន់ធ្ងរទៅលើប្រទេសកូរ៉េខាងជើងកាលពីថ្ងៃពុធ ដើម្បីទប់ទល់នឹងកម្មវិធីនុយក្លេអ៊ែរនិងគ្រាប់មីស៊ីលរបស់ប្រទេសនេះ។
លោកស្រីឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ Samantha Power បានប្រាប់ដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបន្ទាប់ពីបោះឆ្នោតរួចថា «ប្រទេសកូរ៉េខាងជើងគឺជាប្រទេសតែមួយគត់នៅក្នុងពិភពលោកទាំងមូល ដែលបានធ្វើការសាកល្បងនុយក្លេអ៊ែរនៅក្នុងសតវត្សរ៍ទី២១នេះ។ តាមពិតទៅ ប្រទេសនេះមិនគ្រាន់តែធ្វើការសាកល្បងនុយក្លេអ៊ែរតែម្តងប៉ុណ្ណោះទេ គឺដល់ទៅ៤ដង»។
លោកស្រីបានបន្តថា កូរ៉េខាងជើងបានផ្តោតលើកម្មវិធីនុយក្លេអ៊ែរនិងគ្រាប់មីស៊ីលរបស់ខ្លួនជាជាងផ្តោតទៅលើតម្រូវការរបស់ប្រជាជន។ ធនធានទាំងអស់នៅក្នុងប្រទេសនេះត្រូវបានប្រើប្រាស់សម្រាប់កម្មវិធីអាវុធនុយក្លេអ៊ែរដែលគ្មានកោតក្រែងនិងគ្មានមេត្តារបស់ខ្លួន។
ការបោះឆ្នោតកាលពីថ្ងៃពុធត្រូវបានធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងការសាកល្បងនុយក្លេអ៊ែរនិងការបាញ់គ្រាប់រ៉ុកកែតចម្ងាយឆ្ងាយរបស់ប្រទេសកូរ៉េខាងជើង។
នៅឯសេតវិមាន លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានស្វាគមន៍ចំពោះសកម្មភាពរបស់អង្គការសហប្រជាជាតិ។ លោក អូបាម៉ា បានថ្លែងនៅក្នុងលិខិតមួយថា៖ «ថ្ងៃនេះ សហគមន៍អន្តរជាតិ ដោយបានសម្រេចជាឯកច្ឆន្ទ បានផ្ញើជាសារសាមញ្ញមួយដល់រដ្ឋាភិបាលក្រុងព្យុងយ៉ាងថា កូរ៉េខាងជើងគួរតែលុបចោលនូវកម្មវិធីដ៏គ្រោះថ្នាក់ទាំងនេះ ហើយជ្រើសយកមាគ៌ាមួយដែលល្អជាងមុនសម្រាប់ប្រជាជនរបស់ខ្លួន»។
សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិដែលមានប្រទេសជាង៥០គាំទ្របានចាត់វិធានការមួយចំនួនដែលមិនធ្លាប់មានពីមុនមក។ ក្នុងនោះរួមមានការត្រួតពិនិត្យលើទំនិញទាំងអស់ដែលនាំចូលនិងនាំចេញពីប្រទេសនេះ។ ហើយក៏មានគ្រឿងសព្វាវុធសរុប ដោយរួមបញ្ចូលទាំងអាវុធដែលផលិតពីសារធាតុនុយក្លេអ៊ែរនិងអាវុធដទៃទៀត និងការដាក់កម្រិតទៅលើការលក់ធ្យូងពីកូរ៉េខាងជើង និងសារធាតុរ៉ែដទៃទៀត ដូចជាមាស ដែក រ៉ែដែក និងទីតាញ៉ូមជាដើម។
ចំណុចមួយនៅក្នុងសេចក្តីព្រាងកាលពីមុនដែលហាមឃាត់មិនឲ្យលក់ឬផ្គត់ផ្គង់ប្រេងឥន្ធនៈដល់អាកាសចរណ៍របស់កូរ៉េខាងជើង ដែលប្រេងនោះក៏ត្រូវបានប្រើប្រាស់សម្រាប់គ្រាប់រ៉ុកែតផងដែរនោះ ត្រូវបានគេពិនិត្យឡើងវិញនៅក្នុងសេចក្តីសម្រេចចុងក្រោយបង្អស់នេះ ដើម្បីដាក់ការលើកលែងមួយទៅលើយន្តហោះដឹកអ្នកដំណើរស៊ីវិលដែលធ្វើដំណើរចូលនិងចេញពីកូរ៉េខាងជើង។
ទណ្ឌកម្មទៅលើធនាគារក៏ត្រូវបានពង្រឹងផងដែរ ហើយក៏មានការហាមឃាត់មិនឲ្យលក់វត្ថុមានតម្លៃទៅកាន់កូរ៉េខាងជើងផងដែរ។ បន្ថែមពីលើនេះទៀត ក៏មានការហាមឃាត់ការធ្វើដំណើរនិងការបង្កកទ្រព្យសម្បត្តិទៅលើបុគ្គលថ្មីចំនួន១៦នាក់៕