ទីភ្នាក់ងាររុករកបានឆ្លៀតឱកាសនៅពេលដែលសមុទ្រស្ងប់ស្ងាត់បន្តិចនៅថ្ងៃច័ន្ទនេះ ដើម្បីពង្រីកការខំស្វែងរកកំទេចបាក់បែកនិងជនរងគ្រោះនៃយន្តហោះដឹកអ្នកដំណើរដែលបានធ្លាក់ចូលក្នុងសមុទ្រជ្វាកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤។
ទោះជាយ៉ាងណាក៏ដោយ ក្រុមមន្រ្តីនិយាយថា ចរន្តនៅក្រោមទឹកនៅទីកន្លែងដែលគេជឿជាក់ថាជាកំទេចបាក់បែកដ៏សំខាន់នោះនៅខ្លាំងនៅឡើយសម្រាប់ក្រុមអ្នកមុជទឹកនៅទីនោះ។ ចរន្តទឹកនេះក៏ជាមូលហេតុក្នុងការពង្រីកការរុករកនោះផងដែរ នៅពេលដែលកំទេចបាក់បែកអាចអណ្តែតទៅឆ្ងាយ។
លោក Henry Bambang Soelistyo ប្រធានទីភ្នាក់ងារស្វែងរកនិងជួយសង្គ្រោះជាតិនិយាយថា «ក្រុមមុជទឹករួមមានទាំងអ្នកមុជទឹកជនជាតិរុស្ស៊ី នៅតែមិនអាចមុជទឹកបាន។ មានតែអ្នកមុជទឹក២នាក់គត់ដែលអាចគ្រប់គ្រងស្ថានភាពមុជទឹកទៅបាន ក៏ប៉ុន្តែដោយសារចរន្តទឹកនៅខ្លាំងនៅឡើយ ឥឡូវនេះពួកគេនៅប្រចាំការ»។
ការរុករកឥឡូវនេះមានរយៈពេល៩ថ្ងៃហើយ។ ដោយបានរកឃើញសាកសពមនុស្ស៣នាក់បន្ថែមទៀតនៅថ្ងៃច័ន្ទនេះ។ សាកសព៣៧នាក់ត្រូវបានរកឃើញ ក៏ប៉ុន្តែមានសាកសពតែ១៣នាក់គត់ ដែលបានកំណត់អត្តសញ្ញាណ។ អាកាសធាតុអាក្រក់ជិតរយៈពេលមួយសប្តាហ៍បានរារាំងកិច្ចខំប្រឹងប្រែងរុករក។
យន្តហោះធុន Airbus A320 ដែលមានអ្នកដំណើរ១៦២នាក់នៅលើនោះ បានធ្វើដំណើរពីប្រទេសឥណ្ឌូនេស៊ីទៅកាន់ប្រទេសសឹង្ហបុរីបានធ្លាក់ក្នុងពេលមានព្យុះអស់រយៈពេលជាងមួយសប្តាហ៍មកហើយ៕