រដ្ឋាភិបាល​មិនទាន់​បាន​កំណត់​ឋានៈ​ជន​ភៀស​ខ្លួន​វៀតណាម​នៅ​ឡើយ

មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​ និង​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​បាន​ប្រទះ​ឃើញ​​ក្រុម​ជនជាតិ​កុល​សម្ព័ន្ធ​តំបន់​ភ្នំវៀតណាម ​ឬ​ហៅ​ថា​ ម៉ុងតាញ៉ា​ទាំង​១៣​នាក់​​នៅក្នុង​ព្រៃ​កាល​ពីពាក់​កណ្តាល​ខែ​ធ្នូ​នេះ។

បើ​ទោះបី​ជាមក​ដល់​ពេល​នេះ​រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​បាន​វាយ​តម្លៃ​អំពី​ឋានៈជន​ជាតិ​កុល​សម្ព័ន្ធ​ភ្នំវៀតណាម​ថា​ជាជន​ភៀស​ខ្លួន​ពិត​ប្រាកដ​ឬ​មួយ​យ៉ាង​ណា​ក៏ដោយ​ ​ក៏​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហា​ផ្ទៃ​បាន​អះអាង​ថា​រដ្ឋាភិបាល​បាន​ថែទាំ​ពួក​គេ​យ៉ាង​ដិតដល់ ​បើ​ប្រៀប​ធៀប​នឹង​ជន​ភៀស​ខ្លួន​កម្ពុជា​នៅ​ព្រំ​ដែន​ថៃ​កាល​ពី​ក្នុង​អំឡុង​ទសវត្ស​រ៍១៩៨០។​

លោក​នាយ​ឧត្តម​សេនីយ៍​ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​មាន​ប្រសាសន៍​ថា​ ជន​ជាតិ​កុល​សម្ព័ន្ធ​ភ្នំវៀតណាម​ទាំង​១៣​នាក់​ត្រូវ​បាន​ដាក់​ឲ្យស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ទំនើប​មួយ​ មាន​ការ​ទទួល​ទាន​ ហូបចុក​គ្រប់​គ្រាន់​ប្រសើរ​ជាង​ជន​ភៀស​ខ្លួន​ខ្មែរ​កាល​ពី​អំឡុង​ទសវត្ស១៩៨០​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​ថៃ។​

លោក​និយាយ​ថា៖​ «សំខាន់​អ្នក​ទាំង​អស់​ហ្នឹង​បាន​រស់​ហើយ។ ​បើ​ប្រៀប​ធៀប​ជន​ភៀស​ខ្លួន​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​ដែល​ធ្លាប់​មាន​ពិសោធន៍​ អ្នក​ទាំង​អស់​ហ្នឹង​គាត់​គ្រាន់​បើ​ជាង​ពលរដ្ឋ​ខ្មែរ​យើង ​ហើយ​សុខភាព​ក៏​ល្អ ​ស្អី​ក៏​ល្អ​ ដេក​សុទ្ធ​តែ​សណ្ឋាគារ​ មាន​ជីវភាព​រស់​នៅ​ល្អ​ជាង​ពលរដ្ឋ​ខ្មែរ​រស់​នៅ​តំបន់​ជន​បទ​ដែល​កំពុង​ប្រកប​អាជីវកម្ម»។​

ក្រុម​ជនជាតិ​កុល​សម្ព័ន្ធ​តំបន់​ភ្នំវៀតណាម ​ឬ​ហៅ​ថា​ ម៉ុងតាញ៉ា​ទាំង​១៣​នាក់​ត្រូវ​គេ​ដឹង​ថា ​បាន​រត់​គេច​ពី​ការ​ធ្វើ​ទុក្ខបុក​ម្នេញ​ពី​អាជ្ញាធរ​វៀតណាម​ និង​បាន​ចូល​មក​ជ្រក​កោន​ក្នុង​ព្រៃ​នៃ​ខេត្ត​រតន​គីរី​នៅ​ប៉ែក​ឦសាន​ប្រទេស​ កម្ពុជា​ចាប់​តាំង​ពី​ចុង​ខែ​តុលា​មក​ម្ល៉េះ។​

មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​ និង​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​បាន​ប្រទះ​ឃើញ​ពួក​គេ​នៅក្នុង​ព្រៃ​កាល​ពីពាក់​កណ្តាល​ខែ​ធ្នូ​នេះ ​ហើយ​ពួក​គេ​ត្រូវ​បាន​ដឹក​ជញ្ជូន​មក​កាន់​រាជធានី​ភ្នំពេញ​ភ្លាមៗ​បន្ទាប់​ពី​បាន​រក​ឃើញ។​

លោក​នាយ​ឧត្តម​សេនីយ៍​ខៀវ សុភ័គ​មាន​ប្រសាសន៍​ថា ​អ្នក​ទាំង​១៣​នាក់​ត្រូវ​បាន​សម្ភាស​បាន​ភាគ​ច្រើន​ហើយ​ តែ​រដ្ឋាភិបាល​មិន​ទាន់​បាន​វាយ​តម្លៃ​ថា​ ពួក​គេ​ជាជន​ភៀស​ខ្លួន​ពិត​ប្រាកដ ​ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ។​

លោក​បាន​បញ្ជាក់​ថា​ កម្ពុជា​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត ​មិន​ត្រូវ​វាយ​តម្លៃ​ទាំង​តក់​ក្រហល់​ទេ។​

លោក​និយាយ​ថា៖ ​«មិន​មែន​ជា​រឿង​ត្រូវ​រហ័ស​រហួន​ ប្រញាប់​ប្រញាល់​រក​ប្រទេស​ទី​បី​ឲ្យគាត់​នៅ​នោះ​ទេ​ ហើយ​មិន​ទាន់​ដឹង​ថា​ អ្នក​ទាំង​អស់​ហ្នឹង​ជា​ជន​ភៀស​ខ្លួន​៥១ ​ឬ​ក៏​អន្តោ​ប្រវេសន៍​ទេ។​ ​យើង​កំពុង​វាយ​តម្លៃ»។​

វីអូអេ​បានព្យាយាម​ទាក់ទងសុំ​ការ​បំភ្លឺពី​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជនភៀស​ខ្លួន​ តែ​មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។​

ក៏​ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ ​កាល​ពី​សប្តាហ៍មុន​ បាន​កោត​សរសើរ​ក្រសួង​មហា​ផ្ទៃ​របស់​ប្រទេស​កម្ពុជា​ក្នុង​កិច្ច​សហ​ការ​ស្វែង​រក​ជនជាតិ​ភាគ​តិច​តំបន់​ភ្នំ​វៀតណាម​ដែល​ភៀស​ខ្លួន​ចូល​ក្នុង​ព្រៃ​នៃ​ខេត្ត​រតនគីរី។​ ក៏​ប៉ុន្តែ​មន្ត្រី​ដដែល​នោះ​បាន​ព្រមាន​ឲ្យ​ប្រទេស​កម្ពុជា​អនុវត្ត​តាម​គោល​ការណ៍​ច្បាប់​ត្រឹម​ត្រូវ​នៅ​ថ្ងៃ​អនាគត។​

លោកស្រី​ Ravina Shamdasani ​អ្នក​នាំ​ពាក្យ​របស់​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​សិទ្ធិ​មនុស្ស ​ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​ មានប្រសាសន៍​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​កាលពី​សប្តាហ៍​មុន​ថា ​អង្គការ​សហ​ប្រជាជាតិ​«អរគុណ​ក្រសួង​មហា​ផ្ទៃ​សម្រាប់​កិច្ច​សហ​ប្រតិបត្តិ​ការ​ក្នុង​រយៈ​ពេល​ពីរ​ខែ​កន្លង​មក​នេះ ​បើ​ទោះ​ជា​មាន​ការ​លំបាក​ជាមួយ​អាជ្ញា​ធរ​ខេត្ត​ក៏​ដោយ»។​

មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​ដដែល​ពិពណ៌នា​អំពីការ​ខ្វះ​ខាត​ផ្នែក​ការពារ​ និង​ចំណី​អាហារ​សម្រាប់​ជន​ភៀស​ខ្លួន​ និង​បញ្ជាក់​ថា ​នៅ​ពេល​ដែល​ជន​ភៀស​ខ្លួន​ទាំង​១៣​នាក់ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ព្រៃ​នៃ​ខេត្ត​រតនគីរី​នោះ​«ពួក​គេ​មាន​ស្ថានភាព​ស្គាំង​ស្គម ​អស់​កម្លាំង​ខ្លាំង​ សក់​កន្ទ្រីង​កន្រ្ទើង​ និង​មាន​ជំងឺ​ជាច្រើន​ ​ក្រោយ​ពី​ពួក​គេបាន​ស្ថិត​នៅ​ក្នុង​ព្រៃ​អស់​រយៈ​ពេល​ប្រាំពីរ​សប្តាហ៍​ ដោយ​ដេក​ផ្ទាល់​នឹង​ដី​ ដោយ​មាន​ចំណី​អាហារ​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ៕