រដ្ឋ១៦ក្នុងស.រ.អា.បានប្តឹងរដ្ឋបាលលោក Trump អំពីសេចក្តីប្រកាសរបស់ប្រធានាធិបតីស្តីពីភាពអាសន្នក្នុងប្រទេសជាតិដើម្បីឱ្យលោកអាចទទួលប្រាក់សម្រាប់កសាងជញ្ជាំងមួយតាមព្រំដែន។
ពួករដ្ឋមន្ត្រីក្រសួងយុត្តិធ៌មនៃរដ្ឋទាំងនេះដឹកនាំដោយរដ្ឋ California បានដាក់បណ្តឹងនេះកាលពីយប់ថ្ងៃចន្ទនៅក្នុងតុលាការតំបន់ខាងជើងរដ្ឋ California។
ពាក្យបណ្តឹងនេះបានចោទប្រកាន់ថាសេចក្តីប្រកាសភាពមានអាសន្ននេះមិនត្រឹមត្រូវតាមច្បាប់ទេហើយក៏មិនត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញដែរ ហើយថាសេចក្តីប្រកាសនេះធ្វើឱ្យមានផលមិនល្អដល់រដ្ឋទាំងនេះ និងពលរដ្ឋរបស់ពួកគេ ដោយយកប្រាក់ពីកម្មវិធីប្រឆាំងនឹងគ្រឿងញៀន គម្រោងកសាងផ្នែកយោធា និងកិច្ចខិតខំប្រឹងប្រែងឯទៀតៗខាងការពង្រឹងច្បាប់។
ពាក្យបណ្តឹងនេះសុំដល់តុលាការនេះឱ្យហាមប្រាមជាអចិន្ត្រៃយ៍មិនឱ្យរដ្ឋបាល Trump បង្វែប្រាក់ពីកន្លែងឯទៀតក្នុងរដ្ឋាភិបាលដើម្បីស្ថាបនាជញ្ជាំងព្រំដែន ឬដើម្បីកសាងជញ្ជាំងព្រំដែនដោយគ្មានការផ្តល់ប្រាក់ពីសភាសម្រាប់គោលបំណងនេះ។
លោក Xavier Becerra រដ្ឋមន្ត្រីក្រសួងយុត្តិធ៌មនៃរដ្ឋ California បានមានប្រសាសន៍ថា «លោកប្រធានាធិបតី Trump បានប្រមាថទាំងស្រុងដល់វិធានច្បាប់។ លោកដឹងថាគ្មានវិបត្តិព្រំដែនទេ។លោកដឹងថាសេចក្តីប្រកាសអំពីភាពមានអាសន្នរបស់លោកជាការមិនត្រឹមត្រូវទេ ហើយលោកសារភាពថាលោកទំនងជានឹងចាញ់ក្តីនៅក្នុងតុលាការផងដែរ»។
លោក Becerra បានចោទប្រកាន់លោក Trump ថាលេង «ល្ខោន» និងបំផ្លើសអំពីវិបត្តិមួយពីព្រោះលោកមិនអាចឱ្យសភាស.រ.អា. ឬប្រទេសម៉ិកស៊ិកបង់ប្រាក់សម្រាប់ការកសាងជញ្ជាំងព្រំដែននេះទេ។
ក្រុមការពារបរិស្ថានមួយ និងពួកម្ចាស់ដីបីនាក់ក្នុងរដ្ឋ Texas ដែលជញ្ជាំងព្រំដែននេះនឹងត្រូវកសាងលើដីរបស់ពួកគេបានដាក់ពាក្យប្តឹងរួចស្រេចហើយ។
សេតវិមានមិនទាន់បានឆ្លើយតបនឹងពាក្យបណ្តឹងរបស់រដ្ឋទាំងនេះនៅឡើយទេ។ ក៏ប៉ុន្តែសេតវិមានរំពឹងថា នឹងមានបណ្តឹងក្នុងតុលាការប្រឆាំងនឹងសេចក្តីប្រកាសភាពមានអាសន្ននេះ៕