អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក ប្រទេសបារាំង ជប៉ុន ចិនបានស្វាគមន៍ការបញ្ចប់ជម្លោះនយោបាយរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិរួមទាំងការដោះលែងឲ្យមានសេរីភាពវិញនូវតំណាងរាស្ដ្រជាប់ឆ្នោតចំនួនប្រាំពីររូបរបស់គណបក្សជំទាស់។
គណបក្សជាប់ឆ្នោតទាំងពីរបានព្រមព្រៀងគ្នាកាលពីថ្ងៃអង្គារលើគោលការណ៍បង្កើតសមាសភាពរដ្ឋសភាទ្វេបក្សនិងធ្វើកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។
ពីទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោកសូរិយា ប្រាសាទ ស៊ូបេឌី បានថ្លែងស្វាគមន៍ការបំបែកភាពជាប់គាំងនយោបាយរបស់គណបក្សទាំងពីរ។ ការជាប់គាំងនយោបាយដែលនៅសល់តែប្រាំថ្ងៃទៀតប៉ុណ្ណោះនឹងឈានចូលដល់គម្រប់ខួបមួយឆ្នាំ។
នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខអក្សរមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិដដែលបានហៅកិច្ចព្រមព្រៀងលើដំណោះស្រាយនយោបាយនេះថាដើម្បីផលប្រយោជន៍ប្រជាជាតិកម្ពុជា។
ទោះជាយ៉ាងណាលោកសូរិយា ប្រាសាទ ស៊ូបេឌី (Surya Subedi) កត់សម្គាល់ថាកិច្ចព្រមព្រៀងលើកំណែទម្រង់គ.ជ.ប «គ្រាន់តែជាចំណុចចាប់ផ្តើមនៃការងារជាក់ស្តែងនៃការកែទម្រង់ស្ថាប័នរដ្ឋនេះតែប៉ុណ្ណោះ» ហើយលោកជំរុញឲ្យការធ្វើកំណែទម្រង់នេះត្រូវស្របតាមនិយាមអន្តរជាតិ។
ដោយនិយាយយោងទៅដល់ការដោះលែងក្រុមតំណាងរាស្ដ្រដែលត្រូវចាប់ដាក់មន្ទីរឃុំឃាំងលោកសូរិយា ប្រាសាទ ស៊ូបេឌី ជំរុញឲ្យធ្វើការទម្រង់ប្រព័ន្ធយុត្តិធម៌«ដោយមិនពន្យាពេល»។
ដំណាលគ្នានេះប្រទេសជប៉ុនដែលជាម្ចាស់ជំនួយដ៏ធំសម្រាប់ប្រទេសកម្ពុជាបានថ្លែងស្វាគមន៍ភ្លាមៗក្រោយពីគណបក្សទាំងពីរបានព្រមព្រៀងគ្នាធ្វើការជាមួយគ្នា។
រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនលោក Fumio Kishida គូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថាប្រទេសជប៉ុនបានតាមដានយ៉ាងយកចិត្តទុកដាក់លើការវិវត្តន៍នៃស្ថានការណ៍ក្រោយពីអំពើហិង្សាដ៏គួរឲ្យសោកស្តាយកើតឡើងជុំវិញទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១៥ខែកក្កដាហើយប្រទេសជប៉ុន«សង្ឃឹមយ៉ាងមុតមាំថាការបង្រួបបង្រួមនិងការផ្សះផ្សារជាតិនឹងឈានទៅមុខ»ហើយរដ្ឋសភាកម្ពុជានឹងដំណើរការជាប្រក្រតីឡើងវិញនាពេលឆាប់ៗខាងមុខនេះ។
វីដេអូ៖ វិបត្តិនយោបាយកម្ពុជាត្រូវបញ្ចប់
Your browser doesn’t support HTML5
អ្នកនាំពាក្យក្រសួងការបរទេសបារាំងវិញបង្ហាញជំហរមួយយ៉ាងកក់ក្តៅដល់ប្រទេសកម្ពុជា។
ជំហរដែលប្រទេសបារាំងបង្ហាញថាខ្លួនស្ថិតនៅ«ជាមួយប្រទេសកម្ពុជា»ដើម្បីអមដំណើរប្រទេសនេះក្នុងការពង្រឹងស្ថាប័នលទ្ធិប្រជាធិបតេយ្យ។
ប្រទេសបារាំងបានសង្កត់ថាចាប់ពីពេលនេះទៅគឺតួអង្គអ្នកនយោបាយកម្ពុជាត្រូវធ្វើការជាមួយគ្នាដោយលក្ខណៈស្ថាបនាសម្រាប់ការអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យ សេដ្ឋកិច្ចនិងកិច្ចអភិវឌ្ឍសង្គម។
ដោយឡែកអ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកលោកចន ស៊ីម៉ុន (John Simmons) ក៏បានបញ្ជាក់ប្រហាក់ប្រហែលគ្នានេះដែរថា«សហរដ្ឋអាមេរិកស្វាគមន៍កិច្ចព្រមព្រៀងរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិកាលពីម្សិលមិញក៏ដូចជាស្វាគមន៍ការដោះលែងលោកស្រីមូរ សុខហួរនិងមន្ត្រីគណបក្សសង្គ្រោះជាតិដែលត្រូវបានចាប់ដាក់គុកចាប់តាំងពីថ្ងៃទី១៥ខែកក្កដានោះ»។
លោក ចន ស៊ីម៉ុន បន្ថែមថាសហរដ្ឋអាមេរិកសង្ឃឹមថាការរីកចម្រើនទាំងនេះជួយឲ្យ«គណបក្សទាំងពីរធ្វើការជាមួយគ្នាដើម្បីលើកស្ទួយការកែទម្រង់និងការជឿនលឿននៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
ប្រទេសចិនដែលជាប្រទេសម្ចាស់ជំនួយដែលមិនសូវដាក់លក្ខខណ្ឌដល់កម្ពុជាថ្វីបើប្រទេសនេះមិនទាន់មានសេចក្តីថ្លែងការណ៍ផ្លូវការ ប៉ុន្តែតាមរយៈអ្នកនាំពាក្យស្ថានទូតរបស់ខ្លួនប្រចាំក្រុងភ្នំពេញគឺលោកចេង ហុងបូ បានសម្តែងការរីករាយចំពោះដំណោះស្រាយនយោបាយនៅកម្ពុជា។
«យើងពេញចិត្តចំពោះគណបក្សទាំងពីរដែលសម្រេចបានកិច្ចព្រមព្រៀងលើភាពជាប់គាំងនយោបាយហើយយើងគិតថាវាមានសារៈសំខាន់សម្រាប់ស្ថិរភាពនិងកិច្ចអភិវឌ្ឍរបស់ប្រទេសកម្ពុជា»។
សូមរំលឹកថាក្នុងអំឡុងការជាប់គាំងនយោបាយរយៈពេលមួយឆ្នាំមកនេះរដ្ឋាភិបាលបានបង្រ្កាបក្រុមអ្នកតវ៉ាដោយបាញ់បង្រ្កាបដោយគ្រាប់ពិតនិងបណ្តាលឲ្យអ្នកតវ៉ានិងប្រជាពលរដ្ឋយ៉ាងតិចចំនួន៧នាក់បានស្លាប់ហើយសិទ្ធិធ្វើបាតុកម្មតាមដងផ្លូវត្រូវបានដកហូត៕