មន្ត្រី​ការបរទេស​អាមេរិក៖ លោក ចន ឃែរី នឹង​លើក​ឡើង​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​និង​នយោបាយ​នៅ​​កម្ពុជា

រដ្ឋ​មន្ត្រី​ការ​បរទេសសហរដ្ឋ​​អាមេរិក លោក ចន ឃែរី (John Kerry)។

រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក លោក ចន ឃែរី (John Kerry) នឹង​ជួប​ជាមួយ​មន្ត្រី​គណបក្ស​ប្រឆាំង​និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ប្រទេស​កម្ពុជា ដើម្បី​គូស​បញ្ជាក់​ពី​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក ចំពោះ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​នេះ។

រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក លោក ចន ឃែរី (John Kerry) នឹង​ជួប​ជាមួយ​មន្ត្រី​គណបក្ស​ប្រឆាំង​និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ប្រទេស​កម្ពុជា ដើម្បី​គូស​បញ្ជាក់​ពី​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក ចំពោះ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​នេះ។ នេះ​បើ​យោង​តាម​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​នៃ​ក្រសួង​ការបរទេស​អាមេរិក ដែល​បាន​ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​សន្និសីទ​កាសែត​តាម​ទូរស័ព្ទកាល​ពី​ថ្ងៃ​អាទិត្យ។

មន្ត្រី​ជាន់​ខ្ពស់​ដដែល​នេះ បាន​បញ្ជាក់​ថា «ការ​ជួប​ជាមួយ​តំណាង​សង្គម​ស៊ីវិល​និង​មន្ត្រី​បក្ស​ប្រឆាំង​នេះ សំខាន់​គឺ​ដើម្បី​គូស​បញ្ជាក់​ពី​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក ចំពោះ​សិទ្ធិមនុស្ស សិទ្ធិ​ស៊ីវិល និង​លំហ​នយោបាយ» នៅ​ក្នុង​ប្រទេស​កម្ពុជា​ផងដែរ។

​លោក ចន ឃែរី (John Kerry) គ្រោង​ទៅ​ដល់​ប្រទេស​កម្ពុជា នៅ​យប់​ថ្ងៃ​ច័ន្ទ ក្រោយ​ពី​ចាកចេញ​ពី​ទីក្រុង​វៀងច័ន្ទ ប្រទេស​លាវ ។ លោក ឃែរី ស្ថិត​នៅ​ក្នុង​ប្រទេស​លាវ ដែល​ជា​ប្រធាន​ឆ្លាស់​វេន​អាស៊ាន​នៅ​ឆ្នាំ​នេះ មួយ​ផ្នែក​ដើម្បី​ត្រៀម​រៀបចំ​ កិច្ច​ប្រជុំ​កំពូល​អាស៊ាន​~អាមេរិក នៅ​ក្នុង​សហរដ្ឋ​អាមេរិក នៅ​ពាក់​កណ្ដាល​ខែ​កុម្ភៈ ​ខាង​មុខ​នេះ។

នៅ​ក្នុង​ប្រទេស​កម្ពុជា រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​រូប​នេះ នឹង​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន និង​រដ្ឋ​មន្ត្រី​ការបរទេស​ លោក ហោ ណាំហុង មួយ​ផ្នែក​ដើម្បី​ពិភាក្សា​ពី​ការ​រៀបចំ​ជាមុន សម្រាប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​-អាមេរិក នៅ​កន្លែង​លំហែ​កាយ Sunnylands ក្នុង​រដ្ឋ​កាលីហ្វនីញ៉ា ដែល​នៅ​ទីនោះ លោក ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ទទួល​ស្វាគមន៍​មេដឹកនាំ​អាស៊ាន​ទាំង​១០​ប្រទេស។

មន្ត្រី​ការបរទេស​ជាន់​ខ្ពស់​អាមេរិក បាន​បញ្ជាក់​ថា ទោះបី​ជា​មាន​សញ្ញាណ​នៃ​ការ​វិវត្តន៍​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ​ក៏​ដោយ ក៏​សហរដ្ឋ​អាមេរិក មាន​ក្វី​កង្វល់​អំពី​ការ​វិវត្តន៍​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ដែរ ដោយសារ​ទំនាក់​ទំនង​រវាង​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង«បង្ក​ឲ្យ​មាន​ការ​ព្រួយបារម្ភ​នៅ​ពេល​នេះ»។

មេ​ដឹកនាំ​បក្ស​ប្រឆាំង គឺ​លោក សម រង្ស៊ី បាន​និរទេស​ខ្លួនឯង​ទៅ​ក្រៅ​ប្រទេស ដើម្បី​គេច​ពី​ទោស​ទណ្ឌ​ទាក់ទិន​នឹង​រឿង​ក្តី​ជា​ច្រើន​ក្នុង​តុលាការ​កម្ពុជា ដែល​មន្ត្រី​បក្ស​ប្រឆាំង​និង​អ្នកវិភាគ​មួយ​ចំនួន និយាយ​ថា ជា​រឿង​នយោបាយ។

ខណៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក ចន ឃែរី ក៏​នឹង​ពិភាក្សា​អំពី​បញ្ហា​សេដ្ឋកិច្ច​ជាមួយ​មេដឹកនាំ​កម្ពុជា​ផង​ដែរ ដោយ​សារ​សហរដ្ឋ​អាមេរិក និង​កម្ពុជា «មាន​ទំនាក់​ទំនង​សេដ្ឋកិច្ច​ដ៏​រឹងមាំ​មួយ»។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ការបរទេស​ជាន់​ខ្ពស់​អាមេរិក។

មន្ត្រី​អាមេរិក​ដដែល​ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ចេញ​ពី​កម្ពុជា លោក ចន ឃែរី នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ប៉េកាំង ដែល​នៅ​ទី​នោះ រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក​រូប​នេះ នឹង​ជួប​ជាមួយ​មេដឹកនាំ​និង​ការទូត​ជាន់ខ្ពស់​ចិន ដើម្បី​ពិភាក្សា​ពី​បញ្ហា​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង និង​ភាព​តានតឹង​ដែល​កំពុង​បន្ត​មាន នៅ​ក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង៕