មន្រ្តីក្រសួងការបរទេសម្នាក់របស់សហរដ្ឋអាមេរិក បានលាចេញពីដំណែងកាលពីថ្ងៃព្រហស្បតិ៍ដោយសារតែការឆ្លើយតបរបស់ប្រធានាធិបតី ត្រាំ ដល់ភាពតានតឹងខាងជាតិសាសន៍ទូទាំងប្រទេសអំពីការសម្លាប់បុរសស្បែកខ្មៅដោយប៉ូលិស។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត Washington Post។
កាសែត Washington Post បានរាយការណ៍ទៀតថា លោកស្រី Mary Elizabeth Taylor ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសទទួលបន្ទុកកិច្ចការច្បាប់ បាននិយាយនៅក្នុងលិខិតលាចេញពីដំណែងរបស់លោកស្រីថា «ចំណាត់ការរបស់លោកប្រធានាធិបតី ត្រាំ ជាការផ្ទុយទៅនឹងតម្លៃនិងជំនឿរបស់ខ្ញុំ»។ លោកស្រីមានអាយុ៣០ឆ្នាំជាមនុស្សក្មេងបំផុតដែលបានកាន់កាប់ដំណែងនេះ ហើយលោកស្រីក៏ជាស្រ្តីស្បែកខ្មៅលើកទី១ដែលកាន់កាប់ការងារនេះដែរ។
លោកស្រី Taylor បាននិយាយនៅក្នុងលិខិតលាចេញពីដំណែងរបស់លោកស្រីដែលបានផ្ញើរជូនលោក Mike Pompeo រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ដែលបានទទួលដោយកាសែត Washington Post ថា «អត្ថាធិប្បាយនិងចំណាត់ការរបស់លោកប្រធានាធិបតីជុំវិញយុត្តិធម៌ពូជសាសន៍និងពលរដ្ឋអាមេរិកាំងស្បែកខ្មៅជាការផ្ទុយទៅនឹងតម្លៃនិងជំនឿរបស់ខ្ញុំ។ ខ្ញុំ ត្រូវតែធ្វើទៅតាមមនសិការរបស់ខ្ញុំហើយលាចេញពីដំណែងជាឧបការីរដ្ឋមន្រ្តីការបរទេសទទួលបន្ទុកកិច្ចការច្បាប់នេះ»។
ការលាចេញពីដំណែងរបស់លោកស្រី Taylor កើតមានឡើងបន្ទាប់ពីការចលាចលជាច្រើនសប្តាហ៍នៅទូទាំងសហរដ្ឋអាមេរិកក្រោយពីការសម្លាប់លោក George Floyd ដោយប៉ូលិសស្បែកសនៅក្នុងទីក្រុងមីនីអាប់ប៉ូលីស។ ពួកបាតុករ បានទាមទាររកយុត្តិធម៌ឲ្យលោក Floyed និងជនស្បែកខ្មៅដែលស្លាប់ផ្សេងទៀត រួមជាមួយការធ្វើកំណែទម្រង់ដើម្បីដោះស្រាយភាពព្រៃផ្សៃរបស់ប៉ូលិស បានធ្វើឲ្យមានការតវ៉ានៅតាមផ្លូវ៕