ប្រទេសម៉ាឡេស៊ីមានគំនិតមួយដែលអាចនឹងជួយក្រុមហ៊ុនបង្កើតថ្មី startups ដែលជាធម្មតាមិនមានមូលនិធិ ឬបទពិសោធន៍ច្រើន ហើយក៏អាចជួយដល់ក្រុមហ៊ុនបង្កើតយូរយារមកហើយកាន់តែច្រើន ដែលក្រុមហ៊ុនទាំងនោះភាគច្រើនខ្លាចថា នឹងមានគូប្រជែងថ្មី។
ក្រុមហ៊ុននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះកំពុងចាប់ដៃគូគ្នា ដោយក្រុមហ៊ុនថ្មី និងក្រុមហ៊ុនចំណាស់ចូលរួមជាមួយគ្នា ដើម្បីទទួលបានប្រយោជន៍ពីចំណុចខ្លាំងរបស់ភាគីទាំងសងខាង និងអាចជួយគ្នាគេចផុតពីចំណុចខ្សោយរបស់ពួកគេ។ គំរូនេះអាចក្លាយជានិន្នាការគួរឱ្យចាប់អារម្មណ៍ ដោយម៉ាឡេស៊ីជាប្រទេសមានសេដ្ឋកិច្ចអភិវឌ្ឍន៍ខ្លាំងបំផុតនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសសិង្ហបុរី។ ម៉ាឡេស៊ីជាកន្លែងនៃការបង្កើតក្រុមហ៊ុនជាច្រើន ដែលបានពង្រីកប្រតិបត្តិការរបស់ពួកគេទៅប្រទេសផ្សេងទៀត រាប់ចាប់ពីក្រុមហ៊ុនបង្កើតថ្មី ដូចជាក្រុមហ៊ុនផ្តល់សេវាដឹកអ្នកដំណើរ Grab រហូតដល់ក្រុមហ៊ុនធំៗដូចជាក្រុមហ៊ុនអាកាសចរណ៍ AirAsia។
ជាឧទាហរណ៍ប្រតិបត្តិការនៅក្នុងប្រទេសម៉ាឡេស៊ីរបស់ក្រុមហ៊ុនប្រឹក្សាយោបល់ពហុជាតិសាសន៍ដែលមានឈ្មោះថា PwC (PricewaterhouseCoopers) បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនបង្កើតថ្មីដូចជា ក្រុមហ៊ុន Supahands ដែលប្រើប្រាស់បច្ចេកវិទ្យាម៉ាស៊ីនចេះរៀនដើម្បីជួយអតិថិជនក្នុងការវិភាគទិន្នន័យទំហំធំ Big Data ក្រុមហ៊ុនពាណិជ្ជកម្មអនឡាញឈ្មោះ Dropee និងក្រុមហ៊ុនសិក្សាទីផ្សារឈ្មោះ Involve Asia។
លោក Sridharan Nair ដែលជានាយកគ្រប់គ្រងក្រុមហ៊ុន PwC ក្នុងប្រទេសម៉ាឡេស៊ី និយាយពីក្រុមហ៊ុនបង្កើតថ្មីថា៖ «ពួកគេបានបង្ហាញនូវការប្តេជ្ញាចិត្ត និងការតាំងចិត្តក្នុងការរៀនសូត្រ និងផ្លាស់ប្តូរចំណេះដឹងជាមួយនឹងដៃគូរបស់ PwC ដែលពួកគេត្រូវបានរើសឱ្យធ្វើការជាមួយ។ ការយល់ដឹងដែលពួកគេបានចែករំលែកជាមួយនឹងដៃគូរបស់យើងនៅក្នុងកម្មវិធីមានតម្លៃខ្លាំងណាស់សម្រាប់ PwC ដោយសារតែវាជួយធ្វើឱ្យការយល់ដឹងរបស់យើងមានភាពស៊ីជម្រៅចំពោះការវិនិយោគដែលពួកគេបានចាប់ផ្តើមក្នុងការធ្វើឌីជីថលនីយកម្មអង្គភាពរបស់ពួកគេ និងវិធីសាស្ត្ររបស់ពួកគេក្នុងការប្រឡូកក្នុងការធ្វើជំនួញបែបថ្មី»។
ក្រុមហ៊ុនបង្កើតថ្មីអាចប្រើប្រាស់ជំនាញរបស់ដៃគូ PwC ដូចជា ហិរញ្ញប្បទាន និងការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈជាលើកដំបូង។ នៅពេលជាមួយគ្នា វាមានសារៈសំខាន់សម្រាប់ក្រុមហ៊ុនធំៗដើម្បីពួកគេអាចមើលឃើញថា តើក្រុមហ៊ុនតូចៗជាងពួកគេធ្វើការពិសោធន៍ថ្មីយ៉ាងដូចម្តេច។ ដោយការផ្តោតអារម្មណ៍ខ្លាំងលើអនុលោមភាព ដំណើរការក្រុមហ៊ុនដូចជា PwC ត្រូវអនុញ្ញាត និងឆ្លងកាត់ដំណើរការការិយាល័យធិបតេយ្យច្រើនជាង ដែលមិនអាចធ្វើឱ្យពួកគេមានសកម្មភាពបានលឿនដូចក្រុមហ៊ុនបង្កើតថ្មីនោះទេ។
អ្នកគាំទ្រមើលឃើញថា ការប្រឹក្សាគ្នាទៅវិញទៅមកនេះ ជាវិធីមួយសម្រាប់ប្រទេសកំពុងអភិវឌ្ឍដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំង (emerging markets) អាចអភិវឌ្ឍបន្តឡើង។
លោក Norhizam Abdul Kadir ជាអនុប្រធានផ្នែកការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីកំណើនសេដ្ឋកិច្ចនៅក្រុមហ៊ុន Malaysia Digital Economy Corp ដែលជាទីភ្នាក់ងាររដ្ឋាភិបាល និងមានគោលដៅក្នុងការលើកកម្ពស់សេដ្ឋកិច្ចឌីជីថល។
ភាពជាដៃគូជាគំនិតមួយក្នុងការផ្តួចផ្តើមជំរុញកំណើនសេដ្ឋកិច្ច។ ការប្រើប្រាស់និងការនាំចេញត្រីមាសទី៣របស់ម៉ាឡេស៊ីមិនរីកចម្រើនខ្លាំងដូចអ្វីដែលអ្នកសុទិដ្ឋិនិយមបានសង្ឃឹមទុកនោះទេ ហើយប្រទេសនេះកំពុងរង់ចាំឱ្យសហរដ្ឋអាមេរិក និងចិនដោះស្រាយបញ្ហាសង្គ្រាមពាណិជ្ជកម្ម ដែលប៉ះពាល់ដល់តម្រូវការនៃផលិតផលម៉ាឡេស៊ី។
នៅក្នុងពេលជាមួយគ្នានេះ ម៉ាឡេស៊ីបានកាត់បន្ថយភាពក្រីក្ររបស់ខ្លួន និងកំពុងបោះជំហានទៅរកឋានៈផ្លូវការក្នុងនាមជាប្រទេសមានប្រាក់ចំណូលខ្ពស់។ តួនាទីរបស់ម៉ាឡេស៊ីក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកិច្ចសហការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅឆ្នាំក្រោយនឹងអាចធ្វើឲ្យប្រទេសនេះមានឥទ្ធិពលកាន់តែច្រើនទៅលើនិន្នាការនានានៅអាស៊ីអាគ្នេយ៍។
លោក Nic Chambers ដែលជានាយកថ្នាក់តំបន់របស់ក្រុមហ៊ុន Michael Page Malaysia ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់ធនធានមនុស្សបាននិយាយថា៖ «នៅក្នុងការសិក្សាស្រាវជ្រាវរបស់អង្គារវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ប្រទេសម៉ាឡេស៊ីទទួលបានចំណាត់ថ្នាក់ទី៣នៅក្នុងពិភពលោកសម្រាប់ក្រុមហ៊ុនដែលបានត្រៀមខ្លួនទទួលយកគំនិតច្នៃប្រឌិតថ្មីៗ និងទី៤ជារួមសម្រាប់វប្បធម៌សហគ្រិនភាពរបស់ខ្លួន។ សហគមន៍អាជីវកម្មក្នុងស្រុកទទួលបានប្រយោជន៍ពីគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល ដូចជាឧស្សាហកម្ម៤.០ ដែលលើកកម្ពស់ដំណើរការស្វ័យប្រវត្តិកម្ម និងទាក់ទាញការវិនិយោគថ្មីៗទៅក្នុងប្រទេស»៕