ប្រទេស​ស្រីលង្កា​ប្រកាស​អាសន្ន

ប្រជាជន​ឈរ​តម្រង់​ជួរ​រង់ចាំ​ទទួល​លិខិត​ឆ្លង​ដែន​របស់​ខ្លួន​នៅ​ខាង​ក្រៅ​នាយកដ្ឋាន​អន្តោប្រវេសន៍​ក្នុង​ទីក្រុង​កូឡុំបូ ប្រទេស​ស្រី​លង្កា ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២២។

ប្រធានាធិបតី​ស្តីទី​របស់​ប្រទេស​ស្រីលង្កា​លោក Ranil Wickremesinghe បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​កាលពី​ថ្ងៃ​អាទិត្យ ដែល​ប្រទេស​ដែន​កោះ​នេះ​មាន​វិបត្តិ​សេដ្ឋ​កិច្ច​ដ៏​អាក្រក់ ​និង​មាន​ការ​តវ៉ា​ជាច្រើន​សប្តាហ៍។ សេចក្តី​ប្រកាស​បាន​ឱ្យ​ដឹង​ថា ​ចំណាត់ការ​នេះ​គឺ​ចាំ​បាច់​ដើម្បី​សន្តិសុខ​សាធារណៈ ការពារ​សណ្តាប់​ធ្នាប់​សាធារណៈ ​និង​ថែ​រក្សា​ការ​ផ្គត់ផ្គង់ ​និង​សេវាកម្ម​ដែល​សំខាន់​សម្រាប់​ជីវិត​របស់​សហគមន៍។

លោក Wickremesinghe ដែល​ជា​អតីត​នាយក​រដ្ឋមន្ត្រី​ បាន​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ស្តីទីកាលពី​សប្តាហ៍​មុន​ បន្ទាប់ពី​លោក Gotabaya Rajapaksa បាន​លា លែង​ពី​តំណែង​ប្រធានាធិបតី ​បន្ទាប់ពី​លោក​បាន​ទៅ​ដល់​ប្រទេស​សិង្ហបុរី​ ចេញពី​ប្រទេស​ម៉ាល់ឌីវ​ជា​កន្លែង​ដែល​លោក​បាន​ភៀសខ្លួន​ជាលើក​ដំបូង​ដើម្បី​គេច​ពីការ​តវ៉ា​អំពី​បញ្ហា​សេដ្ឋកិច្ច​របស់​ប្រទេស។

ការលាលែង​ពី​តំណែង​របស់​លោក Rajapaksa ត្រូវ​បាន​ទទួល​យក​ជាផ្លូវការ​កាលពី​ថ្ងៃ​សុក្រ ​ដោយ​ប្រធាន​សភា​ ដែល​បាន​និយាយ​ថា ប្រធានាធិបតី​ថ្មី​នឹង​ត្រូវ​ជ្រើសរើស​ក្នុង​រយៈ​ពេលមួយ​សប្តាហ៍​ ដើម្បី​កាន់​តំណែង​ប្រធានាធិបតីនៅ​សេសសល់​ពីរ​ឆ្នាំ។ ដោយ​និយាយ​ថា ការ​បោះឆ្នោត​នឹង​ធ្វើ​«យ៉ាង​លឿន ​និង​មាន​តម្លាភាព»នោះ ប្រធាន​សភា​លោកMahinda Yapa Abeywardena បាន​អំពាវនាវ​ឱ្យ​ប្រជាជន«បង្កើត​បរិយាកាស​សន្តិភាព»ដើម្បី​អនុវត្ត​ដំណើរការ​ប្រជាធិបតេយ្យ។​

ការ​អំពាវនាវ​របស់​លោក​ធ្វើ​ឡើង​បន្ទាប់ពី​មានភាព​ច្របូក​ច្របល់​មួយ​សប្តាហ៍​ ដែល​ក្រុម​អ្នក​តវ៉ា​បាន​សម្រុក​ចូល​លំនៅដ្ឋាន​ និង​ការិយាល័យ​ប្រធានាធិបតី ​និង​នាយក​រដ្ឋមន្ត្រី ​បន្ទាប់ពី​លោក Rajapaksa បាន​បដិសេធ​ការ​អំពាវនាវ​អស់​រយៈ​ពេល​ជាច្រើន​ខែ​ឱ្យ​លោក​ចុះចេញ​ពី​តំណែង។ ​ពួកគេ​ទើបតែ​បានដក​ថយចេញ​ពី​អគារ​ទាំងនេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​និយាយ​ថា ​ពួកគេ​បាន​សម្រេច​គោល​បំណង​ក្នុង​ការ​បង្ហាញ​អំណាច​ប្រជាជន​ និង​ចង់​ធានា​ថា​ ការ​តស៊ូ​របស់​ពួកគេ​នៅ​តែ​មាន​លក្ខណៈ​សន្តិភាព។​

ការលាលែង​ពី​តំណែង​របស់​លោក Rajapaksa អាយុ៧៣ឆ្នាំ​គឺជា​ជ័យ​ជម្នះ​ដ៏​សំខាន់សម្រាប់​ចលនា​តវ៉ា​ដែល​បាន​ទាមទារ​ឱ្យ​លោក​ចាក​ចេញ​ពីតំណែង​បន្ទាប់ពី​វិបត្តិ​សេដ្ឋកិច្ច​បាន​ធ្វើឱ្យ​ប្រទេស​នេះជួប​បញ្ហាអតិផរណា​ និង​កង្វះប្រេង​ឥន្ធនៈ​ និង​ថ្នាំពេទ្យ ​ដោយសារ​ប្រទេស​នេះ​អស់​ទុន​បម្រុង​ជា​រូបិយបណ្ណ​បរទេស។​

លោក Rajapaksa និង​ក្រុម​គ្រួសារ​របស់​លោក​ដែល​កាន់​តំណែង​សំខាន់ៗ​ក្នុង​រដ្ឋាភិបាល​ រួមទាំង​នាយក​រដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ផងនោះ ​បាន​គ្រប់គ្រង​ថវិកា​ជាតិ​ប្រហែល​៧០%​ហើយត្រូវ​បាន​ស្តីបន្ទោស​ជាទូទៅ​ចំពោះ​ការ​គ្រប់គ្រង​មិន​ត្រឹមត្រូវ​ ដែល​នាំឱ្យ​ប្រទេស​នេះ​ស្ទើរតែ​ក្ស័យធន។ វា​ជា​រឿង​ភ្ញាក់ផ្អើល​ក្រៃលែង​សម្រាប់​ប្រទេស​នេះ​ដែល​ធ្លាប់​មាន​កេរ្តិ៍​ឈ្មោះ​ថាជា​ប្រទេស​ជោគជ័យ​មួយ​ក្នុង​ចំណោម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​មាន​ប្រជាជន​មាន​ការ​ចេះ​ដឹង​និង​មាន​វណ្ណៈ​កណ្តាល​ច្រើន៕​