គម្រោង​អភិវឌ្ឍ​​សំណង់​​អាណាធិបតេយ្យ​ដែល​រីក​ដូច​ផ្សិត​ក្នុង​ក្រុង Mumbai ឡើង​វិញ នាំ​ឲ្យ​មាន​ក្តី​ព្រួយបារម្ភ​​

  • Anjana ​Pasricha

បាតុករ​ឥណ្ឌា​លើក​ស្លាក​ប្រឆាំង​នឹងការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ក្រុង Dharavi ក្នុង​ទីក្រុង​ Mumbai ប្រទេស​ឥណ្ឌា។

លោក Abdul Kadir Ansari មាន​បំណង​អភិវឌ្ឍ​តូប(ហាង)កាត់​ដេរ​របស់​លោកទៅ​ជាជំនួញ​ធំ​ជាង​នេះ។ លោក​បើក​ជំនួញ​នេះ​៤​ឆ្នាំ​មុន​ក្នុង​តំបន់ Dharavi ក្នង​ក្រុង Mumbai។ តែ​ផែន​ការ​ដ៏​មាន​មហិច្ឆិតា​ក្នុង​ការ​បំបាត់​តំបន់​អាណាធិបតេយ្យ​ធំ​ជាង​គេ​ក្នុង​លោក​ហើយ​ផ្លាស់ទី​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សំណង់​ទាំង​នេះ​ដោយ​ចំណាយ​ប្រាក់​៣​ពាន់​លាន​ដុល្លារ​ ធ្វើ​ឲ្យ​លោក​ព្រួយ​បារម្ភ។​

លោក Ansari និយាយ​ថាតូប​កាត់ដេរ​របស់​លោក​នៅ​តំបន់ Dharavi នឹង​ត្រូវ​បិទ​ក្នុង​អំឡុង​ពេល​អភិវឌ្ឍ។ លោក មិន​ដឹង​ថា​តើ​លោក​នឹង​ទទួល​បាន​កន្លែង​ជំនួស​ដើម្បី​ដំណើការ​មុខ​របរ​របស់​លោកវិញ​ឬ​អត់​ទេ។ លោក​ថ្លែង​ថា​៖«តូបកាត់ដេរ​ខ្ញុំ​នៅ​ទី​នេះ នឹង​ត្រូវ​បិទ។ សំណង់​អគារ​នឹង​លេច​រូប​រាង​ឡើង។ ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​នឹង​មាន​កន្លែង​រក​ស៊ី​ទៀត​ទេ»។

រដ្ឋាភិបាល បាន​ផ្តល់​កិច្ចសន្យា​ដល់​ក្រុមហ៊ុន Adani Group ដើម្បី​បំបាត់​សំណង់​អាណាធិបតេយ្យ Dharavi ដែល​លាត​សន្ធឹង​លើ​ដីត្រូវ​ប៉ាន់​ជាង​២៥០​ហិកតា​នៅ​ចំ​កណ្តាល​ក្រុង Mumbai។​

តំបន់​អាណាធិបតេ្យ​នេះ ជា​ជម្រក​មនុស្ស​១​លាន​នាក់។ ក្រោយពលរដ្ឋ​រើ​ចេញ សំណង់​លំនៅដ្ឋាន​និង​អាជីវកម្ម​ ត្រូវ​គេ​គ្រោង​នឹង​សាងសង់​នៅ​ទី​លំហ​ដែល​នៅ​ទំនេរ​ចោល។

មាន​សុទិដ្ឋិនិយម​អំពី​ការ​ប្តូរ​ស្ថានភាព​រស់នៅ​ដ៏​គួរ​ឲ្យ​សង្វេគទៅ​ជា​ផ្ទះ​ល្វែង​ទំនើប។​

ពលរដ្ឋ​តំបន់​ Dharavi ​ខ្លះ​ដូចជា​លោក Pramod Khade មាន​សុទិដ្ឋិនិយម​អំពី​ការ​ប្តូរ​ស្ថានភាព​រស់នៅ​ដ៏​យ៉ាប់យឺននេះ​ទៅ​ជា​ផ្ទះ​ល្វែង​ទំនើប។ លោក​និយាយ​ថា​ឪពុក​និង​ជីតា​របស់​លោក បាន​រស់នៅ​ទី​នេះ តែ​ជំនាន់​លោក ស្រមៃ​ថា​នឹង​បាន​រស់នៅ​ក្នុង​អគារ​មួយ។

លោក​ថ្លែង​ថា៖«​ឪពុក​និង​ជីតា​ខ្ញុំ សុទ្ធ​តែ​បាន​រស់​នៅ​ទី​នេះ តែ​យ៉ាង​ហោច​ណាស់ មនុស្ស​ជំនាន់​ក្រោយ គួរ​តែ​រស់​នៅ​ក្នុង​អគារ​មួយ។ នេះ​ជា​អ្វី​ដែល​ពួក​យើងជាច្រើន​ប្រាថ្នា​ចង់​បាន»។

តែ​មនុស្ស​ជាច្រើន​ខ្លាច​ថា​ការ​អភិវឌ្ឍ​តំបន់​អាណាធិបតេយ្យ​ Dharavi ធ្វើ​ឲ្យ​ពួកគេ​បាត់​បង់​ជីវភាព។ អស់​រាប់​ទសវត្សរ៍​មក​ហើយ តូបរាប់​រយ បាន​រីក​ដូច​ផ្សិត​នៅ​តាម​ច្រក​និង​បរិវេណ​តូច​ចង្អៀត​ ដែល​ផលិត​ផលិត​ផល​ដូចជា​កាបូប​ស្បែក​និងឆ្នាំង​ដី​ជាដើម។ មុខ​របរ​ធម្មតា​ទាំង​នេះ ផលិត​ទំនិញ​ច្រើន​មុខ​ដែល​មាន​តម្លៃ​ប្រមាណ​១​ពាន់​លាន​ដុល្លារ។​

ម្ចាស់​ហាង​ធ្វើ​ក្អម​ឆ្នាំ​ដី​ក្នុង​តំបន់ Dharavi អ្នក​ស្រី Jaya Behan បារម្ភ​អំពី​របៀប​ដែល​គ្រួសារ​អ្នកស្រី នឹង​ត្រូវ​រ៉ាប់រង បើ​មុខរបរ​ឆ្នាំ​ដី​របស់​ខ្លួន​ត្រូវ​បិទ។ អ្នក​ស្រី ថា​ប្រជាជន​ដូច​ជា​អ្នកស្រី មិន​អាច​រក​ការងារ​ធ្វើ​បាន​ទេ ហើយ​គេមិន​ជួល​អ្នក​ស្រី​ដែល​មាន​អាយុ​ច្រើនទេ។ អ្នក​ស្រី​ថាមិន​បាន​រៀន​សូត្រ ហើយ​ថា​មាន​តែ​អ្នក​បាន​រៀន​ទេ​ដែលរក​ការងារ​ធ្វើ​បាន។​

កម្មករ​ធ្វើ​ឆ្នាំង​ដី​និយាយ​ថា​ពួកគេ​ត្រូវ​ការ​កន្លែង​ចំហរ​ដើម្បី​ធ្វើ​ការ។ អ្នក​ស្រី Jaya Behan បារម្ភ​អំពី​របៀប​ដែល​គ្រួសារ​អ្នកស្រី នឹង​ត្រូវ​រ៉ាប់រង បើ​មុខរបរ​ឆ្នាំ​ដី​របស់​ខ្លួន​ត្រូវ​បិទ។

អ្នកស្រីថ្លែង​ថា៖«គ្មាន​នរណា​នឹង​ជួល​ខ្ញុំ​ធ្វើ​ការ​ក្នុង​វ័យ​នេះ​ទេ។ យើង​មិន​បាន​រៀន​សូត្រ​ ហើយ​មាន​តែ​អ្នក​ចេះ​ដឹង​ទេ​ ទើប​មាន​ការងារ»។

សហគ្រិន អ្នក​ស្រី Megha Gupta ធ្វើ​ការ​ជាមួយ​ជាង​ដេរកាបូប​ស្បែក​នៅ​តំបន់ Dharavi។ អ្នក​ស្រី​បាន​បើក​វគ្គ​បណ្តុះបណ្តាល​ដើម្បី​បង្កើន​ជំនាញ​របស់​ពួកគេ ហើយ​គេហទំព័រ​របស់​អ្នកស្រី ជួយ​ពួកគេ​ឲ្យ​រក​ម៉ូយ​បាន​កាន់តែ​ច្រើន។

អ្នក​ស្រី ថ្លែង​ថា​៖«មនុស្ស​នៅ​ទី​នេះ ធ្វើ​ការ​គ្រាន់​តែ​ដើម្បី​រស់។ ពួកគេ​មិន​ប្រឹងប្រែង​ទេ។ អ៊ីចឹង​ហើយ​ទើប​ពួកគេ​មាន​ចំណូល​ទាប​ណាស់»។

អ្នក​ស្រី Gupta ជឿ​ជាក់​ថា​ការ​អភិវឌ្ឍ​តំបន់ Dharavi ឡើង​វិញ នឹង​ពាក់ព័ន្ធ​ការ​រើ​មុខរបរ​ទៅ​កន្លែង​ថ្មី។ អ្នក​ស្រី​ថ្លែង​ថា៖​«អ្នក​មិន​អាច​យក​មនុស្ស​១​លាន​នាក់​ចេញ​ពី​កន្លែង​របស់​ពួកគេ​ហើយ​ប្រាប់​ពួកគេ​ឲ្យ​ទៅ​ធ្វើ​ការ​កន្លែង​ផ្សេង​វិញ​នោះ​ទេ។ ពួកគេ​កំពុង​ពិចាណា តែ​វា​ជា​គម្រោង​ដ៏​ពិបាក​មួយ។ គ្មាន​កន្លែង​ណា​លើ​លោក​នេះ ដែល​មាន​រឿង​បែប​នេះ​កើត​ឡើង​ទេ»។

ពលរដ្ឋ​និយាយ​ថា​ពួកគេ​មិន​ត្រូវ​បាន​ពិគ្រោះ​យោបល់​ជា​មុន​អំពី​គម្រោង​រុះរើ​នេះ​ទេ។ ពួកគេ​យល់​ច្បាស់​អំពី​អ្វី​ដែល​ពួកគេ​ចង់​បាន។

ជាង​កាត់​ដេរ​លោក Kamble និយាយ​ថា​មានតូប​មួយ​លើ​ដំបូល​ផ្ទះ​គ្រប់​ខ្នង។ ដូច្នេះ​ការ​អភិវឌ្ឍ​ត្រូវ​តែ​ធានា​ថា​វា​មាន​ផ្ទះ​និង​កន្លែង​ធ្វើ​ការ។ លោក​ថ្លែង​ថា៖«មាន​តូប​លើ​ផ្ទះ​គ្រប់​ខ្នង។ អ៊ីចឹង ការ​អភិវឌ្ឍ​នេះ​គួរ​តែ​ផ្តល់​ទាំង​ផ្ទះ​និង​កន្លែង​ធ្វើ​ការ»។

ម្ចាស់​តូប​ជាង​កាត់​ដេរ​លោក Ansari មាន​ការ​បារម្ភ​ស្រដៀង​គ្នា។ លោក​ថា​តំបន់ Dharavi ជា​កន្លែង​ស្នូល​បំផុត​សម្រាប់​ការងារ​និង​ទីផ្សារ​សំខាន់​របស់​លោក។ លោក​មាន​អារម្មណ៍​តានតឹង​ដោយសារ​លោក​អាច​ត្រូវ​រើ​កន្លែង​ចេញ​ពី​ទីក្រុង Mumbai។

លោក​ថ្លែង​ថា៖«តំបន់ Dharavi ជា​កន្លែង​សំខាន់​ណាស់​សម្រាប់​ការងារ​ខ្ញុំ។ ខ្ញុំ​មាន​អារម្មណ៍​តប់ប្រមល់ ដោយសារ​គេ​អាច​ឲ្យ​ខ្ញុំ​រើ​ចេញ​ពី​Mumbai។ ទីផ្សារ​សម្លៀកបំពាក់​សំខាន់​របស់​ខ្ញុំ​គឺ​នៅ​ទី​នេះ»។

ភាព​តានតឹង​ទាំង​នេះ នឹង​នៅ​ជាប់​នឹង​មនុស្ស​ជាច្រើន​រហូត​ទាល់​តែ​ពួកគេ​ដឹង​ថា​តើ​អនាគត​នឹង​ទៅ​ជា​យ៉ាង​ណា៕