ក្រុមកីឡានិងកីឡាករល្បីៗ នៅសហរដ្ឋអាមេរិក ក៏ដូចនៅជុំវិញពិភពលោកបានចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងការស្លាប់របស់បុរសស្បែកខ្មៅលោក George Floyd ក្នុងសមត្ថកិច្ចប៉ូលិស កាលពីសប្តាហ៍មុនដែលបាននាំឲ្យមានការផ្ទុះបាតុកម្មនៅទូទាំងសហរដ្ឋអាមេរិក។
សេចក្តីថ្លែងការណ៍ដែលទំនងខ្លាំងជាងគេបំផុតមួយបានចេញពីក្រុមកីឡា Washington Wizards ដែលជាក្រុមបាល់បោះជាតិ NBA ប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន ដែលបានសរសេរនៅលើគណនី Twitter របស់ក្រុមនេះអំពីសាររួមរបស់កីឡាករខ្លួនថា៖ «យើងនឹងលែងទ្រាំទ្រនឹងការសម្លាប់ជនមិនមែនស្បែកសនៅក្នុងប្រទេសនេះទៀតហើយ។ យើងនឹងលែងទទួលយកបាននូវការរំលោភអំណាចពីសំណាក់មន្ត្រីពង្រឹងច្បាប់ទៀតហើយ។ យើងនឹងលែងទទួលយកបាននូវថ្នាក់ដឹកនាំរដ្ឋាភិបាលដែលគ្មានប្រសិទ្ធភាពនិងមិនអើពើចំពោះបញ្ហានេះ ដែលខ្វះការអាណិតអាសូរ ឬការគោរពចំពោះសហគមន៍ពលរដ្ឋមិនមែនស្បែកស។ យើងលែងបិទមាត់ដូចមុនទៀតហើយ»។
ក្រុមកីឡាផ្សេងទៀតជាច្រើនដូចជាក្រុមបាល់បោះ NBA Dallas Mavericks នៃក្រុង Dallas រដ្ឋតិកសាស់ សមាគមក្រុមកីឡាបាល់ឱបអាមេរិកាំង NFL ហើយនៅក្រៅប្រទេសមានក្រុមកីឡាបាល់ទាត់ FC Barcelona នៅក្នុងប្រទេសអេស្ប៉ាញជាដើម បានចេញសេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះដែរ។
វរជនមួយរូបនៃកីឡាបាល់បោះអាមេរិកគឺលោក Michael Jordan ដែលកន្លងមកជៀសវាងមិនប្រកាន់ជំហរនយោបាយខ្លាំងក្លានោះ ក៏បានសរសេរតាម Twitter ថា «ខ្ញុំគាំទ្រជំហររបស់អ្នកទាំងឡាយដែលចង្អុលបង្ហាញអំពីការប្រកាន់ពូជសាសន៍ដ៏ចាក់ឫសក្នុងសង្គមនិងអំពើហិង្សាចំពោះជនមិនមែនស្បែកសនៅក្នុងប្រទេសយើង»៕