ក្រុមអ្នកនាំពាក្យតាមបណ្តាក្រសួង គ្រោងជួបជាមួយអ្នកកាសែតរៀងរាល់ខែដើម្បីធ្វើសន្និសីទផ្តល់ព័ត៌មាន។ ការប្តេជ្ញាចិត្តនេះធ្វើឡើងក្រោយការវិលត្រឡប់មកពីធ្វើទស្សនកិច្ចសិក្សាពីទំនាក់ទំនងរវាងស្ថាប័នរដ្ឋនិងប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសអាល្លឺម៉ង់។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យក្រសួងព័ត៌មាន។
កាលពីចុងខែមីនានេះ មូលនិធិខុនរ៉ាត អៅឌិនណៅអ៊ែរ (Konrad Adenauer) របស់អាល្លឺម៉ង់ដែលកំពុងធ្វើការដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទ្ធិមនុស្សនៅកម្ពុជា បានបញ្ជូនមន្ត្រីជាន់ខ្ពស់ ដែលជាតំណាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ព្រមទាំងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាចំនួន៨រូប ឲ្យទៅធ្វើទស្សនកិច្ចសិក្សានៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ រយៈពេល៥ថ្ងៃ ដើម្បីពង្រឹងទំនាក់ទំនងរវាងស្ថាប័នរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយ។
ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងប៊ែរឡាំងនោះ ក្រុមមន្រ្តីអ្នកនាំពាក្យ និងអ្នកសារព័ត៌មានទាំង៨រូបបានធ្វើទស្សនកិច្ចនៅតាមបណ្តាក្រសួង ស្ថាប័នព័ត៌មាន ទាំងរបស់រដ្ឋ និងឯកជនជាច្រើន។ ក្នុងនោះ Federal Press Conference ជាទីកន្លែងដែលបង្កើតឡើងដោយថវិកាផ្ទាល់របស់ក្រុមអ្នកសារព័ត៌មានក្នុងប្រទេសអាល្លឺម៉ង់ដើម្បីអញ្ជើញមន្រ្តីជាន់ខ្ពស់ ជាពិសេសអ្នកនាំពាក្យតាមក្រសួង មកបង្ហាញពីស្ថានភាពការងារក្នុងពេលបច្ចុប្បន្ន និងឆ្លើយសំណួររបស់អ្នកកាសែត ជារៀងរាល់៣ដង ក្នុងមួយសប្តាហ៍។
បន្ទាប់ពីចុះកម្មសិក្សាស្វែងយល់នៅ Federal Press Conference ក្រុមអ្នកនាំពាក្យកម្ពុជាដែលបានចូលរូមក្នុងទស្សនកិច្ចនោះបានរៀបចំគម្រោងដែលមានលំនាំស្រដៀងគ្នានេះ ដើម្បីយកមកអនុវត្តនៅកម្ពុជា។
លោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មានប្រាប់ VOA ក្រោយត្រឡប់មកពីចូលរួមដំណើរទស្សនកិច្ចនោះថា លោកកំពុងស្នើទៅរដ្ឋមន្រ្តីក្រសួងព័ត៌មាន ដើម្បីកំណត់យកពេលវេលាជាក់លាក់ក្នុងការរៀបចំសន្និសីទរវាងក្រុមអ្នកនាំពាក្យក្រសួង ជាមួយអ្នកសារព័ត៌មានជារៀងរាល់ខែ។ លោកបន្តថា គម្រោងនៃការរៀបចំសន្និសីទជាទៀងទាត់រៀងរាល់ខែដោយមានការសួរពីអ្នកសារព័ត៌មានផងនោះនឹងចាប់ផ្តើមក្នុងពេលឆាប់ៗ ហើយថាជាដំបូងនឹងមានការចូលរួមពីអ្នកនាំពាក្យតាមក្រសួងដែលស្ម័គ្រចិត្តជាមុន។
លោក អ៊ុក គឹមសេង បន្ថែមថា ការរៀបចំសន្និសីទដើម្បីផ្តល់ព័ត៌មានដល់អ្នកសារព័ត៌មានជារៀងរាល់១ខែម្តងនេះ នឹងធ្វើឲ្យអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋទទួលបានព័ត៌មានកាន់តែច្រើននិងគ្រប់ជ្រុងជ្រោយពីស្ថាប័នរដ្ឋ។
លោកបញ្ជាក់ថា៖ «ការរៀបចំសន្និសីទសារព័ត៌មានជាទៀងទាត់នេះ គឺមានអត្ថប្រយោជន៍ច្រើនសម្រាប់ស្ថាប័នសាធារណៈ បានន័យថា មន្រ្តីអ្នកនាំពាក្យមានឱកាសនឹងនិយាយប្រាប់ដល់អ្នកសារព័ត៌មានក៏ដូចជាសាធារណជនអំពីអ្វីដែលស្ថាប័នរបស់ខ្លួនធ្វើបាន ហើយអ្វីនឹងបន្តធ្វើនៅថ្ងៃអនាគត»។
កន្លងមក អ្នកសារព័ត៌មានតែងត្អូញត្អែរពីការលំបាកទាក់ទងអ្នកនាំពាក្យក្រសួងមួយចំនួនដើម្បីសម្ភាសន៍សួរព័ត៌មាន ជាពិសេសការទាក់ទងសួរតាមទូរស័ព្ទ។
លោក កៃ កឹម សុង និពន្ធនាយករបស់កាសែតភ្នំពេញប៉ុស្តិ៍ជាភាសាខ្មែរ សាទរនឹងគម្រោងនៃការធ្វើសន្និសីទកាសែតជារៀងរាល់ខែនេះ។ លោកលើកឡើងថា គម្រោងនៃការធ្វើសន្និសីទផ្តល់ព័ត៌មានរបស់ក្រុមអ្នកនាំពាក្យតាមបណ្តាក្រសួង នឹងសម្រួលដល់ការងាររបស់អ្នកកាសែត និងជួយឲ្យការទទួលបានព័ត៌មានយកទៅផ្សព្វផ្សាយកាន់តែគ្រប់ជ្រុងជ្រោយ។
លោកបញ្ជាក់ថា៖ «ការជួបជុំគ្នាគឺជាការល្អ ហើយអ្នកនាំពាក្យត្រៀមខ្លួនក្នុងការឆ្លើយ រីឯអ្នកកាសែតត្រៀមខ្លួនក្នុងការសួរ ហើយយកព័ត៌មានពិតទាំងនោះ ចែករំលែកដល់ប្រជាជនយើង។ នេះជាកត្តាល្អបំផុត»។
ចំណែកលោក មឿន ឈានណារិទ្ធ ប្រធានវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន មានប្រសាសន៍ថា លោកគាំទ្រគម្រោងនៃការបង្កើតឲ្យមានការធ្វើសន្និសីទជាទៀងទាត់របស់អ្នកនាំពាក្យតាមបណ្តាក្រសួងនៅកម្ពុជា។ លោកលើកឡើងថា កន្លងមកអ្នកនាំពាក្យតាមបណ្តាក្រសួងមួយចំនួនហាក់នៅខ្វះខាតចំណេះដឹងក្នុងការផ្តល់ព័ត៌មាន ជាហេតុធ្វើឲ្យការផ្តល់ព័ត៌មានមិនបានគ្រប់ជ្រុងជ្រោយ ដូច្នេះលោកថា ការធ្វើសន្និសីទនេះនឹងផ្តល់ឱកាសឲ្យអ្នកសារព័ត៌មានបានសួរដេញដោលពីបញ្ហាដែលកំពុងកើតមាន និងជួយឲ្យក្រសួងផ្តល់សេវាសាធារណៈកាន់តែល្អប្រសើរ។
លោកបញ្ជាក់ថា៖ «ក្នុងសង្គមប្រជាធិបតេយ្យនៅពេលដែលយើងទទួលបានព័ត៌មានល្អប្រសើរ គឺធ្វើឲ្យប្រជាធិបតេយ្យយើងកាន់តែរឹងមាំ ព្រោះអីលទ្ធិប្រជាធិបតេយ្យរឹងមាំបាន គឺអាស្រ័យដោយមានតម្លាភាព អភិបាលកិច្ចល្អ និងគណនេយ្យភាពសង្គម។ អញ្ចឹងបើសិនយើងទទួលបានព័ត៌មានពេញលេញ យើងអាចជួយពង្រឹងលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាការអភិវឌ្ឍនៅក្នុងសង្គមរបស់យើង»។
លោក មឿន ឈានណារិទ្ធ រំពឹងថា អ្នកនាំពាក្យក្រសួងនីមួយៗនឹងយល់ច្បាស់ពីប្រភេទនៃព័ត៌មាន ជៀសវាងការលាក់បាំងព័ត៌មានដោយសារយល់ច្រឡំព័ត៌មានដែលត្រូវផ្សាយជាសាធារណៈ ថាជាព័ត៌មានសម្ងាត់។
បើតាមទិន្នន័យក្នុងគេហទំព័ររបស់ទីស្តីការគណៈរដ្ឋមន្រ្តី បច្ចុប្បន្នកម្ពុជាមានក្រសួងចំនួន២៧ ដែលក្រសួងនីមួយៗមានអ្នកនាំពាក្យចន្លោះពីម្នាក់ទៅ៣នាក់។
លោក Rene Gradwohl ប្រធានមូលនិធិខុនរ៉ាតប្រចាំកម្ពុជា ដែលជាអ្នករៀបចំដំណើរទស្សនកិច្ចនោះ ប្រាប់ VOA ថា គម្រោងនៃការជួបជុំដើម្បីធ្វើសន្និសីទផ្តល់ព័ត៌មាននេះ នឹងអាចពង្រឹងទំនាក់ទំនងរវាងអ្នកសារព័ត៌មាន និងមន្រ្តីរដ្ឋាភិបាលនៅកម្ពុជា។ លោកបន្ថែមថា មូលនិធិខុនរ៉ាតនឹងជំរុញគាំទ្រក្នុងដំណើរការរៀបចំដើម្បីឲ្យការធ្វើសន្និសីទសារព័ត៌មានជារៀងរាល់ខែនេះឲ្យដំណើរការទៅដោយរលូន។
បច្ចុប្បន្ននេះ ក្រសួងព័ត៌មានកម្ពុជាកំពុងរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន នៅមានបញ្ហាប្រឈមមួយចំនួន ដូចជាភាពមិនច្បាស់លាស់នៃពាក្យថាព័ត៌មានសម្ងាត់របស់រដ្ឋ និងនីតិវិធីនៃការប្ដឹងតវ៉ា ដែលពួកគេអះអាងថាចំណុចទាំងនេះធ្វើឲ្យប៉ះពាល់ដល់សិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ៕