មន្ត្រីសិទ្ធិមនុស្សលើកឡើងថាការគូសសន្លឹកឆ្នោតក្នុងបន្ទប់សម្ងាត់ គឺជាការប្រើប្រាស់សិទ្ធិរបស់ពលរដ្ឋម្នាក់ៗ ដែលមិនមានច្បាប់ចែងដាក់ទោសពៃរ៍ បើទោះការគូសសន្លឹកឆ្នោតនោះបែបណាក៏ដោយ។
ការលើកឡើងបែបនេះ នៅគ្រាដែលមានការពិភាក្សាលើការគូសសន្លឹកឆ្នោតចោល នៅថ្ងៃបោះឆ្នោតថ្នាក់ជាតិ គឺថ្ងៃទី២៣ ខែកក្កដាខាងមុខ តាមការអំពាវនាវរបស់មេដឹកនាំគណបក្សជំទាស់ គឺលោក សម រង្ស៊ី។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត លើកឡើងថា ការគូសសន្លឹកឆ្នោត គឺជាការអនុវត្តសិទ្ធិរបស់ប្រជាពលរដ្ឋ ដោយមិនមានច្បាប់ណាមួយ អាចផ្តន្ទាទោសទាក់ទងនឹងការគូសសន្លឹកឆ្នោតបែបណាក៏ដោយ។ ប៉ុន្តែលោកថាបើបុគ្គលណាម្នាក់«ញុះញង់»អ្នកណាផ្សេងឱ្យគូសសន្លឹកឆ្នោតចោល ឬគូសខ្វែងសន្លឹកឆ្នោតចោល ឬបំផ្លាញសន្លឹកឆ្នោតចោល ទើបអាចមានទោសទណ្ឌ តាមវិសោធនកម្មច្បាប់បោះឆ្នោតថ្មី ដែលត្រូវបានស្នើដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងត្រូវបានប្រកាសឱ្យប្រើប្រាស់រួចទៅហើយ។
លោកប្រាប់វីអូអេថា៖ «ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋនៅក្នុងបន្ទប់សម្ងាត់ វាជាសិទ្ធិរបស់ប្រជាពលរដ្ឋ មិនមែនជាការដាក់ទោសអ្វីទេ ព្រោះអាហ្នឹងគេហៅថាបន្ទប់សម្ងាត់។ អ៊ីចឹងការសម្រេចចិត្តគូសសន្លឹកឆ្នោតលើគណបក្សនយោបាយណាមួយឬក៏យ៉ាងម៉េច អាហ្នឹងវាជាសិទ្ធិរបស់គាត់»។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថាការគូសសន្លឹកឆ្នោតចោល និងការញុះញង់អ្នកដទៃឱ្យគូសសន្លឹកឆ្នោតចោល គឺជាអំពើខុសច្បាប់ និងអាចជាប់ទោស។
នៅពេលសួរបញ្ជាក់ថាតើបើពលរដ្ឋម្នាក់គូសសន្លឹកឆ្នោតចូលក្នុងបន្ទប់សម្ងាត់ មានទោសទណ្ឌឬយ៉ាងណា លោក ហង្ស ពុទ្ធា ថ្លែងថា៖ «ខ្ញុំអាចបញ្ជាក់បានថាការគូសសន្លឹកឆ្នោតចោល ជាអំពើខុសច្បាប់ ចំនុចទី១។ ចំណុចទី២ អ្នកញុះញង់ហ្នឹង ហើយដែលហ្នឹងត្រូវទទួលទោសទៅតាមច្បាប់ដែលជាធរមាន»។
ប៉ុន្តែនៅពេលសួរថាតើគ.ជ.ប នឹងកំណត់បែបម៉េចទៅលើអ្នកគូសសន្លឹកឆ្នោតចោល អ្នកនាំពាក្យរូបនោះថ្លែងថា៖ «ចំណុចនេះ សម្រាប់ខ្ញុំ [គឺ]ខ្ញុំមិនមែនជាជំនាញរបស់ខ្ញុំក្នុងការបែកចែកឬក៏យ៉ាងណានោះទេ។ ខ្ញុំគ្រាន់តែអាចជម្រាបជូនបានថាការដែលគូសសន្លឹកឆ្នោតចោល ជាអំពើខុសច្បាប់»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ចង់ឃើញអ្នកនយោបាយនិងស្ថាប័នរៀបចំការបោះឆ្នោត គួរតែពន្យល់ពលរដ្ឋឱ្យបានច្បាស់ទាក់ទងនឹងការប្រើប្រាស់សិទ្ធិ ក្នុងការគូសសន្លឹកឆ្នោត ចៀសវាងការភ័ន្តច្រឡំ និងបង្កើតភាពតានតឹង។
លោកថ្លែងថា៖ «ខ្ញុំគិតថាក្នុងបញ្ហានេះ ទាំងអ្នកនយោបាយក្តី ទាំងអ្នករៀបចំការបោះឆ្នោតក្តី គួរតែកុំបង្កើតនូវភាពតានតឹងដល់ប្រជាពលរដ្ឋ។ គួរធ្វើយ៉ាងណា មានការពន្យល់ ហើយគោរពនូវសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការសម្រេចទាំងទៅចូលរួមបោះឆ្នោត ឬមិនទៅបោះឆ្នោត គាត់ប្រើប្រាស់មធ្យោបាយរបៀបម៉េចនៅក្នុងការចូលរួម គូសសន្លឹកឆ្នោត អាហ្នឹងក៏ជាសិទ្ធិរបស់គាត់ដែរ។ អ៊ីចឹងយើងមិនអាចទៅគូសវាស ចាប់ទោសអូសដំណើរទេ»។
អតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានណែនាំឱ្យប្រជាពលរដ្ឋ«គូសសន្លឹកឆ្នោតចោលដោយសម្ងាត់»។
នៅថ្ងៃអង្គារនេះ ស្ថាប័នរៀបចំការបោះឆ្នោតគ.ជ.ប ក៏បានចេញសេចក្តីប្រកាសព័ត៌មាន ដោយលើកឡើងថាជនណាណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត ជនណាធ្វើឱ្យបាត់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត និងជនណាធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត នឹងត្រូវប្រឈមនឹងផ្លូវច្បាប់។
ក្នុងករណីប្រព្រឹត្តសកម្មភាពខាងលើ ជននោះនឹងត្រូវផាកពិន័យជាប្រាក់ចាប់ពី៥លានរៀលទៅ២០លានរៀល ដោយពុំទាន់គិតពីទោសព្រហ្មទណ្ឌ ហើយនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬ/និងលុបបេក្ខភាពរបស់សមីខ្លួន ឬ/និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតរយៈពេល៥ឆ្នាំយ៉ាងតិចបន្ថែមទៀត។ ប៉ុន្តែគ.ជ.ប មិនបានបញ្ជាក់ថាការគូសសន្លឹកឆ្នោតចោល ក្នុងថ្ងៃបោះឆ្នោត ជាអំពើខុសច្បាប់នោះទេ៕
ភ្នំពេញ —