សកម្មជនបរិស្ថាន អាឡិចសាន់ដ្រូ ហ្កោនសាឡេស ដេវីតសុន (Alejandro Gonzalez Davidson) កំពុងទាមទារសុំចូលមកប្រទេសកម្ពុជាវិញដើម្បីតតាំងនឹងការចោទប្រកាន់របស់តុលាការខេត្តកោះកុងនៅក្នុងសំណុំរឿងទប់ស្កាត់សកម្មភាពបូមខ្សាច់ក្នុងពេលកន្លងមក។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលវីអូអេទទួលបានកាលពីថ្ងៃអាទិត្យ បានបញ្ជាក់ថា៖
«អង្គការមាតាធម្មជាតិនឹងធ្វើការទាមទារតាមផ្លូវច្បាប់ដើម្បីឱ្យលោក Gonzalez Davidson អាចវិលត្រឡប់ចូលប្រទេសកម្ពុជាវិញដើម្បីមានសិទ្ធិចូលរួមក្នុងសវនាការដោយត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ ក្រមនីតិវិធីព្រហ្មទណ្ឌ កតិការសញ្ញាស្តីពីសិទ្ធិពលរដ្ឋនិងនយោបាយដែលធានាថាមនុស្សគ្រប់រូបមានសិទ្ធិទទួលបានការកាត់ក្តីដោយយុត្តិធម៌»។
កាសែតភ្នំពេញប៉ុស្តិ៍បានដកស្រង់សម្តីលោក ហួន ម៉ានីប្រធានតុលាការខេត្តកោះកុងថាលោកអាឡិចដែលជាស្ថាបនិកចលនាមាតាធម្មជាតិបានរងការចោទប្រកាន់ពីបទសមគំនិតជាមួយនឹងសកម្មជនបីនាក់ដែលបានដឹកនាំការតវ៉ាហើយកំពុងជាប់ពន្ធនាគាររង់ចាំការកាត់ទោស។
សកម្មជនទាំងបីនាក់មានលោក ស៊ីម សំណាង លោកសាន់ ម៉ាឡា និងលោកទ្រី សុវិគានៃចលនាមាតាធម្មជាតិត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំ២០១៥ដោយសារបានដឹកនាំការតវ៉ាប្រឆាំងនឹងក្រុមហ៊ុនបូមខ្សាច់ក្នុងខេត្តកោះកុង។
អង្គការមាតាធម្មជាតិបានរិះគន់ថាការចោទប្រកាន់របស់អាជ្ញាធរនិងតុលាការគឺគ្រាន់តែ«ជាចេតនាមួយដើម្បីបំបាក់ស្មារតី» ក្រុមសកម្មជនការពារបរិស្ថានតែប៉ុណ្ណោះ។
លោកអាឡិចត្រូវបានអាជ្ញាធរកម្ពុជាបណ្តេញចេញពីប្រទេសកម្ពុជាកាលពីខែកុម្ភៈឆ្នាំ២០១៥ ដោយសារស្នាក់នៅហួសទិដ្ឋាការ៕