ប្រទេសអេស្ប៉ាញបានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ខ្លួននឹងមិនចូលរួមក្នុងសម្ព័ន្ធភាពដែលដឹកនាំដោយសហរដ្ឋអាមេរិកដើម្បីការពារការដឹកជញ្ជូនតាមសមុទ្រក្រហមពីការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូធី (Houthi) នៅក្នុងប្រទេសយេមែននោះទេ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ក្រុមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់បានធ្វើការវាយប្រហារជាច្រើនលើកច្រើនសារលើការដឹកជញ្ជូនតាមសមុទ្រក្រហមដោយពួកគេអះអាងថាដើម្បីគាំទ្រជនជាតិប៉ាឡេស្ទីនក្នុងអំឡុងសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សា។
កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានបញ្ជាក់ថា ប្រ ទេសចំនួន ២០ បានចូលរួមនៅក្នុងសម្ព័ន្ធភាពដែលដឹកនាំដោយសហរដ្ឋអាមេរិកដើម្បីការពារផ្លូវដឹកជញ្ជូនសំខាន់នៅសមុទ្រក្រហមនេះ។
រដ្ឋាភិបាលអេស្ប៉ាញមានទស្សនៈផ្ទុយពីនេះ ហើយកាលពីថ្ងៃអាទិត្យ អ្នកនាំពាក្យក្រសួងការពារជាតិអេស្ប៉ាញបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា អេស្ប៉ាញ «នឹងមិនចូលរួមនោះទេ»។
ទោះបីជាមិនបានផ្ដល់មូលហេតុណាមួយក៏ដោយ ក៏ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានផ្សាយកាលពីថ្ងៃអាទិត្យថាការសម្រេចមិនចូលរួមនេះគឺជំរុញឡើងដោយនយោបាយក្នុងប្រទេស។
នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez កំពុងបង្កើតសម្ព័ន្ធភាពមួយនិងត្រូវការការគាំទ្រពីគណបក្ស Sumar ដែលប្រកាន់ទស្សនៈឆ្វេងនិយមជ្រុលដែលប្រឆាំងនឹងគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។
ក្រុមហ៊ូធីបានស្វាគមន៍ជំហររបស់អេស្ប៉ាញ ដោយអនុរដ្ឋមន្ត្រីការបរទេសក្រុមនេះលោក Hussein al-Ezzi បាននិយាយថា៖ «យើងសូមសម្ដែងការកោតសរសើរយ៉ាងខ្លាំងចំពោះការបដិសេធរបស់អេស្ប៉ាញក្នុងការធ្វើយ៉ាងណាមិនឱ្យធ្លាក់ចូលទៅក្នុងការកុហករបស់សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសលើបញ្ហាធ្វើដំណើរតាមផ្លូវសមុទ្រនេះ»។
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកលោកឧត្តមសេនីយ៍ទោ Pat Ryder បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា កងកម្លាំងសម្ព័ន្ធភាពនេះនឹង «ដើរតួដូចជាកងល្បាតតាមផ្លូវល្បឿនលឿនដូច្នេះដែរ គឺល្បាតសមុទ្រក្រហមនិងឈូងសមុទ្រអាដេន (Gulf of Aden) ដើម្បីឆ្លើយតបនិងផ្ដល់ការជួយជ្រោមជ្រែងប្រសិនបើចាំបាច់ដល់កប៉ាល់ពាណិជ្ជកម្មនានាដែលធ្វើដំណើរឆ្លងកាត់ផ្លូវទឹកអន្តរជាតិដ៏សំខាន់មួយនេះ»៕