ក្រុមរុករកបានស្វែងរកសាកសពមនុស្សនៅក្នុងរថយន្ត និងនៅក្នុងអាគារដែលត្រូវជនលិចកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលមនុស្សបានព្យាយាមយកបានមកវិញនូវអ្វីដែលពួកគេអាចទទួលបានពីផ្ទះដែលត្រូវបានបំផ្លាញដោយទឹកជំនន់ដ៏សាហាវ នៅក្នុងប្រទេសអេស្ប៉ាញដែលបានផ្តាច់ជីវិតមនុស្សយ៉ាងតិចណាស់ ១៥៨នាក់។ ក្នុងនោះមនុស្សស្លាប់ ១៥៥នាក់ ត្រូវបានបញ្ជាក់នៅក្នុងតំបន់ Valencia តែមួយ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌ មាន AP។
សេចក្តីរន្ធត់កាន់តែច្រើនឡើងដែលបានលេចចេញពីកម្ទេចបាក់បែកនិងស្រទាប់ភក់ មានគ្រប់ទីកន្លែងដែលបានបន្សល់ទុកតាមជញ្ជាំងទប់ទឹក។ ហេតុការណ៍នេះត្រូវបានចាត់ទុកជាមហន្តរាយធម្មជាតិដ៏ប្រល័យមួយនៅក្នុងប្រទេសអេស្ប៉ាញ។
ការខូចខាតនេះបានធ្វើឱ្យនឹកឃើញឡើងវិញនូវគ្រោះរលកយក្សស៊ូណាមី ដោយអ្នកនៅរស់រានមានជីវិតបានស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនៅពេលដែលពួកគេកាត់ទុក្ខមនុស្សជាទីស្រឡាញ់របស់ខ្លួន។
រថយន្តបានគរលើគ្នាដូចជាដូមីណូដួលរលំ ដើមឈើបានដួលទាំងឫស បង្គោលភ្លើងអគ្គិសនីបានដួលរលំ ហើយវត្ថុប្រើប្រាស់នៅផ្ទះទាំងអស់បានស្ថិតនៅក្នុងភក់ដែលគ្របដណ្តប់លើផ្លូវថ្នល់ក្នុងសហគមន៍រាប់សិបនៅក្នុងតំបន់ Valencia ដែលជាតំបន់មួយនៅភាគខាងត្បូងទីក្រុង Barcelona នៅឆ្នេរសមុទ្រមីឌីទែរ៉ាណេ។
ចំនួនមនុស្សដែលគេមិនដឹងនៅកំពុងបាត់ខ្លួននៅឡើយ ហើយជនរងគ្រោះកាន់តែច្រើនឡើងអាចត្រូវគេរកឃើញ។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអេស្ប៉ាញលោក Óscar Puente បាននិយាយកាលពីព្រឹកថ្ងៃព្រហស្បតិ៍មុនពេលចំនួនមនុស្សស្លាប់បានឡើងពី ៩៥នាក់ កាលពីយប់ថ្ងៃពុធថា៖ «ជាអកុសល មានមនុស្សស្លាប់នៅក្នុងរថយន្ត»៕