អេស្ប៉ាញ​​តម្រូវ​ឲ្យ​អ្នក​មក​ពី​ក្រៅប្រទេស​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​​រយៈ​ពេល​២​សប្តាហ៍ ​​​

រូបឯកសារ៖ អ្នករត់តុម្នាក់លើកភេសជ្ជៈឆ្លងកាត់ផ្លូវមួយនៅក្រុង Seville ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។

ក្នុង​កិច្ចប្រឹងប្រែងដើម្បី​បង្ការ​ការឆ្លងវីរុស​កូរ៉ូណា​ថ្មី​ពី​បរទេស ខណៈ​ការ​រាតត្បាត​ក្នុង​ប្រទេស​ថយ​ចុះ ប្រទេស​អេស្ប៉ាញ​បាន​តម្រូវ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​មកពី​ក្រៅប្រទេស​ទាំង​អស់​ត្រូវដាក់​ឲ្យ​ស្ថិត​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​រយៈ​ពេលពី​រសប្តាហ៍។​

អេស្ប៉ាញ​ទើប​រើប​ខ្លួន​ពី​វិធានការ​រឹតត្បិត​សកម្មភាព​សង្គម​ដ៏​តឹងតែង​រយៈ​ពេល​៧​សប្តាហ៍ បន្ទាប់​ពី​ប្រទេស​នេះ​បាន​ក្លាយ​ជា​កន្លែងមាន​ករណី​ផ្ទុះ​រាតត្បាត​នៃ​ជំងឺ​ឆ្លង​កូវីដ១៩​ដ៏​ធ្ងន់​ធ្ងរបំផុត​មួយក្នុង​ពិភពលោក។​

បទ​បញ្ជា​មួយ​របស់​ក្រសួង​សុខាភិបាល​អេស្ប៉ាញ​ដែល​ត្រូវ​បាន​ផ្សាយ​ក្នុង​ថ្ងៃ​អង្គារ​នេះ ហើយ​ដែល​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​សុក្រ​នឹង​អនុវត្ត​ចំពោះ​ទាំង​ពលរដ្ឋ​អេស្ប៉ាញ​និង​ជន​បរទេស។ ក្នុង​រយៈ​ពេល​១៤​ថ្ងៃ​នោះ ពួក​គេ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅ​ តែ​ដើម្បី​ទៅ​ទិញអាហារ​និង​ទៅ​ពេទ្យ​ប៉ុណ្ណោះ។

អាជ្ញាធរ​ចិន​បាន​ប្រើ​វិធានការ​រឹតត្បិត​អ្នក​មក​ពី​បរទេសដូច្នេះ​ដែរ ខណៈ​ដែល​ករណី​ឆ្លង​ក្នុង​ប្រទេស​ចិន​បាន​ធ្លាក​ចុះ​យ៉ាង​ខ្លាំង​ ហើយ​ដែល​បាន​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​នៅ​ទី​នោះ​បន្ធូរបន្ថយ​វិធានការ​ដាក់​កំហិត​ខ្លះ។

រដ្ឋាភិបាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​ថ្លឹងថ្លែង​យុទ្ធសាស្ត្រ​វិធានការ​របស់​ពួក​គេ ថា​តើ​ដល់​ពេល​ត្រូវ​ដាក់​កំហិតជា​ថ្មី​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​កូវីដ១៩ ឬ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​អាច​ចូលរួម​សកម្មភាព​សង្គម​ខ្លះ​វិញ​បាន។

​ជា​ឧទាហរណ៍ អាជ្ញាធរ​ប្រទេស​សិង្ហបុរី និង​ឥណ្ឌា បាន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ចេញ​ទៅ​ហាង​កាត់សក់​និង​បើក​ដំណើរការ​សេវា​រថភ្លើង​ឡើង​វិញ​ដោយ​ប្រុង​ប្រយ័ត្ន។ ក៏ប៉ុន្តែនៅ​កូរ៉េខាង​ត្បូង អាជ្ញាធរ​កំពុង​បារម្ភ​អំពី​ការ​ផ្ទុះរាលដាល​ថ្មី​ក្រោយ​ពី​ការ​បន្ធូរបន្ថយ​នេះ ដែល​បាននាំ​ឲ្យ​មាន​ការ​ឆ្លង​នៅ​ក្លឹប​កម្សាន្ត​មួយ​ក្នុង​ទី​ក្រុង​សេអ៊ូល ហើយ​ដែល​មក​ដល់​ពេល​នេះ​មាន​អ្នក​ឆ្លង​១០០​នាក់​ហើយ។ នៅក្នុង​ថ្ងៃ​អង្គារ​នេះ​អាជ្ញាធរស្រវាស្រទេញ​ប្រើ​ទិន្នន័យ​ទូរស័ព្ទ​និង​ប័ណ្ណ​ឥណទានរបស់​មនុស្សជាង​២.០០០​នាក់ ​ដើម្បីស្វែង​រកឲ្យ​ពួក​គេ​ទៅ​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា។

ការ​ធ្វើ​តេស្ត​ក៏​ជា​ការ​ផ្តោត​ខ្លាំង​នៅ​សហរដ្ឋ​អាមេរិក​ដែរ ដោយ​រដ្ឋបាល​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ និយាយ​ថា​មក​ទល់​ពេល​នេះ​មាន​ពលរដ្ឋ​អាមេរិក​៩​លាន​នាក់​ត្រូវ​បាន​ធ្វើ​តេស្ត​ ហើយ​ការ​ធ្វើ​តេស្ត​ដោយ​ប្រើ​ antigen ថ្មី​មួយ​នឹង​ជួយ​ឲ្យគេ​អាចធ្វើ​តេស្ត​បាន​កាន់​តែ​លឿន។

អង្គការ​សុខភាព​ពិភពលោក​បាន​អំពាវនាវ​ឲ្យ​ប្រទេស​នានា​គ្រប់គ្រងការ​ឆ្លង​ជំងឺ​កូវីដ​១៩​ឲ្យ​បាន​សិន​មុន​នឹង​បន្ធូរបន្ថយ​វិធានការ​រឹតត្បិត​សកម្មភាព​សង្គមនានា​។

នៅទូទាំង​ពិភពលោក គិតមក​ត្រឹម​ថ្ងៃ​អង្គារនេះ មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ប្រមាណ​៤លាន​២​សែន​នាក់ ហើយ​អ្នក​ស្លាប់​សរុប​ពី​ជំងឺ​កូវីដ១៩​ចំនួន​ជាង​២៨៦.០០០នាក់៕