អេស្ប៉ាញ​ចាប់​ខ្លួន​យោធា​ដែល​សង្ស័យ​ថា​គាំទ្រ​រដ្ឋ​អ៊ីស្លាម​ចំនួន​៨នាក់

Maria ម្តាយ​របស់​ Ismael ដែល​មាន​អាយុ​១៨ឆ្នាំ​ និង​ត្រូវ​បាន​គេ​ចាប់​ខ្លួន​នៅ​ ក្រុង Piera ដោយ​សង្ស័យ​ថា​មាន​ការ​ជាប់​ទាក់ទង​ដល់​សកម្មភាព​របស់​ក្រុម​យោធា​ដែល​គាំទ្រ​រដ្ឋ​អ៊ីស្លាម​ យំ​នៅ​ផ្ទះ​របស់​គាត់​ក្នុង​ក្រុង Piera ​កាលពី​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥។

កាល​ពី​ថ្ងៃ​សុក្រ​ក្រសួង​មហាផ្ទៃ​នៃ​ប្រទេស ​អេស្ប៉ាញ​បាន​ប្រកាស​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​អាជ្ញាធរ​ប្រទេស​អេស្ប៉ាញ​បាន​ចាប់​ខ្លួន​ជន​៨​នាក់​ជាប់​សង្ស័យ​ថា​ជា​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​អ៊ីស្លាម​និយម​មាន​ចំណង​ទាក់ទង​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម។​

បុរស​៦នាក់​និង​ស្ត្រី​២នាក់​បាន​ត្រូវ​ចោទ​ប្រកាន់​ថា​ជា​សមាជិក​នៃ​បណ្តាញ​មួយ​ដែល​គ្រោង​ធ្វើ​ការ​វាយ​ប្រហារ​ភេរវកម្មនៅ​ក្នុង​ប្រទេស​អេស្ប៉ាញ​និង​ជ្រើសរើស​ក្រុម​យុទ្ធជនដើម្បី​បញ្ជូន​ទៅ​កាន់​ប្រទេស​ស៊ីរី​ និង​ប្រទេស​អ៊ីរ៉ាក់។

សេចក្តី​ថ្លែងការ​ណ៍​របស់​ក្រសួង​មហាផ្ទៃ​នេះ​បាន​និយាយ​ថា​ការ​ចាប់​ខ្លួន​ក្រុម​ជន​ទាំង​នេះ​បាន​ត្រូវ​ធ្វើ​នៅ​ក្នុង​ខេត្ត Barcelona និង​ខេត្ត​ Girona ក្នុង​ប៉ែក​ឦសាន​ប្រទេស​និង​នៅ​ក្នុង​ខេត្ត Avila និង​ខេត្ត Ciudad Real ក្នុង​ផ្នែក​កណ្តាល​ប្រទេស។

ជន​ទាំង​៨នាក់​នេះ​ដែល​បាន​ត្រូវ​ជាប់​ឃុំឃាំង​ជា​ពលរដ្ឋ​អេស្ប៉ាញ។​ ជន​៥​នាក់​ក្នុង​បណ្តា​ជន​ទាំង​នេះ​មាន​ដើមកំណើត​ Morocco។​

សេចក្តី​ថ្លែងការណ៍​នេះ​បាន​និយាយ​ថា «ជន​ទាំង​នេះ​បង្ហាញ​ពីការ​គំរាម​កំហែង​ដ៏​ធ្ងន់ធ្ងរ ​ច្បាស់​លាស់​និង​មាន​បន្ត​ទៀត​ដែល​អាច​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ»។ ក្រសួង​មហាផ្ទៃ​អេស្ប៉ាញ​និយាយ​ថា​ជន​ទាំង​៨​នាក់​នេះបម្រើការ​ក្នុង​សាខា​ឃោសនា​មួយ​របស់​ក្រុម​រដ្ឋអ៊ីស្លាម​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ៕