ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អេស្ប៉ាញ​បង្កើន​កិច្ចការ​ការពារ​សន្ដិសុខ​​ក្រោយ​មរណភាព​ ប៊ិន​ ឡាដិន​


នាយករដ្ឋមន្រ្តី​អេស្ប៉ាញ​ លោក​ ចូស​ ល្វីស​ រ៉ដ់រិជហ្គេស ​ហ្សាប៉ាតេរ៉ូ​ (Jose Luis Rodriguez Zapatero)​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​អំពី​សន្តិសុខ​ក្រោយពី​ការសម្លាប់​អូសាម៉ា ប៊ិនឡាដិន​ (Osama Bin Laden) នៅវិមានមុនក្លូអា (Moncloa) ក្នុង​ទីក្រុង​ម៉ាឌ្រិដ​ (Ma

នៅ​ឆ្នាំ ​២០០៤ អេស្ប៉ាញ​បាន​រង​គ្រោះ​ធ្ងន់ធ្ងរ​ពី​ភេរវកម្ម ដែល​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ភេរវកម្ម​អ៊ិស្លាម នៅ​ពេល​ដែល​គ្រាប់​បែក​ត្រូវ​បាន​បំផ្ទុះ​ដោយ​ក្រុម​អាល់ កៃដា បាន​សម្លាប់​មនុស្ស​១៩១​នាក់​នៅ​ស្ថានីយ​រថភ្លើង​នៃ​រដ្ឋធានី​ម៉ាឌ្រីដ។ ក្រោយពី​មរណភាព​របស់​អូសាម៉ា ប៊ីន ឡាដិន ដែលជា​មេដឹកនាំ​ក្រុមភេរវកម្ម​អាល់ កៃដា​ អាជ្ងាធរ​អេស្ប៉ាញ​បាន​ពង្រឹង​កិច្ចការ​ការពារ​សន្ដិសុខ ​ហើយ​ក៏​បាន​រំលឹក​វិញាណក្ខន្ធជន​ដែល​ស្លាប់​ទៅ។

ក្រោយពី​ថ្ងៃ​ទី​ ១១ ខែ​កញ្ញា ឆ្នាំ​២០០១ ​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​តែ​មួយ​គត់​ដែល​ជាប់ពាក់ព័ន្ធនឹង​ក្រុម​អាល់ កៃដា លើ​បស្ចឹម​ប្រទេស​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ស្ថានីយ​រថភ្លើង​អាតូចា (Atocha)​ នេះ។ នៅ​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០០៤ មនុស្ស​១៩១នាក់ បាន​ស្លាប់​ហើយ​ជាង១.៨០០​នាក់​ទៀត​រង​របួស ដោយសារ​គ្រាប់បែក​បង្កប់​នៅ​ក្នុង​រថភ្លើង​ដឹក​អ្នក​ដំណើរ​បួន​គ្រឿង។

ដ្យេស៊ុស (Jesus) និង ហ្ក្លរា សេរ៉ន (Gloria Seron) បាន​បាត់​បង់សាច់​ញាតិ​ជិតម្នាក់​គឺ ​លោក ហ្វេដឺរីខូ ស៊ីរ្រី សឺរ៉ន (Frederico Sierra Seron) អាយុ៣៧ ឆ្នាំ។ លោក​គឺ​ជា​មន្ដ្រី​យោធា​ដែល​បាន​ស្លាប់​ដោយ​បន្សល់​ទុក ភរិយា​ និង​កូន​ប្រុស​អាយុ៣ឆ្នាំ។

ដ្យេស៊ុស សេរ៉ន (Jesus seron) ថ្លែង​ថា ដោយ​គិត​អំពី​អ្វី​ដែល​គ្រួសារ​របស់​គាត់​បាន​ឆ្លង​កាត់ មរណភាព​របស់​ប៊ីន ឡាដិន ជា​ដំណឹង​ល្អ​បំផុត។ តែ​ភរិយា​របស់​គាត់​និយាយ​ថា គាត់​មិន​ទាន់​ជឿ​ច្បាស់​ទេ។ ហ្ក្លរា សេរ៉ន ថ្លែង​ថាមរណភាព​របស់​ប៊ិន ឡាដិន មិន​មែន​ជា​រឿង​ជោគជ័យ ហើយ​ក៏មិន​មែន​ជា​រឿង​បរាជ័យ​ដែរ។​ គាត់​និយាយ​ថា គាត់​ឲ្យ​តម្លៃទៅ​លើ​ការ​ដែល​មេ​ដឹកនាំអាល់ កៃដា ត្រូវ​បាន​សម្លាប់ តែ​គាត់​ញាក់​ស្មា​នៅពេលដែល​ត្រូវ​បាន​សួរ​ថា តើអេស្ប៉ាញ និង​ពិភពលោក​នឹង​មាន​សុវត្ថិភាព​ប្រសើរ​ជាង​មុនដោយ​គ្មាន ប៊ិន ឡាដិនឬ គាត់​ឆ្លើយ​តប​ដោយ​បានដក​ស្រង់​សុភាសិត​មួយ​ថា «អ្នក​ណា​លេង​ដាវ​ស្លាប់​នឹង​ដាវ»។

ការ​ផ្ទុះ​គ្រាប់​បែក​ឆ្នាំ​២០០៤ នៅ​ស្ថានីយ​រថភ្លើង​អាតូចា ដែល​កើត​ឡើង​បី​ថ្ងៃ​មុន​ការ​បោះឆ្នោត​ជាតិ​អេស្ប៉ាញ​ បានធ្វើឲ្យ​ប៉ះពាល់​នយោបាយ​អេស្ប៉ាញ​យ៉ាងខ្លាំង។ ដំបូង រដ្ឋាភិបាល​ស្ដាំ​និយម​កណ្ដាល​បាន​ស្ដី​បន្ទោស​ដល់​ក្រុម​និយម​បំបែករដ្ឋ​ ហៅETA ចំពោះការ​វាយ​ប្រហារ​នោះ​ ហើយ​គេ​គិត​ថា ក្រុម​នេះ​បាន​ចាញ់​ឆ្នោត​ដោយសារតែ​បាន​ធ្វើ​កំហុស​ដូច្នោះ។ ​ប៉ុន្តែ​ក្រុម​អ្នក​ស៊ើប​អង្កេត​បាន​លាត​ត្រដាង​ភ្លាមៗ​ឲ្យដឹងថា ក្រុមជីវពលអ៊ីស្លាម ដែល​ត្រូវ​បានលើកទឹក​ចិត្ដ​ដោយ​ក្រុម​អាល់ កៃដា​ បានបង្កប់​គ្រាប់​បែក ដោយសារតែ​អេស្ប៉ាញ​បាន​បញ្ជូន​ទាហានទៅ​ច្បាំងនៅអ៊ីរ៉ាក។ ប្រហែល​ពីរ​ខែ​ក្រោយ​មក​រដ្ឋាភិបាល​សង្គម​និយម​ថ្មី​បាន​ដក​ទ័ព​របស់​ខ្លួន​ចេញ​ពី​អ៊ីរ៉ាក់។

ជន​សង្ស័យ​ជាង២០​នាក់ ដែល​មាន​ដើម​កំណើត​ម៉ារ៉ុក អាល់ហ្ស៊េរី និងស៊ីរី បាន​ត្រូវ​ចោទ​ប្រកាន់​ពី​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ស្ថានីយ​រថភ្លើង​អាតូចា។ ជន​ល្មើស​ពីរ​នាក់​ត្រូវ​ជាប់​គុក​អស់​មួយ​ជីវិត។

ពេលនៅ​មាន​ជីវិត ប៊ិន ឡាដិន បាន​លើក​ទឹក​ចិត្ដ​ភេរវជន ដូចជា​ភេរវជន​ដែល​បាន​សម្លាប់មនុស្ស​១៩១​នាក់ នៅ​ទីក្រុង​ម៉ាឌ្រីដ​នេះ ។ តែ ហ្ក្លរា សេរ៉ន និយាយ​ថា គាត់​មាន​ការ​ភិតភ័យ​ថា ទោះបី​ជា​ស្លាប់​ក៏​ដោយ ក៏​ប៊ីន ឡាដិន នៅ​តែ​ធ្វើ​សកម្មភាព​ដូច​គាត់​នៅ​រស់​ដែរ។

អ្នកស្រី សេរ៉ន និយាយ​ថា គាត់​មានការ​ព្រួយ​បារម្ភ​ថា ប៊ិន ឡាដិន នឹង​ក្លាយ​ជា​វីរបុរស​របស់​ជន​សកម្ម​ប្រយុទ្ធ​ដទៃ ​ហើយ​មរណភាព​របស់​គាត់ អាច​ជំរុញឲ្យ​មាន​អំពើឃោរឃៅ​ច្រើន​ឡើង​ថែម​ទៀត ដែល​ត្រូវ​បាន​ប្រព្រិត្ដ​ដោយ​អ្នក​ព្យាយាម​ការពារឈ្មោះ​គាត់។

លោករដ្ឋ​មន្ដ្រី​ក្រសួង​មហាផ្ទៃ​អេស្ប៉ាញ អាលហ្វ្រិដូ ប៉េរ៉េហ្ស៍ រូបាលខាហ៍បា (Alfredo Perez Rubalcahba) មាន​អារម្មណ៍​ដូច​អ្នកស្រី ហ្ក្លរា ដែរ ​នៅ​ពេល​លោក​ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ទីក្រុងម៉ាឌ្រីដ។ លោក​ថ្លែង​ថា លោកធូរ​ចិត្ដ​ដោយ​ដឹងអំពីមរណភាព​របស់ប៊ិន ឡាដិន តែ​វា​មិនមែន​ពេល​ដែលអាជ្ងាធរ​អេស្ប៉ាញ​បន្ថយ​ការ​យាមកាមនោះ​ទេ។

លោក រូបាលខាហ៍បា ថ្លែងថា​ វា​ច្បាស់​ណាស់​ថា មរណភាព​របស់​ប៊ិន ឡាដិន គឺជា​ការ​ខាត​បង់​ច្រើន​សន្ធឹក​របស់​ក្រុម​អាល់ កៃដា។ តែ​លោក​ថ្លែង​ថា យើងមិន​អាច​បដិសេធ​ថាមិន​មាន​ការ​សងសឹក​នោះ​ទេ។ ហើយ​លោក​កត់​សម្គាល់​ថា​អេស្ប៉ាញ​ស្ថិត​នៅ​ក្នុង​រង្វង់​នៃ​ការ​វាយ​ប្រហារ​របស់​ក្រុម​អាល់ កៃដា ដែល​មាន​សាខានៅ​ទ្វីបអាហ្វ្រ៊ិក​ភាគខាងជើង​ ដែល​បាន​ត្រូវ​ស៊ើប​អង្កេត​ពី​បទដាក់គ្រាប់​បែក​បំផ្ទុះ​នៅ​ក្នុង​ហាង​កាហ្វេមួយ​នៅ​ម៉ារ៉ុក កាល​ពី​ពេល​ថ្មីៗ​នេះ៕

XS
SM
MD
LG